កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឈិន ឈឿន៖ ខ្ញុំ មិនចូលរួមរួមជាមួយក្លិបដទៃទេ តែខ្ញុំចង់បញ្ចប់អាជីព ក្នុងក្លិបដែលផ្ដល់កំណើតឲ្យខ្ញុំ
12, Dec 2022 , 5:59 pm        
រូបភាព
កីឡាករ ឈិន ឈឿន អំឡុងពេលប្រកួតក្នុងក្របខ័ណ្ឌលីគកំពូល រូបពី Cambodian Premier League
កីឡាករ ឈិន ឈឿន អំឡុងពេលប្រកួតក្នុងក្របខ័ណ្ឌលីគកំពូល រូបពី Cambodian Premier League
ឈិន ឈឿន អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៤ឆ្នាំ ក្រោមហេតុផល ផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងបញ្ចេញសមត្ថភាព ព្យាបាលរបួសឲ្យជាសះស្បើយ និងលក្ខខណ្ឌអាយុជាដើម។ អ្វីដែលពិសេសបំផុត ឈិន ឈឿនចង់បញ្ចប់អាជីពនៅក្នុងក្លិបកងយោធពលខេមរភូមិន្ទ ដែលជាក្លិបបណ្ដុះបណ្ដាលរូមគេក្លាយជាកីឡាករអាជីព ទោះមានក្លិបផ្សេងទាក់ទង។

 
ឈិន ឈឿន ដែលមានអាយុ ៣៤ឆ្នាំ បានប្រកាសចូលនិវត្តន៍ជាផ្លូវការ ក្រោមហេតុផលជាច្រើន។ កីឡាកររូបនេះ បានចាត់ទុកថា វ័យរបស់ខ្លួនចាស់ ដូចនេះរូបលោក សង្ឃឹមថា អាចជាជម្រើសរើសល្អ ដែលយកកីឡាករវ័យក្មេងចូលប្រកួតជំនួស។ 
 
មុនពេលបញ្ចប់អាជីព ឈិន ឈឿន បានបញ្ជាក់ប្រាប់ផងដែរថា មានក្លិបអាជីពក្នុងលីគកំពូល មួយចំនួនចង់បានរូបគេទៅរួមក្រុម។ ប៉ុន្ដែកីឡាកររូបនេះ បដិសេធ និងសង្ឃឹមថា ពេលដែលចូលនិវត្តន៍ រូបគេ អាចបញ្ចប់អាជីពជាកីឡាករ នៅក្លិបដែលបានបណ្ដុះបណ្ដាលខ្លួន។
 
«មានក្លិបមួយចំនួន បានទំនាក់ទំនងមកខ្ញុំ ឲ្យទៅលេងដែរ ប៉ុន្ដែខ្ញុំ មិនចង់ទៅលេងទេ ព្រោះគោលដៅខ្ញុំ ចង់បញ្ចប់អាជីពនៅក្លិប ដែលផ្ដល់កំណើតឲ្យខ្ញុំ។ ណាមួយ សុខភាពរបស់ខ្ញុំ ដូចជាមិនសូវស្រួល។ មានន័យថា សុខភាពមិនដូចជាចិត្តដែលខ្ញុំរំពឹងទុក។»។
 
ខ្សែការពាររូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ដំបូងនៅអំឡុងឆ្នាំ២០១២។ ការបង្ហាញខ្លួនឲ្យកម្ពុជា​ ដោយរាប់បញ្ចូលក្រុមអាយុក្រោម២២ឆ្នាំ និងក្រុមជម្រើសជាតិឈុតធំ កីឡាកររូបនេះ បានបង្ហាញខ្លួនសរុប ចំនួន១១លើក។ ការជាប់ជាជម្រើសជាតិ មិនមែនសុទ្ធតែកីឡាករបាល់ទាត់ទាំងអស់ អាចចូលរួមបានទេ លុះត្រាតែអ្នកទាំងនោះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងលីគកម្ពុជា និងជាប់តេស្ដ បន្ទាប់ពីការកោះហៅឲ្យប្រមូលផ្ដុំហ្វឹកហាត់។
 
អតីតសមាជិកក្រុមគោព្រៃ ចាត់ទុកថាខ្លួនបានសម្រេចគោលបំណងមួយចំនួនធំក្នុងវិស័យកីឡាបាល់ទាត់ ព្រោះក្ដីស្រមៃ លោក ចង់ប្រកួតតំណាងឲ្យកម្ពុជា និងនាំយកកេរ្ដិ៍ឈ្មោះជូនជាតិ។ លោក ឈិន ឈឿន និយាយថា៖«អំឡុងពេលប្រកបអាជីព ខ្ញុំ តែងសង្ឃឹមថា ខ្ញុំអាចប្រកួតឲ្យជាតិ នាំយកកេត្តិយសផ្សេងៗ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ដូចជាអ្នកជំនាន់មុន។»។
ដោយឡែកចំពោះ ចំពោះការចូលរួមបែបណាក្នុងវិស័យកីឡាបាល់ទាត់ ក្រោយពេលបញ្ចប់អាជីពជាកីឡាករ ឈឿនមិនបានបញ្ជាក់នោះទេ គ្រាន់តែប្រាប់ឲ្យដឹង រូបលោក នៅតែបន្ដចូលរួមជួយវិស័យកីឡាមួយនេះ ឲ្យវិវឌ្ឍទៅមុខ ទៅតាមសមត្ថភាព ដែលអាចចូលរួម។
 
កីឡាករវ័យ ៣៤ឆ្នាំនេះ បានធ្វើវីឌីអូ អប់រំ និងការហ្វឹកហាត់បាល់ជាច្រើន ព្រោះសង្ឃឹមថាអាចជាផ្នែកមួយជួយបណ្ដុះបណ្ដាលយុវជន ឬអ្នកដែលស្រឡាញ់នូវវិស័យកីឡាមួយនេះ។ លោក ឈិន ឈឿន និយាយដូច្នេះថា៖«គោលដៅខ្ញុំ ធ្វើ VDO ខ្ញុំសង្ឃឹមថា ប្អូនៗ នៅតាមបណ្ដាលខេត្ត មានលទ្ធភាពហ្វឹកហាត់ដោយខ្លួនឯង បើទោះជាមិនមានលុយគ្រប់គ្រាន់ មកហ្វឹកហាត់នៅភ្នំពេញ។ ហើយ ជាផ្នែកមួយជួយពួកគាត់ ប្រសិនជាចង់ក្លាយជាកីឡាករអាជីព ដែលល្អ និងមានការវិវឌ្ឍខ្លួនពីកីឡាករធម្មតា ទៅជាកីឡាករអាជីព។ បើទោះជាមិនអាចក្លាយជាកីឡាករអាជីព គាត់អាចលេងដោយខ្លួនឯងបាន។  VDO នេះ អាចធ្វើឲ្យក្ដីស្រមៃរបស់ពួកគេខ្លាចជាការពិត ប្រសិនពួកគេ មានការប្រឹងប្រែង។»។
 
គួរបញ្ជាក់ផងដែរថា ខ្សែការពារ ឈិន ឈឿន បានឈានចូលក្នុងវិស័យកីឡាបាល់ទាត់ ចាប់ពីឆ្នាំ២០១០ ហើយបានចូលនិវត្ដ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងនាមជាខ្សែការពាររបស់ក្លិបកងយោធពលខេមរភូមិន្ទ ដែលជាក្លិបកំណើតខ្លួន។ កីឡាកររូបនេះ បានចូលរួមជួយ ក្លិបកងយោធពលខេមរភូមិន្ទ ឈ្នះពានសម្ដេច ហ៊ុន សែន ចំនួន ៣លើក គឺឆ្នាំ២០១០, ២០១៦ និងឆ្នាំ២០១៨៕
 

Tag:
 បាល់ទាត់
  ឈិន ឈឿន
© រក្សាសិទ្ធិដោយ thmeythmey.com