កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូលើកទម្ងន់លំដាប់អូឡាំពិក មកបង្រៀនគ្រូកម្ពុជា២៥នាក់ ត្រៀមស៊ីហ្គេម២០២៣
13, Dec 2022 , 5:09 pm        
រូបភាព
លោក Aveenash Pandoo មន្រ្តីជំនាញសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ធ្វើបទបង្ហាញដល់សិក្ខាកាមកីឡាលើកទម្ងន់កម្ពុជា។
លោក Aveenash Pandoo មន្រ្តីជំនាញសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ធ្វើបទបង្ហាញដល់សិក្ខាកាមកីឡាលើកទម្ងន់កម្ពុជា។
ដោយ:
លោក Aveenash Pandoo មន្រ្តីជំនាញនៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងជានាយកប្រតិបត្តសហព័ន្ធកីឡាលើកទម្ងន់កម្រិតខ្ពស់របស់ឥណ្ឌា នឹងធ្វើជាគ្រូឧទ្ទេសបណ្តុះបណ្តាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់កម្ពុជា​ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ​ ​​​​​ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

 
យោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបើកសិក្ខាសាលាស្តីពី«សាមគ្គីអូឡាំពិក បណ្តុះបណ្តាលបង្វឹកកីឡាលើកទម្ងន់» ដែលមានសិក្ខាកាម២៥នាក់ ស្រី៥នាក់ ដោយទទួលបានការបណ្តុះបណ្តាលពីគ្រូឧទ្ទេស លោក Aveenash Pandoo ជនជាតិឥណ្ឌា ដែលជាគ្រូលំដាប់អូឡាំពិក។ 
 

សិក្ខាកាមកីឡាលើកទម្ងន់កម្ពុជា សិក្សាវគ្គបណ្តុះបណ្តាលបច្ចេកទេស កីឡាលើកទម្ងន់។
 
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលមានគោលបំណងចង់ឱ្យសិក្ខាកាមកែតម្រូវបច្ចេកទេសជំនាញនៃកីឡាលើកទម្ងន់ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែម ឈានទៅជាគ្រូបង្វឹកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមន្ត្រីកាត់ក្តីក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
លើសពីនេះទៅទៀតលោក សុខយី សំណូមពរ និងទទូចដល់សិក្ខាកាមដែលបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាល យកចិត្តទុកដាក់ស្តាប់ ក្រេបយកចំណេះដឹង ជំនាញ និងស្វែងយល់ឱ្យបានស៊ីជម្រៅទៅលើបច្ចេកទេសឱ្យបានត្រឹមត្រូវ ក្នុងនាមជាមន្រ្តីបច្ចេកទេសតំណាងប្រទេសជាតិ។
 
គួរបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលកីឡាលើកទម្ងន់មានចំនួន២៥នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ មកពីក្រសួង រាជធានី-ខេត្តចំនួន៧ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តកែប ខេត្តសៀមរាប  ៕
 

Tag:
 កីឡាលើកទម្ងន់
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com