ជាតិ
រដ្ឋមន្ត្រីទេសចរណ៍​ ប្តេជ្ញា​ទប់ស្កាត់ករណី​ទឹកកខ្វក់ហូរចូលសមុទ្រ ដើម្បីបង្កើនភាពស្អាតតាមឆ្នេរ
13, Dec 2022 , 8:59 am        
រូបភាព
 លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍  ឡើងថ្លែងពីការប្តេជ្ញាក្នុងសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ (រូបភាពពី ក្រសួងទេសចរណ៍)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឡើងថ្លែងពីការប្តេជ្ញាក្នុងសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ (រូបភាពពី ក្រសួងទេសចរណ៍)
ភ្នំពញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នឹងបង្កើនការការពារទឹកដែលហូរចូលសមុទ្រ ដើម្បីបង្កើនភាពស្អាតតាមឆ្នេរ។ ចំណុចនេះ ដើម្បី​បង្កើនការទាក់ទាញភ្ញៀវទេសចរ និងក្នុងនាម​ជាសមាជិកក្លឹបឆ្នេរស្អាតបំផុតលើសាកលលោក។ លោករដ្ឋមន្រ្តី លើកឡើងបែបនេះ នៅ​ក្នុងសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។



ទឹកដែលហូរចូលសមុទ្រ ត្រូវតែជាទឹកស្អាត ជាពិសេសទឹកដែលប្រជាពលរដ្ឋប្រើប្រាស់រួច ឬទឹកចម្រុះជាមុន។ យ៉ាងណាមិញ​ ​រដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវអប្បមាទខ្ពស់ក្នុងការគ្រប់គ្រង ដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនានា។ បើតាម​ក្រសួងទេសចរណ៍ ការរួមចំណែកសម្រេចនូវចក្ខុវិស័យអភិវឌ្ឍតំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា និងអភិវឌ្ឍក្រុងព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង ដោយឈរលើភាពបត់បែន និងអភិក្រមបុរេសកម្ម។
  

ពីឆ្វេង លោក ថោង ខុន ​និងលោក Michel BUJOLD ប្រធានក្លឹបឆ្នេរសុមុទ្រដែលស្អាតបំផុតលើសាកលលោក (រូបភាពី ក្រសួងទេសចរណ៍)។
 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ថា៖ «ចំណុចមួយដែលយើងខ្ញុំតែងនិយាយទៅកាន់សហការីរបស់ខ្ញុំ នៅតំបន់អង្គរត្រូវខិតខំការពារប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោក តែនៅតំបន់ឆ្នេរសមុទ្រ ត្រូវការពារទឹកសមុទ្រមុនគេ។ បើទឹកសមុទ្រត្រូវបានបំផ្លាញហើយ ត្រូវបានបំពុលហើយ គ្មានទេសចរណា មកលេងសមុទ្រទេ។ អ៊ីចឹងយើងត្រូវខិតខំឱ្យមានការយល់ដឹងមុនគេថា នៅសមុទ្រត្រូវការពារទឹកសមុទ្រមុនគេ ត្រូវតែសមុទ្រស្អាត ត្រូវតែឆ្នេរស្អាត ហើយត្រូវតែជាទីក្រុងស្អាតដែលមានទឹកហូរចូលសមុទ្រជាទីក្រុងស្អាត»។
 
កម្ពុជាក៏ដូចជាពិភពលោក អាចនឹងប្រឈមជាមួយបញ្ហាស្មុគស្មាញមួយចំនួនត្រូវដោះស្រាយរួមមាន ការរៀបចំហេដ្ឋារចនាសម្ពន្ធនៅតាមឆ្នេរ ការសាងសង់នៅតាមបណ្តោយឆ្នេរ លើដីចំណីឆ្នេរ។ មួយ​វិញទៀត តំបន់រណប បញ្ហាសំណល់រឹង និងរាវ ការប្រើប្រាស់ទឹក បញ្ហាថាមពល សកម្មភាពមួយចំនួនដែលអាចប៉ះពាល់ដល់ធនធានក្រោមសមុទ្រ និងការគ្រប់គ្រងលើគ្រប់សេវាដែលពាក់ព័ន្ធនានា។
 
លោក ថោង ខុន  បន្តថា កម្ពុជាបានបង្កើនការការពារ និងអភិរក្សនូវធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត នៅតំបន់ឆ្នេរសមុទ្រយ៉ាងហ្មត់ចត់។  លើសពីនេះ គឺការទទួលខុសត្រូវខ្ពស់ ស័ក្តិសមនឹងអ្វីដែលប្រសិទ្ធនាមថា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» ចំណែកឆ្នេរសមុទ្រកម្ពុជាក៏ស័ក្តិសមជា «តារារះនាទិសនិរតី»។
 
សូមជម្រាបដែរថា មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាថ្ងៃទី៩-១៤ ធ្នូ ក្រោមប្រធានបទ«ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» មានការចូលរួមលោក Michel BUJOLD ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល គណៈប្រតិភូក្លឹបឆ្នេរ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត។ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣នេះ ក៏មានការតាំងពិព័រណ័សរុបចំនួន ៣៥០ស្តង់ និងមានទេសចរប្រមាណជាង ៧សែននាក់ផងដែរ៕
 

Tag:
 ThmeyThmey25
  ទេសចរណ៍
  ក្លឹបឆ្នេរស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com