ជាតិ
ជំនឿអ្នកព្រៃភ្នំ៖ ហាមយកមុងទៅបោកគក់ក្នុងស្ទឹងឆាយរាប
28, Nov 2022 , 8:59 am        
រូបភាព
កូនក្រពើត្រី ឬក្រពើភ្នំ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង របស់អង្គការ WCS។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
កូនក្រពើត្រី ឬក្រពើភ្នំ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង របស់អង្គការ WCS។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
ដោយ៖ ឈុត ទូច

កោះកុង៖ ប្រជាជនរស់នៅក្នុងភូមិ ពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលស្ថិតនៅតាមបណ្តោយស្ទឹងឆាយរាប មានជំនឿយ៉ាងមុតមាំចំពោះតំណម «ហាមយកមុងទៅបោកគក់ក្នុងស្ទឹងឆាយរាប»។ ជំនឿនេះ បានកើតឡើងក្នុងអំឡុងទសវត្សរ៍ ៨០ ខណៈពេលដែលប្រទេសកម្ពុជា ស្ថិតនៅក្នុងសង្គ្រាមស៊ីវិល មានកងទ័ពបរទេស ចូលមកក្នុងប្រទេស បានទៅបោះជំរុំឈរជើងនៅក្នុងភូមិនេះ។ ពួកគេបានយកមុងទៅបោកគក់ក្នុងស្ទឹងឆាយរាប ហើយត្រូវបានក្រពើខាំស្លាប់ទៅ។ ចាប់តាំងពីពេលនោះមក ប្រជាជនក្នុងភូមិខ្លាចរអា និងបានក្លាយទៅជាជំនឿ មិនហ៊ានយកមុងទៅបោកគក់ក្នុងស្ទឹងឆាយរាប រហូតមកដល់បច្ចុប្បន្ននេះ។



លោក យ៉ែម ធឿន អាយុ ៤៨ ឆ្នាំ ដែលលោកបានមករស់នៅក្នុងភូមិនេះ អស់រយៈពេលជាង ២០ឆ្នាំ ហើយ បានឱ្យដឹងថា លោកបានឮការនិទានរឿង អំពីការយកមុងទៅបោកគក់ក្នុងស្ទឹងឆាយរាប ហើយត្រូវបានក្រពើត្រីខាំស្លាប់នេះ ពីចាស់ទុំនៅក្នុងភូមិ។ 
 

 ទិដ្ឋភាពស្ទឹងឆាយរាប សិ្ថតនៅក្នុងភូមិ ពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
 
លោក យ៉ែម ធឿន បានទិនានរឿងនេះ ឡើងវិញថា៖ «កាលពីអំឡុងទស្សវត្យរ៍៨០ មានទាហានបរទេសម្នាក់ ដែលបានចូលមកបោះជំរុំក្នុងតំបន់នេះ។ ថ្ងៃមួយពួកគេបានយកមុងទៅបោកគក់ក្នុងស្ទឹងឆាយរាប។ ពេលយកទៅបោកគក់លើកទីមួយ មិនមានបញ្ហាអ្វីកើតឡើងទេ។ ប៉ុន្តែ រយៈពេលពីរបីខែក្រោយមក បុរសដដែលនោះ បានយកមុងទៅបោកគក់ក្នុងទឹកស្ទឹងឆាយរាបម្តងទៀត។ ខណៈនោះ ក្រពើត្រី ឬក្រពើភ្នំ ចេញមកខាំបុរសនោះស្លាប់ទៅ»។ នេះរំឭករឿងនោះឡើងវិញរបស់លោក យ៉ែម ធឿន ។
 
តំណមនៃការមិនយកមុងទៅបោកគក់ក្នុងស្ទឹងឆាយរាបនេះ ត្រូវបានលោកសេង ធុច អាយុ ៥៣ឆ្នាំ អះអាងមិនខុសពីលោកយ៉ែម ធឿន ផងដែរ។ លោក សេង ធុច បានរៀបរាប់ថា នៅក្នុងភូមិនេះ អ្នកភូមិពិតជាមិនមាននរណាហ៊ានយកមុងទៅបោកគក់ក្នុងទឹកស្ទឹងឆាយរាបទេ។ 
«ការយកមុងទៅបោកគក់លើកទីមួយ អាចរួចខ្លួន ព្រោះក្រពើគ្រាន់តែចំណាំមុខទុក។ ប៉ុន្តែ បើយកទៅបោកគក់លោកទីពីរ នោះច្បាស់ជាមានបញ្ហាកើតឡើងមិនខាន»។ នេះ ជាការអះអាងរបស់លោក សេង ធុច។ 
 
អ៊ុំប្រុសឈ្មោះ ស្រី នី អាយុ ៧៨ ឆ្នាំ បានប្រាប់ឱ្យដឹងថា ឃុំដងពែងនេះ ជាស្រុកកំណើតរបស់លោកអ៊ុំ។ លោកអ៊ុំមានប្រសាសន៍ថា៖ «ក្រពើត្រី ឬក្រពើភ្នំ មិនមែនជាសត្វកាចសាហាវដូច ខ្លា ដំរី ឬជ្រូកព្រៃ ដែលឱ្យតែឃើញមនុស្សដេញនោះឡើយ។ ខ្ញុំរស់នៅទីនេះ ជិតមួយជីវិតទៅហើយពុំដែលធ្លាប់ឮ និងឃើញក្រពើត្រី ខាំមនុស្ស ឬសត្វចិញ្ចឹមរបស់អ្នកស្រុក ដូចជា មាន់ ទា ឆ្កែ ជ្រូកនោះឡើយ»។ លោកអ៊ុំ ស្រី នី បានបន្ថែមទៀតថា៖ «ប្រជាជនរស់នៅក្នុងតំបន់នេះ មានជំនឿថា ក្រពើត្រី ឬក្រពើភ្នំ វាមានជាប់ពាក់ព័ន្ធនឹងអារក្ស អ្នកតាថែរក្សាព្រៃភ្នំជាអ្នកចិញ្ចឹម។ ក្រពើត្រី វាអាចធ្វើតាមបញ្ជារបស់អ្នកតា ដោយសារយើងធ្វើខុសតំណម។ ដូច្នេះ យើងត្រូវគោរពតំណមនេះ»។
 

ក្រពើត្រី ឬក្រពើភ្នំ មានអាយុប្រហែល ៣ឆ្នាំ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង របស់អង្គការ WCS។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
 
ក្រពើត្រី ឬក្រពើភ្នំ ជាក្រពើដែលរស់នៅក្នុងព្រៃធម្មជាតិ។ បច្ចុប្បន្ននេះ ក្រពើប្រភេទនេះ ត្រូវបានគេចាត់ទុកថា ជាប្រភេទល្មូនជិតផុតពូជនៅក្នុងពិភពលោក។ អាងទន្លេមេគង្គ និងតំបន់ដីសើម តាមបណ្តាព្រៃភ្នំ ក្នុងប្រទេសកម្ពុជា ហាក់បង្ហាញថា ជាទីជម្រកតែមួយគត់ដែលមាននៅសេសសល់សត្វក្រពើត្រី។ ក្រពើត្រីបានបែកខ្ញែក និងចំនួននៅក្នុងធម្មជាតិធ្លាក់ចុះយ៉ាងខ្លាំង។ ទាំងនេះ គឺអាចបណ្តាលមកពីការបរបាញ់ ការរំខានទីជម្រករបស់វា ពីសំណាក់មនុស្ស និងការផ្លាស់ប្តូរទីជម្រក។ 
 
យោងតាមការស្ទង់មតិកន្លងមក ដោយ WWF បានរកឃើញថា នៅក្នុងប្រទេសកម្ពុជា ក្រពើត្រីមានរស់នៅក្នុងតំបន់ភ្នំក្រវាញ ក៏ដូចជានៅតាមដងទន្លេមេគង្គភាគខាងជើងនៃខេត្តក្រចេះ និងនៅតាមដងទន្លេស្រែពក ក្នុងព្រៃការពារនៃខេត្តមណ្ឌលគិរី ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com