ជាតិ
កម្ពុជា-ថៃ បង្កើនទំនាក់ទំនងយោធា និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន
27, Nov 2022 , 11:00 pm        
រូបភាព
ជំនួបរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ដែលដឹកនាំដោយសម្តេចរដ្ឋមន្រ្តី ទៀ បាញ់ និងថ្នាក់ដឹកនាំក្រសួងការជាតិថៃ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី Prawit Wongsuwon នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ជំនួបរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ដែលដឹកនាំដោយសម្តេចរដ្ឋមន្រ្តី ទៀ បាញ់ និងថ្នាក់ដឹកនាំក្រសួងការជាតិថៃ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី Prawit Wongsuwon នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ថៃ និងកម្ពុជាសន្យាការរួមគ្នាដើម្បីបង្កើនទំនាក់ទំនងយោធា និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទដែលបានកើនឡើងនាពេលថ្មីៗនេះ។ ឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwon និងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថ្មីៗនេះ បានចូលរួមកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលរៀបចំដោយនៅទីក្រុងបាងកក។



នៅមុនកិច្ចប្រជុំ លោកឧត្តមសេនីយ៍ Kongcheep Tantravanich អ្នកនាំពាក្យរបស់លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon បានលើកឡើងថា ភាគីទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការយោធា ក៏ដូចជាធ្វើការរួមគ្នាដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងជាពិសេសអ្នកបោកប្រាស់ជនជាតិថៃតាមប្រព័ន្ធទូរស័ព្ទឱ្យមកធ្វើការខុសច្បាប់នៅកម្ពុជា។

ក្រៅពីបញ្ហាទាំងនេះ លោកឧត្តមសេនីយ៍ Kongcheep បន្តថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការជំរុញប្រតិបត្តិការបោសសម្អាតមីននៅតាមព្រំដែនផងដែរ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ឧត្តមសេនីយ៍ Prawit បានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ការគាំទ្រកិច្ចប្រឹងប្រែងរបស់អាជ្ញាធរថៃក្នុងការទប់ស្កាត់ការបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទនិងជួយសង្គ្រោះពលករថៃ។ ឧត្តមសេនីយ៍ Prawit បានស្នើឱ្យកម្ពុជា បន្តជួយស្វែងរកជនជាតិថៃដែលត្រូវបានគេបោកប្រាស់ និងបញ្ជូនពួកគេត្រឡប់ទៅថៃវិញ។

ក្នុងជំនួបដដែល ភាគីថៃបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់កងកម្លាំងប្រដាប់អាវុធថៃ និងកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធ សហការគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។ ភាគីទាំងពីរបានទទួលស្គាល់ពីវឌ្ឍនភាពក្នុងការបើកច្រកព្រំដែនឡើងវិញ ការបោសសម្អាតមីន ពាណិជ្ជកម្មឆ្លងដែន និងកិច្ចប្រជុំនៃកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហានានា។

លោក Prawit ក៏បានបន្ថែមថា ភាគីទាំងពីរបានឯកភាពថា ស្ថាប័នពាក់ព័ន្ធនៃប្រទេសថៃ-កម្ពុជា នឹងធ្វើការរួមគ្នាដើម្បីដោះស្រាយការជួញដូរគ្រឿងញៀន និងធានាឱ្យតំបន់ព្រំដែនតាមដងទន្លេមេគង្គគ្មានការជួញដូរគ្រឿងញៀន៕

Tag:
 កម្ពុជា-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com