ជាតិ
ប្រធានNOCC៖ ការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីយូណេស្កូ ជាការបន្ថែមគុណតម្លៃ ដល់ស៊ីហ្គេម ២០២៣
30, Nov 2022 , 3:29 pm        
រូបភាព
ការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីយូណេស្កូ ជាការបន្ថែមគុណតម្លៃដ៏វិសេសវិសាល សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។



លោក ថោង ខុន ចាត់ទុកការចុះបញ្ចីគុនល្បុក្កតោនេះ គឺជាជោគជ័យ និងមោទនភាពដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ ចំពោះក្បាច់គុនបុរាណ ដែលជាសម្បត្តិរបស់បុព្វបុរសខ្មែរ។
 
«នេះគឺជាជោគជ័យថ្មីមួយទៀត ដើម្បីលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយនឹងបាត់បង់ ។ ដំណាលគ្នា កម្ពុជាក៏បានដាក់បញ្ចូនកីឡា គុនល្បុក្កតោ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ ។ ដូច្នេះការចុះបញ្ជីនេះ សបញ្ជាក់ឲ្យឃើញពីការអភិវឌ្ឍ និងអភិរក្ស ក៏ដូចជាការអភិរក្ស ដើម្បីការអភិវឌ្ឍន៍ ក្បាច់គុនរបស់បុព្វបុរសខ្មែរ យ៉ាងពិតប្រាកដ ហើយក៏ជាការលើកនូវគុណតម្លៃដ៏អស្ចារ្យ សម្រាប់ក្បាច់គុនល្បុក្កតោ ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា បន្ទាប់ពីការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ នាឆ្នាំ២០២៣ ខាងមុខ ។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍ ដែលបានស្រង់សម្តីលោក ថោង ខុន ចុះផ្សាយនៅថ្ងៃទី៣០ វិច្ឆិកា។
 
បើតាមលោក ថោង ខុន ជោគជ័យនៃការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នាពេលនេះ កើតចេញពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ រួមមានថ្នាក់ដឹកនាំ NOCC, សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ,មហាគ្រួសារគុនល្បុក្កតោកម្ពុជា ,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ,អ្នកជំនាញជាតិ និងអន្ដរជាតិ ។ ជាពិសេសការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តពីប្រមុខរដ្ឋាភិបាល។
 
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ២០២៣រូបនេះ បានបន្ថែមថា៖«បន្ទាប់ពីបានចូលជាបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិនេះ យើងនឹងមានការងារជាច្រើនត្រូវធ្វើ។ យើងត្រូវមានការរួមគ្នាទាំងអស់គ្នាថែមទៀត ដើម្បីថែរក្សា និងអភិវឌ្ឍន៍ អភិរក្សកីឡាអត្តសញ្ញាណជាតិ ដែលជាកេរដំណែលនៃដូនតាយើង ជាគុណតម្លៃសាកលនេះបន្ថែមទៀត»។ 
 
លោកបានបន្ថែមថា៖«យើងមានភារកិច្ចច្រើនទៀត ដែលត្រូវធ្វើ វាជាមហិច្ឆតារបស់យើង គឺយើងគ្រោងនឹងឆ្ពោះទៅធ្វើឲ្យសកម្មភាពហ្វឹកហាត់គុនល្បុក្កតោ ឬក៏សកម្មភាពអប់រំ បង្កើតនូវកម្មវិធីអប់រំគុនល្បុក្កតោ នៅគ្រប់គ្រឹះស្ថានសិក្សា និងនៅគ្រប់វត្តអារាមទាំងអស់ ឲ្យបានជ្រួតជ្រាបពេញទូទាំងប្រទេស ហើយបញ្ជ្រាបទៅគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក ឲ្យស្គាល់ច្បាស់អំពីព្រលឹងនៃគុនល្បុក្កតោរបស់យើង ដែលមានគុណធម៌ល្អ មានសីលធម៌ល្អ ហើយជាការអប់រំកាយ ការអប់រំចិត្ត ដ៏ប្រពៃសម្រាប់មនុស្សជាតិរស់នៅលើផែនដីនេះ»។
 
បើតាមលោក ថោង ខុន ក្រុមការងារពាក់ព័ន្ធទាំងអស់ បានប្រើពេលជាង១ទសវត្សរ៍ ដើម្បីសម្រេចបាននូវការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូនេះ។
 
គួរបញ្ជាក់ថា កីឡាគុនល្បុក្កតោ បានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា នាទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក៕
 
 

Tag:
 ថោង ខុន
  ល្បុក្កតោ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com