កីឡាជាតិ
ជាតិ
ជម្រើសជាតិវ៉ូវីណាម ពៅ សុខា មើលឃើញផលវិជ្ជមាននៃវេទិការ Asean-UN ដែលផ្ដោតលើកីឡាទប់ស្កាត់អំពើហិង្សា
12, Dec 2022 , 9:29 pm        
រូបភាព
កញ្ញា ពៅ សុខា ជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា ម្នាក់ចំណោម៤នាក់តំណាងឲ្យកម្ពុជា ទៅចូលរួមក្នុងវេទិការ ថ្នាក់តំបន់អាស៊ាន-អង្គការសហប្រជាជាតិ ស្ដីពីការទប់ស្កាត់អំពើហឹងសង្សារជ្រុលនិយមតាមរយៈសកម្មភាពកីឡា (Asean-UN Reginal Youth Forum on Prevention Violet Extremism Through Sports) នៅប្រទេសថៃ នាថ្ងៃទី៨-៩ ខែធ្នូ។ វេទិការនេះ ធ្វើឡើងដើម្បីជំរុញប្រទេសក្នុងតំបន់ ប្រើប្រាស់សកម្មភាពកីឡា ទប់ស្កាត់ ការពារ និងអប់រំយុវជន អំពីអំពើហិង្សាជ្រុលនិយមមួយចំនួន ដែលពួកគេងាយ នឹងរងផលប៉ះពាល់ និងក្លាយជាជនរងគ្រោះ។



ពៅ សុខា កីឡាការិនីវ៉ូវីណាមរូបស្រស់ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា វេទិការដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនេះ មានគោលដៅការការពារយុវជន ពីការអូសទាញទៅរកភាពអវិជ្ជមានណាមួយ ដោយបង្ហាញពីតួនាទីដ៏សំខាន់ របស់កីឡា ក្នុងការអប់រំដល់យុវជនតំបន់អាស៊ាន។ ជាក់ស្ដែង វិស័យកីឡា មានសារសំខាន់ក្នុងវិស័យអប់រំ។
 តំណាងប្រទេសចូលរួម សុខា សង្ឃឹមថាតាមរយៈសកម្មភាពកីឡា យុវជនទាំងអស់ នឹងមិនអាចត្រូវបានអូសទាញឲ្យចូលរួមសកម្មភាពអវិជ្ជមាន ដែលជាហេតុប៉ះពាល់ ដល់អនាគតរ​បស់ពួកគេ និងផលអាក្រក់ដល់ប្រទេសជាតិ ផងដែរ។
  

ការថតរូបជុំគ្នា បន្ទាប់ពីវេទិការបានបញ្ចប់។ រូបពី កញ្ញា ពៅ សុខា
 
«យុវជន មួយចំនួនអាចងាយរងផលប៉ះពាល់ ដោយត្រូវបានអូសទាញពីយុវជនម្នាក់ទៅម្នាក់ តាមការសេពគប់គ្នា។ វេទិការនេះ គឺរកដំណោះស្រាយ ដើម្បីអូសទាញយុវជនទាំងនោះ កុំឲ្យប្រព្រឹត្តិនូវអំពើអវិជ្ជមានដល់សង្គម។ យើង យករូបភាព កីឡា ដើម្បីអូសទាញយុវជន។ មិនថាតាមបណ្ដាញសង្គម គ្រប់ប្រព័ន្ធនៃការទំនាក់ទំនង ដើម្បីឲ្យអ្នកទាំងនោះ បានយល់ដឹង និងចាប់យកវិស័យកីឡាវិញ។»។ កញ្ញា ពៅ សុខា បានពន្យល់ដូច្នេះ។
 
យុវជនមួយចំនួន ក្នុងបណ្ដាលប្រទេសតំបន់អាស៊ាន បានក្លាយជាជនរងគ្រោះព្រោះការអូសទាញពីមនុស្សទុចរិត។ អ្នកទាំងនោះ អាចឈានទៅដល់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ប្រព្រឹត្តិអំពើចោរកម្ម និងលេងល្បែងស៊ីសងផ្សេងៗ ...។ល។ រឿងទាំងអស់នេះ ត្រូវបានលើកមកនិយាយច្រើនក្នុងវេទិការ ដែលភាគច្រើនកើតមាន នៅប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។ កញ្ញា ពៅ សុខា បាននិយាយដូច្នេះថា៖«រឿងទាំងអស់នោះ បានកើតឡើងភាគច្រើន មិនមែននៅក្នុងប្រទេសកម្ពុជា នោះទេ ហើយភាគច្រើនកើត មាននៅប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។ ខ្ញុំ ទៅបានចែករំលែកនូវគំនិតវិជ្ជមាន។ អត្ដពលិក គឺជាតួរអង្គសំខាន់ ដែលជាគំរូ ដល់យុវជនទាំងនោះ គួរតែធ្វើតាមនូវការប្រឹងប្រែងតស៊ូក្នុងវិស័យកីឡា។»។
  

កញ្ញាពៅ សុខា នៅខាងឆ្វេងដៃបង្អស់ ថតរូបជាមួយប្រតិភូចូលរួមក្នុងវេទិការ។ រូបពីកញ្ញា ពៅ សុខា
 
ម្ចាស់មេដាយសំរឹទ្ធិកីឡាស៊ីហ្គេមនៅវៀតណាមរូបនេះ បានបន្ថែមទៀតថា កម្ពុជា មានយុវជនជាច្រើនយល់ដឹងពីវិស័យកីឡា និងមានការគាំទ្រដល់កីឡាករ-កីឡាការិនី ដែលជាហេតុ បង្ហាញថាវិស័យកីឡានៅកម្ពុជាមានឥទ្ធិពល និងជាផ្នែកមួយជួយអូសទាញយុវជនទាំងនោះ មិនឲ្យធ្វើអំពើអវិជ្ជមានដល់សង្គម។
 
យុវនារីកម្ពុជារូបនេះ ចាត់ទុកថាការតំណាងឲ្យកម្ពុជា គឺជាបទពិសោធន៍ ដ៏ល្អមួយក្នុងនាមជាប្រជាពលរដ្ឋ ហើយក៏បានតាំងចិត្តនឹងចែករំលែកនូវអ្វី ដែលបានមកពីវេទិការនេះ ដល់យុវជន និងប្រជាជនកម្ពុជាផងដែរ។ កញ្ញា ពៅ សុខា បានប្រាប់ទាំងសុទិដ្ឋិនិយមថា៖«ខ្ញុំ ទទួលបានបទពិសោធន៍ យ៉ាងច្រើនពីវេទិការនេះ។ ខ្ញុំ គ្រាន់តែគិតថា អ្វីដែលទទួលបានក្នុងវេទិការ នឹងយកមកធ្វើជាដំណោះស្រាយមួយ ដើម្បីអភិវឌ្ឍយុវជនក្នុងប្រទេសរបស់យើង។»។
 
គួរបញ្ជាក់ផងដែរថា កញ្ញា ពៅ សុខា បានទៅចូលរួមវេទិការយុវជនថ្នាក់តំបន់អាស៊ាន-អង្គការសហប្រជាជាតិ ស្ដីពីការទប់ស្កាត់អំពើហឹង្សាជ្រុលនិយម តាមរយៈកីឡានេះ ជាមួយលោក ប៉ុក លក្ស្មី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា, កញ្ញា ​ម៉ង គនិដ្ឋនីតា កីឡាការិនីជម្រើសជាតិ និង កញ្ញា យស់ សញ្ចនា កីឡាការិនីជម្រើសជាតិ។ វេទិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ៕
 

កញ្ញា ពៅ សុខា នៅទី២ រាប់ពីខាងឆ្វេងដៃ។ ការថតជុំគ្នាជាមួយប្រតិភូ ៣នាក់ទៀត។ រូបពីកញ្ញា ពៅ សុខា
 
 
 


Tag:
 ពៅ សុខា
  Asean-UN Reginal Youth Forum
© រក្សាសិទ្ធិដោយ thmeythmey.com