ជាតិ
ពលរដ្ឋជាង ៥២ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោត
03, Dec 2022 , 5:59 pm        
រូបភាព
ដោយ:
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧  នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៨ធ្នូ ឆ្នាំ២០២២​ ដែលបច្ចុប្បន្ន មានពលរដ្ឋចំនួន ៥២៦ ៩២៥នាក់ បានចុះឈ្មោះរួចហើយ។

 
សល់៥ថ្ងៃទៀត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នឹងត្រូវបិទបញ្ចប់។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ ថា គិតត្រឹមថ្ងៃទី១ធ្នូ ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន ៥២៦ ៩២៥នាក់ បានទៅចុះឈ្មោះបោះឆ្នោត។​ បើតាមលោក ហង្ស ពុទ្ធា ចំនួនពលរដ្ឋបានចុះឈ្មោះនេះ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២មក ដែលដំណើរពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មានរយៈពេល៥០ថ្ងៃ។
 
លោកបញ្ជាក់ថា៖« ពេលវេលាចំនួន ៥០ថ្ងៃនេះ គឺគ្រប់គ្រាន់ល្មមសម្រាប់ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត។  ក្នុងករណីពលរដ្ឋពុំទាន់បានទៅចុះឈ្មោះអស់ ខាងគ.ជ.ប គឺមិនមានការលើកថ្ងៃនោះទេ»។ អ្នកនាំពាក្យគ.ជ.ប រូបនេះបន្តរៀបរាប់ថា៖ « ប្រសិនបើប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត តែពួកគេមិនបានចុះឈ្មោះបោះឆ្នោត គឺជាសិទ្ធិរបស់ពួកគេ គ្មានការដាក់ទោស ឬបង្ខិតបង្ខំពួកគេឡើយ»។
 
បើតាម គ.ជ.ប រយៈពេល ៥០ថ្ងៃចាប់ពីថ្ងៃទី២០តុលា ដល់ថ្ងៃទី៨ធ្នូ ឆ្នាំ២០២២ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិនីមួយៗ នៅទូទាំងប្រទេស ប្រជាពលរដ្ឋត្រូវទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ 
 
ដើម្បីចុះឈ្មោះបោះឆ្នោត នៅការិយាល័យណាក្នុងឃុំ សង្កាត់ ប្រជាពលរដ្ឋទាំងអស់ត្រូវបង្ហាញខ្លួននៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោតនៅការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនត្រូវចុះឈ្មោះបោះឆ្នោត,​ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត។ ពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត ចាប់ពីអាយុ១៨ឆ្នាំឡើង​, មានលំនៅឋានក្នុងឃុំ សង្កាត់ ដែលខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ឬត្រូវបោះឆ្នោត៕ 
 

Tag:
 ចុះឈ្មោះបោះត្នោត
  គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com