ជាតិ
ក្រសួង ចេញគោលនយោបាយពង្រឹងការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រយៈពេលខ្លី
12, Dec 2022 , 10:29 pm        
រូបភាព
នយោបាយកាត់បន្ថយការប្រើប្រាស់ គ្រប់គ្រងផលិតផលប្លាស្ទិករយៈពេលខ្លីនឹងត្រូវផ្ដោតលើវិធានការណ៍ធំៗបី
នយោបាយកាត់បន្ថយការប្រើប្រាស់ គ្រប់គ្រងផលិតផលប្លាស្ទិករយៈពេលខ្លីនឹងត្រូវផ្ដោតលើវិធានការណ៍ធំៗបី
ដោយ:
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយ៣សំខាន់ៗ សម្រាប់កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី។

 
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាចលនាជួយជីវិត និងបរិស្ថាន ដែលកើតចេញពីតម្រូវការរបស់មនុស្ស។
 
«ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាចលនាជួយជីវិត ជួយបរិស្ថាន កុំឱ្យមានការរងគ្រោះពីសំណល់ប្លាស្ទិក។ ប្រសិនប្រជាជនគ្រប់រូបរួមគ្នាមិនប្រើថង់ប្លាស្ទិកនោះមួយថ្ងៃនឹងអាចកាត់បន្ថយការថង់ប្លាស្ទិកបានចំនួន ១៦លានថង់ ប្រសិនធ្វើរហូតក្លាយជាចលនា ​នេះអាចជាជម្រើសប្រសើរបំផុត»។ នេះជាការលើកឡើងរបស់លោក សុផល្លែត ក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តវិធានការគោលនយោបាយ ស្ដីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
  

 លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ រូបភាពដោយក្រសួងបរិស្ថាន​។

ក្រសួង បានដាក់ចេញគោលនយោបាយ៣ចំណុចរួមមាន ទី១ ជំរុញនិងការកែច្នៃសំណល់ប្លាស្ទិក ទី២ លើកកម្ពស់ការគ្រប់គ្រង និងជំរុញដោយជំនួសការប្រើជីវប្លាស្ទិក និងទី៣ បញ្ជា្របចំណោះដឹងបន្ថែមដល់សារធារណជន ដើម្បីកាត់បន្ថយការប្រើប្រាស់។
 
លោក ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងមួយឆ្នាំៗ មានសំណល់ប្លាស្ទិក ប្រមាណពី ៨ ទៅ៩លានតោន បានហូរចូលទៅក្នុងសមុទ្រ។  សំណល់ទាំងនេះ អាចបំបែកបង្កើតជាពពួក មីក្រូ និងណាណូប្លាស្ទិក ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានសមុទ្រ។ ជាពិសេស មីក្រូ និងណាណូប្លាស្ទិកនេះ ក៏ជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស ព្រោះវាអាចឆ្លងចូលចង្វាក់អាហារមកក្នុងខ្លួនមនុស្ស និងចូលទៅក្នុងសរសៃឈាម។

ទន្ទឹមនេះ អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន លោក ប៉ាក សុខារ៉ាវុត លើកឡើងថា ការប្រើថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកបម្រើសេវាអាហារ និងភេសជ្ជៈជារឿងសំខាន់ដែលត្រូវគិត។ លោកបន្ថែមបែបនេះ៖ «ប្រភេទប្លាស្ទិក ដែលបង្កបញ្ហាប្រឈមខ្លាំង និងត្រូវដោះស្រាយបន្ទាន់ ក្នុងនោះរួមមាន ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកបម្រើសេវាអាហារ និងភេសជ្ជៈ»។
 

 លោក ប៉ាក សុខារ៉ាវុត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន។ រូបភាពដោយក្រសួងបរិស្ថាន។

គិតត្រឹមឆ្នាំ២០១៥ នៅលើសាកលលោក មានផលិតផលប្លាស្ទិកសរុបប្រមាណ ៨,៣ពាន់លានតោន ហើយផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកដែលប្រមូលបានត្រឹមតែ ៩%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃ៕
 

Tag:
 បរិស្ថាន
  ប្លាស្ទិក
  នយោបាយកាត់បន្ថយ
© រក្សាសិទ្ធិដោយ thmeythmey.com