កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទៅហ្វឹកហាត់នៅមីយ៉ាន់ម៉ា៖ សហព័ន្ធសីដក់អន្តរជាតិ ធានាសុវត្ថិភាពអត្តពលិកកម្ពុជាទាំង៣០នាក់
12, Dec 2022 , 2:02 pm        
រូបភាព
គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកីឡាសីដក់ និងឈិនឡូនកម្ពុជា ចេញដំណើរទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា។ រូបពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា
គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកីឡាសីដក់ និងឈិនឡូនកម្ពុជា ចេញដំណើរទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា។ រូបពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា
ដោយ:
សហព័ន្ធកីឡា ឈិនឡូនអាស៊ី រួមនឹងប្រធានសហព័ន្ធកីឡា ឈិនឡូនមីយ៉ាន់ម៉ា ធានាសុវត្ថិភាព ការហូបចុក ស្នាក់នៅ និងការហ្វឹកហាត់របស់អត្តពលិកកម្ពុជា។ លោក ទី លីឈ័ង អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ នៅថ្ងៃទី១២ ខែធ្នូ បន្ទាប់ពីអត្តពលិក និងគ្រូបង្វឹកកីឡាសីដក់កម្ពុជា ៣៦នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ាដែលកំពុងអស្ថិរភាពនយោបាយ។

 
ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានបញ្ជូនគ្រូបង្វឹក៦នាក់ កីឡាករ១៨នាក់ និងកីឡាការិនី១២នាក់ ទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា។ ជាមួយនឹងការចេញទៅហ្វឹកហាត់នេះ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក៏មានការព្រួយបារម្ភផងដែរចំពោះសុវត្ថិភាពរបស់អត្តពលិកកម្ពុជា ព្រោះស្ថានការណ៍ដ៏ក្តៅគគុករវាងយោធាមីយ៉ាន់ម៉ា និងប្រជាពលរដ្ឋ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពុំទាន់ស្រាកស្រាន្តឡើយ។
 
លោក ទី លីឈ័ង អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ប្រាប់មកកាន់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេលេក្រាមថា សហព័ន្ធក៏មានការព្រួយបារម្ភផងដែរ ប៉ុន្តែនេះជាភារកិច្ចរបស់អត្តពលិក និងសហព័ន្ធ។
 
«យើងមានការព្រួយបារម្ភដែរ គ្រាន់តែថាធ្វើម៉េចយើងត្រូវហ្វឹកហាត់។ តែយើងក៏មានភាពកក់ក្តៅផងដែរ ដោយបានការធានាសុវត្ថិភាពពីសហព័ន្ធកីឡាសីដក់ និងឈិនឡូន អាស៊ី និងសហព័ន្ធកីឡាសីដក់ និងឈិនឡូនមីយ៉ាន់ម៉ា»។ នេះជាការបញ្ជាក់របស់លោក ទី លីឈ័ង។
 
គួរបញ្ជាក់ថា គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡាសីដក់ និងឈិនឡូនកម្ពុជា ៣៦នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ជាមួយក្តីរំពឹង និងគោលដៅយកមេដាយមាសឱ្យបាន៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
 
 
 

Tag:
 កីឡាសីដក់ និងឈិនឡូន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com