វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ទូរ​សព្ទ​មាន​ហ្គេម «Flappy Bird» ត្រូវ​បាន​ដាក់​លក់​ពី​៣០០ទៅ​៩ម៉ឺន​ដុល្លារ​នៅ​លើ eBay
11, Feb 2014 , 1:07 pm        
រូបភាព
ដោយ: ថ្មីៗ
កា​លពី​ថ្ងៃ​អាទិត្យ ទី​៩ ខែកុម្ភៈ លោក Dong Nguyen បាន​សម្រេច​ដក​ហ្គេម​ «Flappy Bird» ដ៏ពេញ​និយម​ចេញ​ពី​ app stores ដោយ​​អ្នក​បង្កើតហ្គេម​ជន​ជាតិ​វៀត​ណាមរូបនេះ យ​​ល់ឃើញ​​ថា វា​បាន​បំផ្លាញ​ជីវភាព​សាមញ្ញ​របស់​ខ្លួន​​។ ស្របពេល​ជាមួយ​គ្នានេះ គេហទំព័រ eBay បាន​បង្ហាញ​ពី​តម្លៃ​​ទូរសព្ទស្មាតហ្វូន​​ដែល​នៅ​សល់​ហ្គេម «Flappy Bird» ដោយ​មាន​តម្លៃ​ពី​​ពី​៣០០ ទៅ​ប្រ​មា​ណ​​៩​ម៉ឺនដុល្លារ​អាមេរិក​។



របាយការ​ណ៍មួ​យចំនួន​បាន​បង្ហាញ​ថា ហ្គេម «Flappy Bird» ដែល​បង្កើតឡើង​ដោយ​លោក Dong Nguyen កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៣មក មាន​ការដោនឡូត​ជាង​៥០លាន​ដង​ តាម​រយៈ Google Paly Store, Apple App Store និង Android apps។ ខណៈ​អ្នកដែល​វក់វី​នឹង​ហ្គេម​នេះ មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ដក​ចេញ​ពី App Store មនុស្ស​មួយចំនួន​បាន​សម្រេចចិត្ត​ដាក់​លក់​ទូរសព្ទ​របស់​ខ្លួន (ជាពិសេស iPhone 5S) ​ដែលបាន​ដោន​ឡូត​ហ្គេម​នេះ​កន្លងមកនៅ​លើគេហទំព័រ​ eBay។


ទូរសព្ទ​ iPhone 5 ពណ៌​សមួយ​ត្រូវ​បាន​ម្ចាស់គណនី​ម្នាក់​ឈ្មោះ «kristenater91» ដាក់​ដេញ​ថ្លៃ​ចាប់​ពី​៧៥០​ដុល្លារ​កាលពី​ថ្ងៃអាទិ​ត្យ ដែលមក​ពេលនេះ វាឡើង​រហូត​ដល់ទៅ​៩ម៉ឺន​ដុល្លារ​ ក្រោយ​ការ​ចេញ​ថ្លៃ​ចំនួន​៦២លើក​ ពី​អ្នក​ចេញ​ថ្លៃ​១៨នាក់​ផ្សេងគ្នា។ ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា អ្នក​ដេញ​ថ្លៃមាន​ភាព​ប្រាកដ​ប្រជា​នឹង​ទិញ​យក​ទូរសព្ទ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ លោក Dong Nguyen អ្នក​បង្កើត​ហ្គេម «Flappy Bird» បាន​សរសេរនៅ​លើ​គណនី​ Twitter របស់​ខ្លួន​ថា៖ «ខ្ញុំ​សូម​អភ័យ​ទោស​ពី​សំណាក់​អ្នក​លេង Flappy Bird ទាំងឡាយ ២២ម៉ោង​ចាប់ពី​ពេលនេះ​ទៅ ខ្ញុំ​នឹង​ដក Flappy Bird ចេញ។ ខ្ញុំ​មិន​អាច​បន្ត​របៀប​នេះ​បានទៀត​ឡើយ»។


សេចក្តី​រាយ​ការណ៍​នានា​បាន​បង្ហាញ​ថា លោក Dong Nguyen បាន​ទទួល​ចំណូល​ប្រមាណ​៥ម៉ឺន​ដុ​ល្លារ​ជារៀងរាល់ថ្ងៃពី​ហ្គេម​ «បក្សី​ឆ្លងឧបសគ្គ​» ដ៏​ស្មុគ្រ​ស្មាញ នេះ ពី​ការផ្សាយពាណិជ្ជកម្ម​ ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ហ្គេម​​ដែ​លមាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហាណូយ សុខចិត្ត​​បោះ​បង់​ប្រាក់​មហា​សាល​ ដើម្បី​យក​ភាព​សុខ​ស្ងប់​ផ្ទាល់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com