ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ម៉ាតខ្មែរ «ខេមរាម៉ាត» ផ្គត់ផ្គង់ទំនិញខ្មែរ ៨៥ភាគរយ នៅភ្នំពេញ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ
28, Nov 2022 , 8:00 am        
រូបភាព
លោក អ៊ឹម ថា ស្ថាបនិកខេមរាម៉ាត
លោក អ៊ឹម ថា ស្ថាបនិកខេមរាម៉ាត
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ស្ថាបនិក «ខេមរាម៉ាត» ផ្គត់ផ្គង់ទំនិញខ្មែរ ៨៥ភាគរយ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ។ ជាពិសេសលើកទឹកចិត្តដល់អ្នកផលិតចំណីអាហារក្នុងស្រុក ឱ្យស្របតាមស្តង់ដារ និងគុណភាពល្អ។ នេះបើតាម លោក អ៊ឹម ថា ស្ថាបនិកខេមរាម៉ាត។
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ លោក អ៊ឹម ថា ស្ថាបនិកយីហោខេមរាម៉ាត ដូចតទៅ៖ 

*
 

កញ្ញា សុង សុធាវី៖ មុននឹងបើកដំណើរការម៉ាតខ្មែរមួយនេះ លោកក៏មានអាជីវកម្មពីរទៀតក្នុងដៃដែរ តើមានការគ្រប់គ្រងពេលវេលាដូចម្តេច?
លោក អ៊ឹម ថា៖ បច្ចុប្បន្ននេះ យើងព្យាយាមរៀបជាស្តង់ដារនៅក្នុងក្រុមហ៊ុននីមួយៗ ទៅតាមលំដាប់ថ្នាក់ តួនាទីរបស់អ្នកដឹកនាំ។ យើងរកអ្នកជំនាញ បើអ្នកណាជំនាញកាន់ខាងម៉ាត យើងអញ្ជើញគាត់ឱ្យមកសហការជាមួយយើង តែត្រូវមានចិត្តស្រលាញ់កិច្ចការងារនេះផងដែរ។ អ៊ីចឹង យើងមិនលំបាកទៅដឹកនាំ ឬ ពិនិត្យការងារពីលើច្រើនទៀតទេ ព្រោះគាត់មកជួយសម្រួលការងារយើង ដោយគ្រាន់តែយើងជួយដោះស្រាយផ្នែកបច្ចេកទេស ឬ ផ្តល់ការសម្រេចចិត្តធំៗតែប៉ុណ្ណោះ។ បើសិនជាអ្នកមានជំនាញហើយ តែគាត់មិនស្រឡាញ់ការងារនេះ យើងក៏មិនអាចសហគ្នាបានដែរ។


លោក អ៊ឹម ថា ស្ថាបនិកខេមរាម៉ាត ក្នុងបទសម្ភាសជាមួយ សារព័ត៌មានថ្មីៗ

កញ្ញា សុង សុធាវី៖
ជំហានលោកលឿនដែរ ហើយក៏ធ្លាប់ធ្វើជាកម្មករសំណង់នៅស្រុកថៃពីមុនទៀត ទម្រាំមកដល់ចំនុចនេះ តើលោកចាប់ផ្តើមពីចំណុចណា?
លោក អ៊ឹម ថា៖ មកដល់ចំណុចនេះ ខ្ញុំក៏ចង់មានសារផ្តាំផ្ញើទៅកាន់ពលករដែលធ្វើការនៅក្រៅប្រទេសដែរ ថា យើងទៅត្រូវមានគោលដៅមួយច្បាស់លាស់ ព្រោះអ្នកខ្លះទៅដើម្បីចង់បានជីវភាពប្រសើរជាងមុន។ អ្នកមានគំនិតចង់មានបាន អ្នកមានគំនិតរកស៊ីណាមួយ ដែលអាចជួយសង្គមខ្លួនឯងបាន តាមរយៈការមើលពីរបៀបរកស៊ីរបស់ប្រទេសជិតខាងយើងបាន។ ជៀសវាងអ្នកដែលទៅគ្មានគោលដៅ ហើយនាំលំបាកដល់អ្នកផ្ទះជំពាក់បំណុលគេដោយសារខ្លូនទៀត។  ចំពោះខ្ញុំ រៀនបណ្តើរ ឆ្លៀតធ្វើការ ដើម្បីរកចំណូល និងសន្សំបទពិសោធន៍ផងដែរ។ ដើមហេតុ ជុំរុញឱ្យខ្ញុំបើកម៉ាតនេះ ព្រោះឃើញ សេវេន អ៊ីលីវេន របស់ប្រទេសថៃ ដែលគេបានចូលរួមជួយជីវភាពប្រជាជនគេបានច្រើន តាមរយៈការលើកកម្ពស់ផលិតផលក្នុងស្រុក សឹងតែមួយគីឡូម៉ែត្រមួយ តែខេមរាម៉ាតយើងទើបបើកបានមួយសាខាទេ សូមជម្រាបដែរបាទ។ យើងព្យាយាមជំរុញផលិតផលខ្មែរពីតាមតំបន់មួយចំនួន ជាផលិតផលក្នុងស្រុកឱ្យបាន ៨៥% តាមដែលអាចធ្វើទៅបាន។
 
កញ្ញា សុង សុធាវី៖ យើងមានឆន្ទៈហើយ យើងមានសមត្ថភាព តែបើខ្វះលទ្ធភាព តើធ្វើវាឱ្យចេញជាលទ្ធផលដូចម្តេច ឬ មកពីលោកជាកូនអ្នកមានស្រាប់ ឬ យ៉ាងណាដែរ?
លោក អ៊ឹម ថា៖ អ្នកមួយចំនួនប្រហែលបានស្គាល់ពីប្រវត្តិខ្ញុំហើយ ដែលជាកូនកសិករ មកពីខេត្តព្រៃវែង ហើយចប់បរិញ្ញាបត្រវិស្វករផ្នែកវិស្វករនៅ ITC ទៅរៀនតអនុបណ្ឌិតនៅប្រទេសថៃ ហើយឆ្លៀតធ្វើការងារពេញម៉ោងជាកម្មករសំណង់នៅប្រទេសនោះទេ ព្រោះប្រាក់ខែបានច្រើនជាងការងាររបស់និស្សិត ដែលជាឱកាសឱ្យខ្ញុំបានសិក្សាពីអ្វីដែលខ្ញុំចាប់អារម្មណ៍នៅទីនោះ និងសន្សំលុយបានល្មម ទើបសម្រេចចិត្តមកបើកម៉ាតនៅខ្មែរតែម្តង។ 
 
កញ្ញា សុង សុធាវី៖ ចំពោះការងារនៅក្នុងម៉ាតទាំងមូល តើលោកធ្វើការពាក់ព័ន្ធ ជាមួយភាគីណាខ្លះ?
លោក អ៊ឹម ថា៖ ខ្ញុំធ្វើការផ្តោតខ្លាំង ទាក់ទងនឹងរឿងស្តុក និងខាងផ្នែកលក់ទំនិញ ព្រោះទាក់ទងនឹងផែនការពង្រីកសាខា យើងត្រូវជជែកជាមួយថ្នាក់ដឹកនាំផ្សេង។ ខ្ញុំជាអ្នកធ្វើការជាមួយអ្នកជំនាញលើផ្នែកទាំងពីរនេះ។
 
កញ្ញា សុង សុធាវី៖ ការដែលបើកម៉ាតខ្មែរ​ ទន្ទឹមគ្នានឹងម៉ាតដែលមានផលិតផលបរទេសរាប់រយនៅទីក្រុងភ្នំពេញនេះ តើវាជួបផលលំបាក និង ងាយស្រួលដូចម្តេចលោក?
លោក អ៊ឹម ថា៖ ជាការពិត ផលលំបាកជាមួយរបរថ្មីវាតែងតែមាន មិនថាទំនិញ អាជីវកម្មបែបណា ឬ សេវាកម្មផ្សេងៗទេ។ យើងមកថ្មី អ៊ីចឹងបែបបទមួយចំនួន យើងត្រូវសិក្សាជាមួយឱ្យមែនទែន។ ផែនការដែលយើងគូសវាស វាអាច ហាសិបៗ ឬ សាមសិប ចិតសិបក៏អាចថាបាន ព្រោះអតិថិជន និងទីផ្សារបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង! តែក្នុងនាមយើងជាថ្នាក់ដឹកនាំ យើងមានជំនាញខ្លះដែរ ក្នុងការសង្កេតពិនិត្យ តាមដាន ។ល។ 
 
កញ្ញា សុង សុធាវី៖ ម៉ាតខេមរា តើផលិតផលខ្មែរ ងាយស្រួលក្នុងការលក់ទេ ហើយមានការពង្រឹងគុណភាពស្តង់ដា ដូចម្តេច? 
លោក អ៊ឹម ថា៖ ក្នុងតំបន់១ ទីផ្សារ១ ថ្វីដ្បិតតែយើងជំរុញផលិតផលខ្មែរច្រើនជាង តែពេលយើងមើលរបាយការទើបដឹងលទ្ធផលវាមានកំរិត។ ដូចនេះ ទំនិញណាមានតម្រូវការច្រើន យើងក៏យកទំនិញនោះមកច្រើនជាងបន្តិច ដើម្បីគាំទ្រម៉ាតរបស់យើងថែមទៀត។ រីឯទំនិញណាមិនសូវមានតម្រូវការ យើងក៏ព្យាយាមផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យវាដើរទៅមុខទន្ទឹមគ្នា។ 
 
កញ្ញា សុង សុធាវី៖ ជាអ្នកសម្របសម្រួលការងារនេះ រវាងអតិថិជន និង អ្នកផ្គត់ផ្គង់ពីតាមតំបន់ផ្សេងៗ លោកធ្វើដូចម្តេច?
លោក អ៊ឹម ថា៖ មុនបើកម៉ាតនេះ ខ្ញុំបានផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយកសិករ ។ យើងស្វែងរកផលិតផលថ្មីៗ ល្អ នេះទី១។ ទី២ ដោយសារខ្ញុំជាសមាជិកសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា​ ដូចនេះមិនពិបាកស្វែងរកផលិតផលខ្មែរដែលមានគុណភាពល្អ បានចុះបញ្ជីរួចរាល់ហើយនោះទេ ដែលមានរហូតទៅដល់ ៨០សហគ្រាសឯណោះ។
 
កញ្ញា សុង សុធាវី៖ ទៅថ្ងៃមុខ លោកនៅតែបន្តគាំទ្រទិញផលិតផលខ្មែរភាគច្រើនទៀត ឬ មានយុទ្ធសាស្រ្តបែបណា?
លោក អ៊ឹម ថា៖ យើងមើលថា តើសន្ទុះអតិថិជន ប្រើផលិតផលខ្មែរប៉ុន្មានភាគរយ? បើសិនទំនោរគាំទ្រផលិតផលណាច្រើន យើងត្រូវតែបត់បែនតាមហ្នឹង ព្រោះដើម្បីឱ្យអាជីវកម្មយើងអាចរីកលូតលាស់បាន៕
 

Tag:
 (វិស័យចំណីអាហារ
  ជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com