ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អាម៉េរិក សុំឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
30, Nov 2022 , 3:59 pm        
រូបភាព
ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍ កាន់រូបកញ្ញា ឈឹម ស៊ីថរ ដែលជាមេសហជីពរបស់ពួកគេ ពេលពួកគេ នាំគ្នាទាមទារឲ្យដោះលែងកញ្ញា ដែលត្រូវចាប់ខ្លួនកាលពីលើកទី១។ រូបពីអង្គការលីកាដូ
ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍ កាន់រូបកញ្ញា ឈឹម ស៊ីថរ ដែលជាមេសហជីពរបស់ពួកគេ ពេលពួកគេ នាំគ្នាទាមទារឲ្យដោះលែងកញ្ញា ដែលត្រូវចាប់ខ្លួនកាលពីលើកទី១។ រូបពីអង្គការលីកាដូ
ក្រសួងការបរទេសអាម៉េរិក តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញក្តីបារម្ភចំពោះការចាប់កញ្ញា ឈឹម ស៊ីថរ មេសហជីពនៃអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ហើយទទូចឲ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញាវិញ


ក្រសួងការបរទេសអាម៉េរិក លើកឡើងដូច្នេះថា៖«យើង បន្តអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា លើកកម្ពស់សិទ្ធិការងារ និងសម្របសម្រួលលើដំណោះស្រាយរវាងក្រុមហ៊ុនណាហ្កាវើលដ៍ និងអតីតបុគ្គលិក ដែលត្រូវបញ្ឈប់ពីការងារ»។ ក្រៅពីកញ្ញា ឈឹម ស៊ីថរ ក្រសួងការបរទេសអាម៉េរិក ថែមទាំងស្នើឲ្យដោះលែងអ្នកនាង សេង ធារី ស្រ្តីខ្មែរ-អាម៉េរិក និងអ្នកផ្សេងទៀតផងដែរ។  
 
កញ្ញា ឈឹម ស៊ីថរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសាជាថ្មី នៅព្រលានយន្តហោះភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ពេលកញ្ញា វិលមកពីប្រទេសអូស្ត្រាលីវិញ។ អ្នកនាំពាក្យតុលាការភ្នំពេញ បកស្រាយតាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៩ ខែវិច្ឆិកាថា កញ្ញា ចេញទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាត ទើបត្រូវចាប់ខ្លួន។ 
 
ប៉ុន្តែ តំណាងរាស្រ្តបក្សកាន់អំណាចម្នាក់របស់អូស្រ្តាលី គឺលោក ជូលៀន ហីល (Julian Hill)  បែរជាអះអាងក្នុងរដ្ឋសភា កាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា គ្មានអ្នកណា បានប្រាប់កញ្ញា ឈឹម ស៊ីថរ ពីលក្ខខណ្ឌដែលហាមមិនឲ្យចេញក្រៅប្រទេសនោះទេ។ លោក ថ្លែងថា កញ្ញា ទៅអូស្រ្តាលី ក្នុងនាមជាគណៈប្រតិភូនៃអង្គការ១របស់អូស្រ្តាលីនៅកម្ពុជា ដើម្បីចូលរួមសន្និសីទសហជីពអន្តរជាតិ ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងមែលប៊ន។ លោក ស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញាវិញ។ 
 
ចំណែក ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា មានដល់ទៅ៦៩ស្ថាប័ន បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ជុំវិញការចាប់កញ្ញា ឈឹម ស៊ីថរ ហើយទទូចឲ្យដោះលែងមេសហជីពរូបនេះវិញ។
ក្រោយឃាត់ខ្លួននៅព្រលានយន្តហោះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស។ នេះជាលើកទី២ហើយ ដែលកញ្ញា ត្រូវចាប់ខ្លួន។ កញ្ញា ត្រូវសមត្ថកិច្ចចាប់ខ្លួនលើកទី១ កាលពីខែមករា ឆ្នាំ២០២២ តែក្រោយមក ត្រូវបានដោះលែងវិញ។ 
 
ទោះដោះលែង តែមេសហជីពស្រ្តីរូបនេះ ត្រូវតុលាការ ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយដាក់កាតព្វកិច្ចមួយចំនួនឲ្យអនុវត្ត ដោយក្នុងនោះ មានកាតព្វកិច្ច១ គឺហាមមិនឲ្យចេញក្រៅប្រទេស។ ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យតុលាការភ្នំពេញ បញ្ជាក់ថា ជនត្រូវចោទ ត្រូវគោរពតាម និងអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចដែលតុលារបានដាក់។
 
កញ្ញា ឈឹម ស៊ីថរ ជាមេសហជីពម្នាក់ ដែលដឹកនាំក្រុមបុគ្គលិកណាហ្កាវើលដ៍ ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុននេះ ទទួលយកបុគ្គលិកមួយចំនួន ដែលត្រូវបានបណ្តេញចេញ ឲ្យចូលបម្រើការងារវិញ។ ពួកគេ តវ៉ាតាំងចុងឆ្នាំ២០២១មកម្ល៉េះ តែរហូតមកដល់ចុងឆ្នាំ២០២២នេះ ក្រុមហ៊ុនណាហ្កាវើលដ៍ នៅតែមិនយល់ព្រមតាមការទាមទាររបស់ពួកគេ៕
 

Tag:
 ឈឹម ស៊ីថរ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com