ជាតិ
កសិករ៤០គ្រួសារ ទទួលបានប្រាក់បន្ថែម២០០រៀលក្នុង១គីឡូស្រូវ ពីគម្រោងស្រូវមិត្តភាពសត្វព្រៃ
13, Dec 2022 , 7:59 am        
រូបភាព
 រូបភាពដោយ អង្គការជីវិតធម្មជាតិនៅកម្ពុជា
រូបភាពដោយ អង្គការជីវិតធម្មជាតិនៅកម្ពុជា
ដោយ:
ភ្នំពេញ៖ កសិករចាស់ថ្មីចំនួន៤០គ្រួសារនៅភូមិស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ដែល​អនុវត្តត្រូវតាមលក្ខន្តិកៈនឹងត្រូវបានជ្រើសរើសជាកសិករក្នុងគម្រោងស្រូវមិត្តភាពសត្វព្រៃឆ្នាំនេះ។ បើតាម​អង្គការជីវិតធម្មជាតិនៅកម្ពុជា កសិករទាំង៤០គ្រួសារនឹងទទួលបាន២រយរៀលបន្ថែមពីលើថ្លៃលក់ស្រូវទៅឱ្យឈ្មួញកណ្ដាល។ គិតត្រឹមសប្ដាហ៍ទី១ ខែធ្នូនេះ ​កសិករប្រមូលផលបានជាង ៨០ភាគរយ។



គម្រោងស្រូវមិត្តភាពសត្វព្រៃចាប់ផ្តើម​ដំបូង​កាលពី​ឆ្នាំ​ ២០០៨ ​ក្នុង​ខេត្ដ​ព្រះវិហារ​ ដោយ​បាន​ពង្រីក​ដល់​ខេត្ដ​ចំនួន​ ៣ ​ទៀត គឺ​ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី និងមានការចូលរួមពីពលរដ្ឋជាង១៥០០គ្រួសារ។ លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ២០២២ ជាឆ្នាំទី២ សម្រាប់ការអនុវត្តគម្រោងស្រូវមិត្តភាពសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី។
  

រូបភាពដោយ អង្គការជិវិតធម្មជាតិនៅកម្ពុជា
 
ទន្ទឹមនេះ ក្រុមការងារបានបញ្ចូល កសិករនៅភូមិស្រែជ្រៃចំនួន៤០គ្រួសារ ទៅក្នុងគម្រោងស្រូវមិត្តភាពសត្វព្រៃផងដែរ។ លោក វរសក្ស ពន្យល់បែបនេះ៖ « នៅក្នុងខេត្តរតនគិរីគម្រោងស្រូវនេះបានអនុវត្តទៅលើ២ភូមិ។ ប៉ុន្ដែចំនួន៤០គ្រួសារនោះគឺសំដៅទៅលើតែភូមិស្រែជ្រៃប៉ុណ្ណោះ ដោយសារពលរដ្ឋនៅទីនោះបានធ្វើត្រូវតាមលក្ខន្តិកៈរបស់គម្រោង»។
 
ប្រធានអង្គការរូបនេះ បានលើកឡើងថា នៅរដូវប្រមូលផលឆ្នាំនេះកសិករអាចទទួលបានតម្លៃ២រយរៀល បន្ថែមក្នុងមួយគីឡូក្រាម ទៅលើថ្លៃដើម ដែលពួកគាត់លក់ទៅឱ្យឈ្មួញកណ្ដាល។ មួយវិញទៀត នៅជិតពាក់កណ្ដាលខែធ្នូ ឆ្នាំនេះ កសិករនៅដែនជម្រកសត្វព្រៃលំផាត់ អាចប្រមូលផលស្រូវមិត្តភាពសត្វព្រៃបានជាង៨០ភាគរយ។ ចំណែកឯទិន្នផលដែលទទួលបាន នឹងត្រូវបញ្ជាក់នៅពេលស្រូវប្រមូលផលបានមួយរយភាគរយ។
 
សូមបញ្ជាក់ថា កន្លងមកក្រសួង​បរិស្ថាន​បានវាយតម្លៃចំពោះ​ការអនុវត្ដ​គម្រោង​ស្រូវមិត្តភាពសត្វព្រៃ ជាសកម្មភាពមួយបង្ហាញពី​និរន្តរភាពក្នុងការ​គាំទ្រលើ​ការអភិរក្ស ​ការពារ​សត្វព្រៃ ព្រៃឈើ ជាពិសេសអាច​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ៕
 
 
 
 

Tag:
 កសិករ
  ស្រូវមិត្តភាពសត្វព្រៃ
  ខេត្តរតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com