កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទាត់មិត្តភាព៖ ខ្សែបម្រើ ថេឡរ សូមទោសអ្នកគាំទ្រក្រោយកម្ពុជាចាញ់ម៉ាឡេស៊ី៤-០
10, Dec 2022 , 3:59 pm        
រូបភាព
ខ្សែបម្រើជម្រើសជាតិកម្ពុជា ថេឡរ នីកូឡាស់ឌឿង(ស) អូសបាល់ជ្រែកខ្សែការពារម៉ាឡេស៊ី(លឿង)បីនាក់។ រូបពី CPL
ខ្សែបម្រើជម្រើសជាតិកម្ពុជា ថេឡរ នីកូឡាស់ឌឿង(ស) អូសបាល់ជ្រែកខ្សែការពារម៉ាឡេស៊ី(លឿង)បីនាក់។ រូបពី CPL
ដោយ:
«លទ្ធផលបែបនេះ គឺតែងតែពិបាកទទួលយក។ ខ្ញុំសូមទោស ចំពោះអ្នកគាំទ្រកម្ពុជា សម្រាប់ទម្រង់លេងកាលពីយប់មិញ»។ ខ្សែបម្រើជម្រើសជាតិកម្ពុជា កូនកាត់ខ្មែរ-អាម៉េរិក ថេឡរ នីកូឡាស់ឌឿង សរសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនដូច្នេះ នៅថ្ងៃទី១០ ខែធ្នូ បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិដោយជម្រើសជាតិកម្ពុជា ចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ៤-០ កាលពីថ្ងៃទី៩ ខែធ្នូ នាកីឡដ្ឋាន Bukit Jlil ក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

 
សារសូមទោសទៅកាន់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា របស់កីឡាករកូនកាត់ខ្មែរ-អាម៉េរិក ថេឡរ នីកូឡាស់ឌឿង(Nick Taylor) រៀបរាប់ទាំងភាពសោកស្តាយចំពោះលទ្ធផលដែលបានបរាជ័យនាជំនួបមិត្តភាពក្រៅដី និងជាការបង្ហាញខ្លួនលើកទីពីរឱ្យក្រុមជម្រើសជាតិកម្ពុជារបស់ខ្សែបម្រើរូបនេះមិនអាចជួយឱ្យក្រុមគោព្រៃរក្សាបានលទ្ធផលល្អ។ ការរៀបរាប់នៅលើហទំព័រហ្វេសប៊ុករបស់ ថេឡរ បានបញ្ជាក់ពីការសោកស្តាយ និងសូមទោស ហើយរូបគេនឹងខិតខំធ្វើឱ្យបានល្អនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF Cup។
 

ខ្សែបម្រើជម្រើសជាតិកម្ពុជាកូនកាត់ខ្មែរ-អាម៉េរិក ក្នុងជំនួបមិត្តភាពអន្តរជាតិទល់នឹងម៉ាឡេស៊ី។រូបពី CPL
 
ថេឡរ សរសេរថា៖«ខ្ញុំមិនល្អគ្រប់គ្រាន់ទេ, យើងមិនល្អគ្រ់គ្រាន់ទេ។ វាជាឱកាសមួយសម្រាប់ពួកយើងក្នុងការរៀនសូត្រ នឹងធ្វើឱ្យបានល្អសម្រាប់ការប្រកួតបន្ទាប់ទៀត»។ ថេឡរ នីកូឡាស់ឌឿង បានបន្ថែមថា ការបានពាក់អាវតំណាងជាតិពិតជាមានមោទកភាព ហើយរូបគេនឹងប្រឹងប្រែងបន្តទៀតសម្រាប់ការរៀបចំខ្លួនត្រៀមការប្រកួត Mitsubishi Cup នាពេលខាងមុខ។ យ៉ាងណា នៅចុងសំណេររបស់ខ្សែបម្រើកូនកាត់រូបនេះបានសម្តែងការអរគុណ!ទៅកាន់អ្នកគាំទ្រ និងភ្ជាប់ជាមួយនឹង Emoji រូបបេះដូង និងទង់ជាតិកម្ពុជា ដែលមានន័យថា«ស្រលាញ់កម្ពុជា»។
 
ថេឡរ សរសេរថា៖«សូមអរគុណ!ចំពោះការគាំទ្រ ខ្ញុំស្រលាញ់កម្ពុជា»។ សម្រាប់ប្រកួតបន្ទាប់ ខ្សែបម្រើ ថេឡរ នីកូឡាស់ឌឿង នៅតែមានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ Mitsubishi Cup ដែលកម្ពុជាស្ថិតនៅក្នុងពូល A រួមមាន កម្ពុជា,ថៃ,ព្រុយណេ,ឥណ្ឌូណេស៊ី និងហ្វីលីពីន៕
 

Tag:
 កីឡាបាល់ទាត់
 មិត្តភាពអន្តរជាតិ
 ថេឡរ នីកូឡាស់ឌឿង
© រក្សាសិទ្ធិដោយ thmeythmey.com