កីឡាជាតិ
ជាតិ
បាល់ទាត់មិត្តភាព៖កម្ពុជា បរាជ័យក្រៅដីដោយចាញ់ម្ចាស់ផ្ទះ ម៉ាឡេស៊ី ៤-០
09, Dec 2022 , 10:03 pm        
រូបភាព
ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា(ស) និងម៉ាឡេស៊ី(លឿង)។
ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា(ស) និងម៉ាឡេស៊ី(លឿង)។
ដោយ:
ក្រុមជម្រើសជាតិកម្ពុជា ភ្លាត់ចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នាកីឡដ្ឋាន Bukit Jalil ក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

 
នៅក្នុងវគ្គទី១ ម្ចាស់ផ្ទះម៉ាឡេស៊ី បើកការនាំមុខភ្ញៀវគោព្រៃកម្ពុជា ៣-០ ដែលសម្រេចទីបានដោយខ្សែបម្រើ Faisal Halim នៅនាទី១១ ឈានដល់នាទី៣៨ ខ្សែប្រយុទ្ធ Lee Tuck បន្ថែមគ្រាប់ទី២ ក្រោយបញ្ជូនពីខ្សែបម្រើ Faisal Halim និងបន្ថែមគ្រាប់ទី៣ ដោយខ្សែបម្រើ Faisal Halim ដដែលនៅនាទី៤៥+១។
 
ចូលដល់វគ្គទី២ ម្ចាស់ផ្ទះម៉ាឡេស៊ី បន្តដាក់បន្ទុកសម្រុកមកកាន់ទីកម្ពុជា សាជាថ្មី យ៉ាងណាកម្ពុជា បើកការវាយបកទៅវិញផងដែរតែមិនមានសំណាងក្នុងការស៊ុតទម្លាយសំណាញ់ទីម៉ាឡេស៊ីបានឡើយ។ ការបន្តដាក់សម្ពាធ របស់គោព្រៃទៅលើក្រុមម្ចាស់ផ្ទះ ក៏មិនបន្ធូរដៃឡើយ សម្រុកជាច្រើនលើកនៅតែមិនអាចមានវាសនាក្នុងការរកគ្រាប់បាល់បានឡើយ។
 
ការសម្រុកគ្នាទៅវិញទៅមករវាងក្រុមកម្ពុជា និងម៉ាឡេស៊ី នៅតែមិនអាចទម្លាយសំណាញ់ទីគ្នាបានគិតត្រឹមនាទី៧៧ ទោះបីការស៊ុតចេញជាច្រើនលើកច្រើនសាសម្តៅទីគ្នាយ៉ាងណាក៏ដោយ។ ឈានដល់នាទី៨៦ ខ្សែប្រយុទ្ធម៉ាឡេស៊ី Ahzam Abdul Azih បន្ថែមគ្រាប់ទី៤ ជូនក្រុម។ បញ្ចប់ការប្រកួត ម៉ាឡេស៊ី ឈ្នះកម្ពុជា ដោយលទ្ធផល ៤-០។
 
ក្រុមភ្ញៀវគោព្រៃកម្ពុជា គ្រប់គ្រងបាល់បាន៤០ភាគរយ ស៊ុតចេញ៩លើក ចំគោលដៅ៣លើក ទទួលបានបាល់ទាត់ចេញពីជ្រុង១លើក និងទទួលរងពិន័យកាតលឿង១ ខណៈម្ចាស់ផ្ទះម៉ាឡេស៊ី គ្រប់គ្រងបាន៦០ភាគរយស៊ុតចេញ១៦លើក ចំគោលដៅ៦លើក ទទួលបានទាត់បាល់ចេញពីជ្រុង៦លើក និងរងពិន័យកាតលឿង១៕
 

Tag:
 កីឡាបាល់ទាត់
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com