ជាតិ
អ្នកគ្រូ យិន សុខា ៖ គន្លឹះ៣ចំណុច សម្រាប់សិស្ស ត្រៀមប្រឡងបាក់ឌុប
01, Dec 2022 , 8:59 am        
រូបភាព
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងែទី៥-៦ ខែធ្នូ ឆ្នាំ២០២២នេះ។ ការប្រឡងនេះ​ ទាមទារឱ្យបេក្ខជន​មានសមត្ថភាព និងស្មារតីល្អ។ អ្នកស្រី យិន សុខា គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីម សាមគ្គី បានប្រាប់ពីគន្លឹះចំនួន៣ ដល់សិស្សានុសិស្ស ត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។



«អ្នកចេះ គឺជាប់» ។ វាជាការបង្ហាញសមត្ថភាពរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានឆ្លងកាត់ការសិក្សារយៈពេល១២ឆ្នាំមកនេះ។ ២ថ្ងៃនៃការប្រឡងនេះ វាក៏ទាមទារឱ្យបេក្ខជនប្រឡង សង្រួមចិត្ត និងសង្រួមអារម្មណ៍ ត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការប្រឡងដែរ។
  

អ្នកគ្រូ យិន សុខា កំពុងហៅសិស្សឡើងធ្វើលំហាត់គណិតវិទ្យា

អ្នកស្រី យិន សុខា គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា ប្រាប់ពីគន្លឹះចំនួន៣ សម្រាប់សិស្សនុសិស្ស ត្រៀមខ្លួនឱ្យបានល្អ។ គន្លឹះសំខាន់ទី១ គឺផ្លាស់ប្តូរទម្លាប់គេង ត្រូវងើបពីម៉ោង ៥ព្រឹក និងចូលគេងនៅម៉ោង ១០យប់ជាប្រចាំ។
 
បើតាមអ្នកស្រី សុខា ការធ្វើបែបនេះ នឹងជួយឱ្យសិស្សគេងបានគ្រប់គ្រាន់ និងមានពេលរៀបចំខ្លួនសិក្សា។ វាជាទម្លាប់មួយ ដែលអាចឱ្យសិស្សមិនភិតភ័យ មុនពេលប្រឡង និងអំឡុងពេលប្រឡង។
 
អ្នកគ្រូគណិតវិទ្យា នៃវិទ្យាល័យជាស៊ីម សាមគ្គី រូបនេះ បានបញ្ជាក់ថា៖ «គន្លឹះទី២សំខាន់ជាងគេ ដោយពេលព្រឹកសិស្សត្រូវងើបទន្ទេញមេរៀន ប្រវិត្តវិទ្យា ជីវវិទ្យា ហើយបន្ទាប់មកស្រស់ស្រូបអាហារ។ ក្រោយមកទៀតកូនសិស្ស ត្រូវចាប់ផ្តើមធ្វើលំហាត់មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យា ដែលសុទ្ធសឹងជាមុខវិជ្ជាគណនា»។


 អ្នកគ្រូ យិន សុខា ដើរពិនិត្យមើលកិច្ចការសិស្ស

ចំណែកមុខវិជ្ជា អក្សរសាស្រ្តខ្មែរវិញ សិស្សានុសិស្ស អាចចាប់ផ្តើមរៀបគម្រោងតែងសេចក្តី នៅពេលល្ងាច។ ជាពិសេស ត្រូវការអានសៀវភៅរឿង ដែលទាក់ទងនឹងអក្សរសិល្ប៍ខ្មែរ ដើម្បីបង្កើនគំនិត ដាក់បញ្ចូលក្នុងប្រធានបទតែងសេចក្តីនីមួយៗ។ 
 
ដោយឡែកចំណុចចុងក្រោយ គឺការសាកល្បងសមត្ថភាពមុនប្រឡង។ បើតាមអ្នកគ្រូ យិន សុខា ការវាស់ស្ទង់សមត្ថភាពខ្លួនមុននេះ វាជួយបង្កើនភាពស៊ាំនៃអារម្មណ៍ និងបង្កើនសមត្ថភាព តាមរយៈការធ្វើលំហាត់លើវិញ្ញាសាប្រឡងមុនៗ។ «សិស្សត្រូវរៀនកំណត់ពេលវេលាជាក់លាក់ ដើម្បីធ្វើលំហាត់ដោយចា​ប់ផ្តើមពីលំហាត់តូចៗ និងងាយស្រួលសម្រាប់យកពិន្ទុជាមុនសិន»។ នេះបើតាមយោបល់អ្នកគ្រូ សុខា។
  

សិស្សានុសិស្សកំពុងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ពីលំហាត់

ទោះបីមានគន្លឹះ សម្រាប់ត្រៀមខ្លួនប្រឡងក្តី ប៉ុន្តែវាក៏អាស្រ័យលើមូលដ្ឋានគ្រឹះរបស់បេក្ខជនប្រឡងដែរ។ អ្នកគ្រូគណិតវិទ្យារូបនេះ បានបន្ថែមថា៖«គ្រូបង្រៀនសិស្ស គឺជាផ្នែកមួយសម្រាប់បំពេញគ្រឹះមូលដ្ឋានដល់សិស្ស ប៉ុន្តែវាទាមទារឱ្យពួកគាត់មានមូលដ្ឋានពីក្រោម ជាមួយនឹងការយកចិត្តទុកដាក់ខ្លាំងផងដែរ។ ការសិក្សារយៈពេល ១ឆ្នាំកន្លងមកអ្នកគ្រូ សង្ឃឹមថាពួកគេនឹងធ្វើបានល្អ តែក៏ភ័យពីសិស្សមួយចំនួនតូចដែលរៀនមិនសូវពូកែផងដែរ។ យ៉ាងណាមិញ ឆ្នាំនេះគឺមានភាពល្អប្រសើរច្រើន មិនដូចឆ្នាំមុនដោយសារការជំងឺកូវីដ-១៩ ធ្វើឱ្យការសិក្សារបស់ពួកគាត់ជួបឧបសគ្គ និងសិក្សាពីចម្ងាយទៀត»។
 
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៤នាក់ ក្នុងនោះមានបេក្ខនារីសរុបចំនួន ៦៨ ៧៧១នាក់។ ក្រសួងអប់រំ បានរៀបចំនួនបេក្ខជនចំនួន ២៥នាក់ក្នុង១បន្ទប់។ ដោយឡែក មណ្ឌលប្រឡងមានចំនួនសរុប ២២១មណ្ឌល ត្រូវនឹង ៥ ១៧៤បន្ទប់៕
 
 

Tag:
 ThmeyThmey​
  អ្នកស្រី យិន សុខា
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com