ជាតិ
អន្តរជាតិ
រុស្ស៊ី ព្រមានអង្គការណាតូ ជុំវិញការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល Patriot ដល់អ៊ុយក្រែន
30, Nov 2022 , 8:22 pm        
រូបភាព
អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃទី២៩ ខែវិច្ឆិកា បានព្រមានអង្គការណាតូពីការផ្តល់ប្រព័ន្ធការពារមីស៊ីលPatriot ដល់អ៊ុយក្រែនដោយបានថ្កោលទោសសម្ព័ន្ធយោធានេះថា ជាអង្គភាពឧក្រិដ្ឋកម្មផ្តល់អាវុធគាំទ្ររបបជ្រុលនិយម។​

 
ខណៈអ៊ុយក្រែនបច្ចុប្បន្នកំពុងប្រឈមនឹងកង្វះខាតថាមពល ស្របពេលរដូវរងាបានឈានចូលមកដល់ អង្គការណាតូ នៅថ្ងៃទី២៩ ខែវិច្ឆិកា បានបើកកិច្ចប្រជុំមួយដោយបានលើកយកបញ្ហានៅអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំនេះដែរ អង្គការណាតូ បានពិភាក្សាគ្នាលើការផ្ដល់ជំនួយថាមពល សម្ភារប្រើប្រាស់ចាំបាច់ ក៏ដូចជាអាវុធបន្ថែមដល់អ៊ុយក្រែន។ 
 
ការពិភាក្សាពីការផ្តល់អាវុធបន្ថែមដល់អ៊ុយក្រែននេះ ត្រូវបានរុស្ស៊ីប្រតិបត្តិកម្មយ៉ាងខ្លាំង។ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានព្រមានចំៗថា ប្រសិនបើអង្គការណាតូផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់អ៊ុយក្រែនដូចដែលលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានលើកឡើងមែន នោះអ៊ុយក្រែននឹងក្លាយទៅជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីវាយប្រហារភ្លាមៗ។ 
 
«ពិភពលោកស៊ីវិល័យមិនត្រូវការអង្គការនេះទេ។ វាគួរតែជារឿងអាម៉ាសសម្រាប់មនុស្សជាតិ ហើយត្រូវបានចាត់ទុកថាជាអង្គភាពឧក្រិដ្ឋ»។ លោក Dmitry Medvedev បានបន្តបែបនេះក្នុងសារលើបណ្តាញ​សង្គម Telegram របស់លោក។ 
 
កន្លងមក អ៊ុយក្រែនបានស្នើសុំដៃគូលោកខាងលិចឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាសរួមទាំងប្រព័ន្ធការពារមីស៊ីល Patriotដែលផលិតដោយអាម៉េរិកដល់ខ្លួន ដើម្បីការពារវាពីការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់អ្នកកាសែតនៅខាងក្រៅកិច្ចប្រជុំរបស់អង្គការណាតូថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារអាកាស IRIS Hawks។ 
 
ក្នុងកិច្ចប្រជុំអង្គការណាតូនៅថ្ងៃទី២៩ ខែវិច្ឆិកា រដ្ឋមន្ត្រីអង្គការណាតូក៏បានថ្កោលទោសនូវអ្វីដែលពួកគេហៅថាជាការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់អ៊ុយក្រែនហើយបានសន្យាថានឹងបង្កើនការគាំទ្រដល់ទីក្រុងកៀវ។ អគ្គលេខាធិការអង្គការណាតូលោក Stoltenberg បានលើកឡើងថា រុស្ស៊ីកំពុងព្យាយាមប្រើរដូវរងាជាអាវុធនៃជម្លោះ។
 
គួរបញ្ជាក់ថា មន្ត្រីនិងរដ្ឋមន្ត្រីអាម៉េរិកក៏ដូចជាអឺរ៉ុបបាននិយាយថា ពូកគេនឹងផ្តោតការយកចិត្តទុកដាក់ក្នុងកិច្ចពិភាក្សាផ្តល់ជំនួយដែលមិនមានគ្រោះថ្នាក់ ដូចជាជំនួយប្រេងឥន្ធនៈ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់រដូវរងា ក៏ដូចជាជំនួយយោធាផងដែរ។ លើសពីនេះ អាម៉េរិកបានប្រកាសថា នឹងផ្តល់ប្រាក់ចំនួន ៥៣ លានដុល្លារ ដើម្បីទិញឧបករណ៍បណ្តាញអគ្គិសនីឱ្យអ៊ុយក្រែន។
 
យ៉ាងណាមិញ កន្លងមករុស្ស៊ីតែងបានព្រមានលោកខាងលិចម្តងហើយម្តងទៀត កុំឱ្យផ្តល់អាវុធផ្សេងៗដល់អ៊ុយក្រែន ដោយលើកឡើងថាទង្វើបែបនេះអាចនាំឱ្យមានជម្លោះដោយផ្ទាល់រវាងសម្ព័ន្ធមិត្តណាតូដែលដឹកនាំដោយអាម៉េរិក និងរុស្ស៊ី៕
 

Tag:
 រុស្ស៊ី
  ណាតូ
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com