ជាតិ
លោក ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនការពារអនាគតកម្ពុជា
03, Dec 2022 , 9:31 pm        
រូបភាព
លោក ហ៊ុន ម៉ានី ថ្លែងក្នុងកម្មវិធីរម្លឹកខួប៤៤ឆ្នាំនៃកំណើតយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅវិមានឈ្នះឈ្នះ នាល្ងាចថ្ងៃទី៣ធ្នូ។
លោក ហ៊ុន ម៉ានី ថ្លែងក្នុងកម្មវិធីរម្លឹកខួប៤៤ឆ្នាំនៃកំណើតយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅវិមានឈ្នះឈ្នះ នាល្ងាចថ្ងៃទី៣ធ្នូ។
ពីក្នុងកម្មវិធីរម្លឹកខួប៤៤ឆ្នាំនៃកំណើតយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងខួបកំណើត១០ឆ្នាំនៃការផ្លាស់ប្ដូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានផ្តល់តម្លៃយ៉ាងខ្លាំង និងដឹងគុណយុវជនជំនាន់មុន។ សម្រាប់លោក ហ៊ុន ម៉ានី យុវជនជំនាន់មុនបានស្ម័គ្រចិត្តលះបង់ជីវិត និងប្រយោជន៍ផ្ទាល់ខ្លួនដើម្បីការពារប្រទេស និងប្រជាជន។ កម្មវិធីនេះត្រូវបានរៀបចំនៅទីតាំងនិមិត្តរូបនៃវិមានឈ្នះឈ្នះ ដោយមានការផ្សាយបន្តផ្ទាល់ និងមានសមាជិកសមាជិការចូលរួមជាច្រើនពាន់នាក់។



នាព្រលប់ថ្ងៃទី៣ខែធ្នូនេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអំពាវនាវឱ្យកូនខ្មែរចង់ចាំនូវប្រវត្តិកសាស្ត្ររបស់ប្រទេសទាំងដំណាក់កាលរុងរឿង និងដំណាក់សោកនាដកម្ម ពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ហ៊ុន ម៉ានី ក៏ចង់ឃើញកូនខ្មែរប្រែក្លាយសោកនាដកម្ម ទៅជាការតាំងចិត្តដើម្បីធ្វើដំណើរទៅមុខជាមួយនឹងក្ដីសង្ឃឹមមួយដើម្បីប្រទេសជាតិ។

លោក ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះ៖«អតីតកាលជាកម្លាំង ខំប្រឹងប្រែងរួមគ្នាបច្ចុប្បន្ន គឺដើម្បីការពារអនាគត។ ការពារអនាគតព្រះរាជាណាចក្រកម្ពុជាដើម្បីធានាថា កម្ពុជាជាប្រជាជាតិដេលមានភាពសម្បូរសប្បាយ កម្ពុជាមានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ និងកម្ពុជាមានភាពធន់នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស។»។

មុននឹងផ្ញើសាលើកជំរុញទឹកចិត្តឱ្យយុវជន និងពលរដ្ឋខ្មែរការពារអនាគតកម្ពុជានោះ លោក ហ៊ុន ម៉ានី ក៏បានពិពណ៌នាអំពីសម្តេច ហ៊ុន សែន ដែលជាប្រធានទី១នៃសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាផងដែរ ប្រាប់សមាជិកសមាជិការផងដែរ។ ៣ចំណុចដែលត្រូវបានលោក ហ៊ុន ម៉ានី មើលឃើញថា គំរូសម្រាប់ការចែករំលែកជាមួយយុវជនបច្ចុប្បន្ន។ ទី១ គឺជីវិតត្រូវតែតស៊ូ ដើម្បីភាពជោគជ័យ, ទី២ គឺការដឹកនាំដោយភាពជាគំរូ និងទី៣ គឺទំនុកចិត្តដែលត្រូវផ្ដល់ឱ្យប្រជាជន៕

© រក្សាសិទ្ធិដោយ thmeythmey.com