ជាតិ
កម្ពុជា-ថៃ នឹងរួមគ្នាដោះមីន តាមព្រំដែន
22, Nov 2022 , 10:39 am        
រូបភាព
រដ្ឋាភិបាលកម្ពុជា-ថៃ នឹងរួមគ្នាដោះមីន តាមព្រំដែនប្រទេសទាំងពីរ។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី២២ វិច្ឆិកា។



«ខ្ញុំ ជាមួយឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានឯកភាពគ្នា ដោះមីននៅកន្លែងណា ដែលមានមីន ដោយមិនគិតពីបញ្ហាព្រំដែនទេ»។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន សែន ដោយបានបញ្ជាឱ្យសម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ និងលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ទៅប្រជុំជាមួយភាគីថៃ។
 
បើតាមសម្ដេច ហ៊ុន សែន មីននៅតាមព្រំដែនកម្ពុជា-ថៃ មានផ្ទៃដីប្រវែងជាង៤០គីឡូម៉ែត្រការ៉េទៀត។ សម្ដេច ទទួលបានរបាយការណ៍នេះ ពីលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូចា នាជំនួបទ្វេភាគី ក្រោយកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗនេះ។
 
«យើងអត់ចាំបាច់កំណត់ថា ត្រូវតែកំណត់ព្រំដែនសិន ចាំដោះមីនទេ ដោះមីនឱ្យហើយទៅ អារឿងព្រំដែនទុកក្រោយ។ បើកច្រក(ព្រំដែន) ក៏ដូចគ្នាដែរ មិនចាំបាច់ថា ទាល់តែកំណត់ព្រំដែនហើយ បានបើកច្រកទេ បើកសិនទៅ ព្រោះបើកច្រកហ្នឹង វាអត់ទាក់ទិននឹងការកំណត់ព្រំដែននៅកន្លែងណាទេ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា បញ្ហាមីននៅតាមព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ លែងជាកង្វល់ហើយ ក្រោយមន្ត្រីជំនាញបោសសម្អាតដោយជោគជ័យ។
 
សម្ដេច ហ៊ុន សែន ជំរុញឱ្យភាគីទាំងពីរពិភាក្សាគ្នា ហើយជួយដោះមីនគ្នាទៅវិញទៅមក ដោយមិនចាំបាច់គិតថា គ្រាប់មីននៅក្នុងទឹកដីកម្ពុជា ឬថៃ នោះទេ ពោលគឺភាគីទាំងពីរត្រូវរួមគ្នា បោសសម្អាតមីនតាមព្រំដែនឱ្យអស់ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋតាមព្រំដែន។
 
ក្រៅពីនេះ អភិបាលខេត្តតាមព្រំដែនកម្ពុជា-ថៃ , កងទ័ព, អគ្គបញ្ជាការកងទ័ព, អគ្គស្នងការនគរបាលជាតិ ,ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក៏ត្រូវយកចិត្តទុកដាក់លើចំណុចនេះដែរ។ សម្ដេច ជូនដំណឹងបែបនេះ។
    
 

Tag:
 ព្រំដែន
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com