កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បុណ្យសមុទ្រ៖ «គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍» បញ្ចប់ដោយជោគជ័យ និងផ្តល់សង្ឃឹមទៅស៊ីហ្គេម
12, Dec 2022 , 4:29 pm        
រូបភាព
ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ អបអរពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ។
ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ អបអរពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ។
ដោយ:
ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ បានបញ្ចប់ទៅដោយជោគជ័យ ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមពីថ្ងៃទី៩-១១ ខែធ្នូ។ មន្រ្តីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) ថាភាពជោគជ័យនេះជាក្តីសង្ឃឹមក្នុងការរៀបចំប្រកួតប្រដាល់គុនខ្មែរនៅស៊ីហ្គេមឆ្នាំ២០២៣។

 
ការប្រកួតគុនខ្មែរជ្រើសជើងឯកអាស៊ីអាគ្នេយ៍ បានបញ្ចប់ដោយភាពជោគជ័យ លើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល និងការផ្តល់ពិន្ទុពីចៅក្រម ដែលជាក្តីសង្ឃឹមសម្រាប់ស៊ីហ្គេម ២០២៣ តាមរយៈការរៀបចំរបស់កម្ពុជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 

ទិដ្ឋភាពទស្សនិកជនចូលរួមទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ។

សកម្មភាពកីឡា ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុមានដូចជា ការប្រកួតកីឡារួមមាន រត់កម្សាន្ត, ប្រណាំងកង់, កីឡាទូកក្តោង និងប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍។ ការរៀបចំនេះ សុទ្ធតែទទួលបានការគាំទ្រ និងជោគជ័យដ៏ធំធេង ពិសេសការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដែលជាការប្រកួត Pre-SEA Games សម្រាប់ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC សង្កេតឃើញថា ការរៀបចំការប្រកួតកីឡានីមួយៗ គឺពិតជាមានលក្ខណៈល្អប្រសើរ ពិសេសកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ មានការគាំទ្រច្រើនពីទស្សនិកជនចូលរួមទស្សនាដោយផ្ទាល់ នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ។
 
លោក វ៉ាត់ ចំរើន និយាយថា៖«ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ៣ថ្ងៃ ក្នុងពិធីបុណ្យសមុទ្រនេះ គឺយើងសង្កេតឃើញជាក់ស្តែង ពីការងាររបស់អាជ្ញាកណ្តាល-ចៅក្រមទាំងអស់ បានគោរពតាមគោលការណ៍រួមនៃបទបញ្ជានៃការប្រកួតគុនខ្មែរ ក៏ដូចជាគោលការណ៍ប្រកួត Muay ដែលមានចែងក្នុងធម្មនុញ្ញរបស់ស៊ីហ្គេម។ ការរៀបចំផ្តល់ពិន្ទុ កាត់សេចក្តី របស់អាជ្ញាកណ្តាល-ចៅក្រមទាំងអស់ មានភាពយុត្តិធម៌ ដែលជារឿងសំខាន់ ក្នុងការវិនិច្ឆ័យនៃជំនាញនីមួយៗ»៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 CAMSOC
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com