ជាតិ
សុខភាព
ជប៉ុន ជួយជាង៥០ម៉ឺនដុល្លារ កែលម្អមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ និង​ពេទ្យបង្អែកខេត្តកំពង់ចាម
10, Dec 2022 , 6:59 pm        
រូបភាព
ជំនួយឥតសំណងជាង ៥សែនដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា  រូបភាពពី ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
ជំនួយឥតសំណងជាង ៥សែនដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រូបភាពពី ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ ​ជប៉ុន បាន​ផ្ដល់​ជំនួយឥតសំណងចំនួន ៥០៦,៥៩៥ ដុល្លារ ដល់​កម្ពុជា ដើម្បី​​កែលម្អបរិក្ខារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងការសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ពិធី​ចុះហត្ថលេខានេះ ប្រព្រឹត្តទៅកាលពី​ថ្ងៃទី៨  ខែធ្នូ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ជាមួយ​អ្នកតំណាងស្ថាប័នទទួលជំនួយទំាងពីរ។



ជំនួយឥតសំណងគូសាណូណិ​របស់ជប៉ុន មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា​ ភាពក្រីក្រ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ល។
  

ជំនួយឥតសំណងជាង ៥សែនដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា  រូបភាពពី ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
 
ជាក់ស្តែង ស្ថានទូតជប៉ុន បានផ្ដល់​ជំនួយ​ជា​ថវិកាចំនួន ១៦២,៧១៥ដុល្លារ ដល់​មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ដើម្បី​ទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត ចំនួន១៥​ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា។ បន្ថែម​លើ​នេះ ថវិកាខាង​លើ ក៏​ត្រូវ​សាងសង់អគារស្នាក់​សម្រាប់​អ្នកជំងឺផងដែរ។
 
បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​ជប៉ុន  ​មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវនេះ កំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារភាពសឹករិចរិលនៃឧបករណ៍ចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប។ តាមរយៈគម្រោងនេះ ភាគីទាំងសងខាង រំពឹងថានឹងមានអ្នកជំងឺចំនួន៧០០នាក់ មកព្យាបាលនៅPRCនេះជារៀងរាល់ឆ្នាំ ហើយទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងសេវាកម្ម ដែលមានភាពប្រសើរជាងមុន។


  ជំនួយឥតសំណងជាង ៥សែនដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា  រូបភាពពី ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
 
 
ជាមួយគ្នានេះដែរ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមវិញ ក៏ទទួលបានថវិកាចំនួន ៣៤៣,៨៨០ ដុល្លារ ពីស្ថានទូតជប៉ុនផងដែរ។ ជំនួយនេះ ប្រើប្រាស់សម្រាប់សាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើត ​ចំនួន១ខ្នង ដែលមានកម្ពស់​៣​ជាន់។ មន្ទីរពេទ្យនេះ កំពុងប្រឈមបញ្ហាដូចជា ការស្នាក់នៅលើសចំណុះក្នុងអគារផ្នែកសម្ភពរាល់ថ្ងៃ សម្រាប់ម្តាយ និងការចំណាយពេលបញ្ចូនទារកទើបនឹងកើតស្ថិតក្នុង​ករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើត ដែលនៅឆ្ងាយ។ តាមរយៈការសាងសង់អគារថ្មីផ្នែកសម្ភពនិងថែទាំទារកទើបនឹងកើតនេះ ទូតជប៉ុនក៏រំពឹងថាមន្ទីរពេទ្យអាចផ្តល់កន្លែងស្នាក់សមរម្យជាងមុន សម្រាប់ម្តាយដែលទើបសម្រាល និងដំណើរការព្យាបាលចាំបាច់នានាសម្រាប់ទារកដែលមានតម្រូវការចាំបាច់បានភ្លាមៗ។
 
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៥ លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៦៩ គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
 
 

Tag:
 វិស័យសុខមាលភាព
© រក្សាសិទ្ធិដោយ thmeythmey.com