ជាតិ
លោក ប្រាក់ សុខុន លុបចោលគម្រោងទស្សនកិច្ចលើកទី៣ នៅមីយ៉ាន់ម៉ា
09, Dec 2022 , 11:09 am        
រូបភាព
លោក ប្រាក់ សុខុន បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា។
លោក ប្រាក់ សុខុន បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា។
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ថា គម្រោងទស្សនកិច្ចលើកទី៣ របស់បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ត្រូវបានលុបចោល។

 
ការលុបចោលគម្រោងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា របស់លោក ប្រាក់ សុខុន បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយសារមមាញឹកជាមួយនឹងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប។ នេះជាការលើកឡើងរបស់ លោក ជុំ សុន្ទរី។ 
 
លោក ប្រាក់ សុខុន មានបំណងទៅបំពេញទស្សនកិច្ចការងារលើកទី៣ នៅប្រទេសមីយ៉ាន់ម៉ា នៅចុងខែធ្នូ ដែលជាដំណើរទស្សនកិច្ចចុងក្រោយ មុននឹងលោកចប់អាណត្តិនាចុងឆ្នាំនេះ។ អ្នកនាំពាក្យក្រសួងការបរទេស សរសេរ​ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមបែបនេះ ៖ «ដោយសារតែមានឧបសគ្គពេលវេលា ជាពិសេសកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាពេលខាងមុខ។ លោក​មិន​អាច​សម្រេច​​តាមផែនការ ដែលគ្រោងទុករបស់គាត់ឡើយ»។ 
 
យ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ជំហររបស់លោក ប្រាក់ សុខុន នៅតែប្តេជ្ញាជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ។ ជាមួយគ្នាដែរ លោកនឹងរង់ចាំឱកាសផ្សេងទៀត ដើម្បីខិតខំរួមចំណែកជួយអាស៊ាន៕ 
 
 

Tag:
 ប្រេសិតអាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com