ជាតិ
បាក់ឌុប
លោក ហ៊ុន ម៉ានី អះអាងថា គ្មានការជួយសម្រួលឱ្យសមាជិកស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ជាប់ឡើយ
05, Dec 2022 , 11:11 am        
រូបភាព
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) លោក ហ៊ុន ម៉ានី អះអាងថា លោកមិនបានជួយសម្រួលឱ្យសមាជិក សមាជិកាខ្លួន ដែលត្រូវបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់ឡើយ។

 
«ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ដែលច្រានចោលព័ត៌មានទាំងនោះ។
 
ប្រធានស.ស.យ.ករូបនេះ បានអះអាងថា ស្ថាប័នលោក តែងតែលើកកម្ពស់ការប្រឡងឱ្យប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបានផ្លែផ្កាល្អ ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់” ។ «ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ»។ លោក ហ៊ុន ម៉ានី បន្ថែម។
 
មិនតែប៉ុណ្ណោះ តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺរូបនេះ ថែមទាំងហ៊ានទទួលកំហុសផងដែរ បើសិនជាមានករណីខុសផ្លូវច្បាប់ណាមួយ។ លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១ ធ្នូនេះថា៖«ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ខ្ញុំក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់។ ហើយខ្ញុំ ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា យើងខ្ញុំមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយយើងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប»។
 
ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ចាប់តាំងពីមានការកំណែទម្រង់គុណភាពអប់រំ ជាពិសេសការរឹតបន្តឹងការប្រឡង តាំងពីឆ្នាំ ២០១៤មក។
 
 

Tag:
 ហ៊ុន ម៉ានី
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com