ជាតិ
ភ្នំពេញធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអភិបាលរាជធានី/រដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន
30, Nov 2022 , 8:57 pm        
រូបភាព
អភិបាលរាជធានី និងរដ្ឋធានីរបស់អាស៊ាន ព្រមទាំងអភិបាលក្រុងអាស៊ានជាច្រើនទៀត នឹងធ្វើដំណើរមកដល់ភ្នំពេញដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់អាស៊ានចំនួន២នៅថ្ងៃទី២ និងទី៣ខែធ្នូឆ្នាំ២០២២នេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើកវេទិកាទាំង២នេះ ដែលត្រូវបានរៀបចំនៅសណ្ឋាគាររ៉េស៊ីដង់សុខា។ ភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៤០០នាក់ គ្រោងមានវត្តមាននៅក្នុងវេទិកាតំបន់ទាំង២។

 
ព្រឹត្តិការណ៍សំខាន់ទាំង២រួមមាន៖ ទី១ គឺកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals – MGMAC) និងទី២ គឺជាវេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum – AMF)។ មូលបទរួមសម្រាប់ព្រឹត្តិការណ៍ទាំងពីរ ដូចគ្នានឹងមូលបទនៃកិច្ចប្រជុំកំពូលអាស៊ានរបស់ម្ចាស់ផ្ទះកម្ពុជាដែរគឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ជារៀងរាល់ឆ្នាំ រាជធានី និងរដ្ឋធានីនៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ានតែងរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC។ កិច្ចប្រជុំនេះត្រូវបានរៀបចំលើកចុងក្រោយនៅក្នុងរាជធានីបាងកករបស់ប្រទេសថៃក្នុងឆ្នាំ២០១៩។ កិច្ចប្រជុំត្រូវបានខកខាននៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ២០២០ និងនៅក្នុងប្រទេសព្រុយណេក្នុងឆ្នាំ២០២១ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ។ ទោះយ៉ាងណាដោយ ក៏មានការចេញសេចក្តីថ្លែងការណ៍ផងដែរ។


 
ព្រោះតែស្ថានភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដនៅកម្ពុជា ចំពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះប្ដូរវេនអាស៊ានផងនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ២០២២នេះ ក្រោយពីមានការគាំទ្រពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច។ កិច្ចប្រជុំ MGMAC ត្រូវប្រព្រឹត្តទៅក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងចីរភាព»។
 
ចំណែកឯវេទិកាអភិបាលក្រុងអាស៊ានវិញ វេទិកានេះតែងត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅក្នុងប្រទេសម្ចាស់ផ្ទះប្ដូរវេនអាស៊ានដោយសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (United Cities and Local. Governments Asia-Pacific – UCLG ASPAC)។ សមាគមនេះបានស្នើមករដ្ឋបាលរាជធានីភ្នំពេញដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអភិបាលក្រុងអាស៊ាន។ រដ្ឋបាលរាជធានីភ្នំពេញបានយល់ព្រមទទួលការស្នើនេះ ដែលធ្វើឱ្យរដ្ឋបាលភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ទាំងពីរទន្ទឹមគ្នានតែម្ដង។ វេទិកាអភិបាលក្រុងអាស៊ាននឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្នតាមគន្លងប្រក្រតីភាពថ្មី»។


 
គួរបញ្ជាក់ឱ្យដឹងផងដែរថា មានកិច្ចពិភាក្សាតុមូលជាច្រើនត្រូវបានគ្រោងរៀបចំក្នុងរយៈពេលនៃកិច្ចប្រជុំទាំងពីរ។ ប្រធាននៃកិច្ចពិភាក្សាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសអាស៊ានទាំងនោះរួមមាន៖ ការធ្វើហិរញ្ញប្បទានគម្រោងដែលមានចីរភាពដើម្បីការអភិវឌ្ឍទីក្រុង អភិបាលកិច្ចឌីជីថល ការអនុវត្តគោលអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន នគរូបនីយកម្មអាស៊ាន ភាពធន់នឹងអាកាសធាតុក្នុងទីក្រុង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ាន ជាដើម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com