ជាតិ
របាំ​រឿង​ “ព្រះបាទជយវរ្ម័នទី៧” ក៏​សម្ដែង​ក្នុងមហា​​ព្រឹត្តិការណ៍​”រាត្រីចង​ចាំ​” ដែរ
14, Dec 2022 , 8:59 am        
រូបភាព
ភ្នំពេញ​៖ របាំ​រឿង “​ព្រះ​បាទ​ជយវរ្ម័នទី​៧” ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើនកុះករ​​ពី​មហាជន​ គ្រា​សម្ដែង​លក់​សំបុត្រ​ចំនួន​៣​លើក​រួច​​ទៅហើយ​​នោះ​ ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​មហាព្រឹត្តិការណ៍​“​រាត្រី​ចង​ចាំ​” ដែល​ប្រារព្ធ​ឡើង​នៅ​លើ​ទឹក​ដី​​អង្គរ​​ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ខាង​មុខ​​ដែរ​។



​ “​ព្រះ​បាទ​ជយវរ្ម័ន​ទី​៧” ជា​របាំរឿង​​ដែល​ត្រូវ​បាន​សម្រិត​សម្រាំង​ ​គ្រឿងអាភរណៈ និង​សម្លៀក​បំពាក់​យ៉ាង​ល្អ​វិចិត្រ​ ​ក្បាច់រាំ​យ៉ាង​ទន់​ភ្លន់​​ ហើយ​ខ្លឹម​សា​រ​​​សាច់​រឿង​ ក៏​ត្រូវ​បាន​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់​ ពី​ឯកសារ​ជា​ច្រើន​​ដែរ​។ ស្នាដៃ​ដែល​ដំឡើង​​ដោយ​លោក​ស្រី ឱម យុវណ្ឌី​ នេះ​នឹង​ត្រូវ​យក​ទៅ​សម្ដែង​ នៅ​ក្នុង​មហាព្រឹត្តិការណ៍​ “​រាត្រី​ចង​ចាំ​” នា​ខេត្ត​សៀម​រាប​។
  

  លោកស្រី ឱម យុវណ្ឌី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប (រូបកណ្ដាល)

បើ​ទោះ​បី​ជា​សាច់​រឿង​ល្អ​យ៉ាង​ណា​ក្ដី ក៏​ត្រូវ​កាត់​ឈុត​​មួយ​ចំនួន​ចេញ​ខ្លះ​ ដើម្បី​តម្រូវ​តាម​​ពេល​វេលា​ សម្រាប់ការ​សម្ដែង​​​សិល្បៈ​ផ្សេង​ៗទៀតដែរ​​​​​។ របាំរឿង​​ដែល​ធ្លាប់​​សម្ដែង​រយៈ​ពេល​ជិត​២​ម៉ោង​ ត្រូវការ​ នាដករ​ នាដកា ​សិល្បករ សិល្បការិនី និង​អ្នក​គុន​និយម ប្រមាណ​ជិត​២០០​នាក់​នេះ ត្រូវ​កាត់​បន្ថយ​មក​ត្រឹម​ប្រមាណ​​១០០​នាក់​ និង​ត្រូវ​សម្ដែង​តែ​៤០​នាទី​ប៉ុណ្ណោះ​។ បើ​ទោះ​បី​ជា​កាត់​ឈុត​ខ្លះ​ និង​​ចំនួន​អ្នក​សម្ដែង​ក្ដី​ ក៏​មិន​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ខ្លឹម​សារ​​នៃ​សាច់​រឿងនេះ​​ដែរ ព្រោះ​សាច់​រឿង​ទាំង​មូល​ត្រូវ​បាន​បែង​ចែក​ជា​ផែន​យ៉ាង​ច្បាស់​លាស់​​។
 
លោកស្រី ឱម យុវណ្ណឌី ​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​ជា​ម្ចាស់​ស្នាដៃរបាំ​រឿង​ “ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៧” ​បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ឈុត​ដែល​ត្រូវ​កាត់​ចេញ​ គឺ​​​ឈុត​ចម្បាំង​ ឈុត​សមិទ្ធិផល​សម័យ​អង្គរ និង​សៀក។ ហើយ​ឈុត​ដែល​នៅ​រក្សា​សម្រាប់​ការ​សម្ដែង​ មាន​ឈុត​​​​ស្នាព្រះហស្ថព្រះ​នាង​ឥន្ទ្រទេវី (ឈុត​បង្រៀន​ក្រុម​នារី ក្នុង​សាលា​ធំ​ជាង​គេ​នៅ​សម័យ​អង្គរ​) ឈុត​សម​យុទ្ធ​គុន​ល្បុក​តោ​ ​គុន​យុទ្ធក្រម​ខម​ និង​ឈុត​ស្នេហារបស់​ព្រះបាទ​ជយវរ្ម័ន​ទី៧​។ 
 
បើ​គិត​តែ​​ទម្រង់​របាំ ដែល​ត្រូវ​សម្ដែង​នៅ​ថ្ងៃ​មហាព្រឹត្តិការណ៍​”រាត្រី​ចង​ចាំ​” មាន​៤​ទម្រង់​ធំ​ៗ គឺ​ទម្រង់​របាំ​ព្រះ​រាជ​ទ្រព្យ(របាំ​ក្បាច់​បុរាណ​)​ របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​សហសម័យ​​​។
ទោះ​ជា​យ៉ាង​ណា​ ​ការ​ហាត់​សម​ត្រៀម​សម្ដែង​លើក​នេះ ​មាន​រយៈ​ពេល​តែ​កន្លះ​ខែ​តែ​ប៉ុណ្ណោះ​ សម្រាប់​សិល្បករ​សិល្បការិនី​ប្រមាណ​១០០​នាក់​​។ ពិសេស​ពេល​វេលា​ដ៏​ខ្លី​នេះ​ លោក​​ស្រី​ត្រូវ​បង្វឹក​តួធំ​ទាំង​៣​ គឺ​តួព្រះ​បាទ​ជយវរ្ម័ន​ទី​៧ ព្រះ​នាង​ឥន្ទ្រទេវី និង​ព្រះ​នាង​ជយរាជ​ទេវី​ ដែល​សុទ្ធ​សឹង​តែ​ជា​តួ​ថ្មី​ទាំង​អស់​​​។
  

 ឈុតមួយក្នុងរបាំរឿង ព្រះបាទជ័យវរ្ម័នទី៧ គ្រាសម្ដែងលើកទី៣ នៅសាលចតុមុខ

លោក​ស្រី ឱម យុវណ្ឌី​ បញ្ជាក់​បន្ថែម​៖«លើក​នេះ​ខ្ញុំ​រើស​តួអង្គ​ធំៗ ពីរ​ៗគូ​តែ​ម្ដង។​​ ក្នុង​មួយ​តួ​ខ្ញុំ​រើស​ពីរ​​នាក់​យក​មក​បង្ហាត់​​ ​ដើម្បី​បង្កា​រ​​ខ្វះ​តួ​​ទៅ​ថ្ងៃ​ក្រោយ​។ តួចាស់​ៗ​អ្នក​ខ្លះ​គាត់​ជាប់​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ ខ្លះ​ជាប់​សម្ដែង​នៅ​កន្លែង​ផ្សេង​ ដូច្នេះ​តួធំ​ៗ​ខ្ញុំ​ត្រូវ​រើស​ថ្មី​ទាំង​អស់​។ តែ​​តួលើក​នេះ​ខ្ញុំ​បង្ហាត់​លឿន ​ព្រោះ​គាត់​ធ្លាប់​មាន​ពិសោធ​សម្ដែង​ច្រើន​ហើយ គ្រាន់​តែ​គាត់​មិន​ធ្លាប់​សម្ដែង​រឿងនេះ​​​»។ 
 
ដ្បិត​តែ​ការ​សម្ដែង​៣​ដង​មក​ហើយ​ ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​មហាជន​ក្ដី​ ប៉ុន្តែ​ក្នុង​ការ​សម្ដែង​លើក​ទី​៤​នេះ លោក​ស្រី យុវណ្ឌី អតីត​នាដកា​របាំ​ក្នុង​ព្រះ​បរម​រាជវាំង​ មិន​ទាន់ហ៊ាន​ដាក់​ក្ដី​ទំពឹង​​ខ្ពស់​ សម្រាប់​ការ​គាំ​ទ្រ​ឡើង​។ យ៉ាង​ណា​ក៏​ដោយ​ ​លោក​ស្រី​នៅ​តែ​សង្ឃឹម​​ថា​នឹង​មាន​អ្នក​គាំ​ទ្រ​ច្រើន ដូចកាល​សម្ដែង​​​លើក​ទី​១ ទី​២ និង​ទី​៣​ដែរ​ ព្រោះ​នេះ​ជា​របាំ​ដែល​បង្ហាញ​ពី​តម្លៃ​របស់​ជាតិ​។ 
 
«ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ទស្សនិកជន​ណាស់​ ដែល​តែង​តែ​គាំ​ទ្រ​ស្នាដៃ​សិល្បៈ​ជាតិ​យើង​។ ហើយ​​ខ្ញុំ​សូម​ឱ្យ​  ទស្សនិកជន​ នៅ​តែ​បន្ត​គាំ​ទ្រ​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​»។ នេះ​ជា​ការ​ថ្លែង​អំណរ​គុណ​របស់​លោក​ស្រី​ យុវណ្ឌី ចំពោះ​​អ្នក​គាំ​ទ្រ​សិល្បៈ​វប្បធម៌​ជាតិ​គ្រប់​រូប​។ 
  

 បារគូទាំង៤រូប ក្នុងរបាំរឿង ព្រះបាទជយវរ្ម័នទី៧ ថតរូបអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រ

របាំ​រឿង “​ព្រះ​បាទ​ជយវរ្ម័ន​ទី​៧” កើត​ឡើង​​​ដោយ​សារ​ក្ដី​​គោរព​ស្រឡាញ់ ក្ដី​ស្ញប់​ស្ញែង​នូវ​​ស្នាព្រះ​ហស្ថ ​និង​កិត្តិនាម​​របស់​អតីត​​ព្រះ​មហាក្សត្រ ​ព្រះ​បាទ​ជយ​វរ្ម័យ​ទី​៧ ពី​សំណាក់​លោក​ស្រី​ ឱម យុវណ្ឌី​​​។ ក្រោយ​ពី​ដំឡើយនិង​សម្ដែង​​​របាំ​រឿង “​ព្រះ​នាង​ឥន្ទ្រទេវី​ និង​ព្រះ​នាង​ជ័យ​រាជ​ទេវី” ភាគ​១រួច លោក​​ស្រី​ក៏​បាន​ដំឡើង​រឿង​ “ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៧​”នេះ​​បន្តទៀត​។
 
សូម​បញ្ជាក់​ដែរ​ថា កម្ម​វិធី​សំខាន់​ៗ ក្នុង​ព្រឹត្តិការណ៍​ “​រាត្រី​ចង​ចាំ​"​ មាន​ការ​ស្មឹងស្មាតឧទ្ទិសដួងវិញ្ញណខក្ខ័ព្រលឹងបុព្វបុរស​ខ្មែរ​ ការ​សម្ដែង​​ទស្សនីយភាព ល្ខោនទំនើបចំរុះ «​អរិយភាពនៃរជ្ជកាលព្រះបាទជ័យវរន្ម័ទី៧​» ការសំដែងចាប៉ីដងវែង ការ​​ឧទ្ទេសនាម សម្បត្តិបេតិកភណ្ឌកម្ពុជាទាំង១២ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​។ ការ​ច្រៀង​ចម្រៀង​ «មហិទ្ធិឫទ្ធិក្បាច់គុណល្បុក្គតោ» (ឧទ្ទិសដល់ព្រលឹងព្រឹទ្ធចារ្យ ដែលបានថែរក្សាក្បាច់​គុណ​នេះ​) ការប្រគំតន្ត្រីសហសម័យ​ ​​និង​ការ​ប្រកាសសមាសភាពសិល្បករ​​ដែល​ចូល​រួម​ជា​ដើម​។
 
ផ្ទាំង​ទស្សនីយភាព​នេះ នឹង​មាន​ការ​សម្ដែង​​នៅខាងក្រោយបរិវេណប្រាសាទអង្គរវត្ត​ វេលាម៉ោង១៧:០០ នារាត្រីថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ២០២២​។ មហា​ព្រឹត្តិការណ៍”​រាត្រី​ចង​ចាំ​"នេះ ​ត្រូវ​បានប្រារព្ធ​ឡើង​ចំនួន​២​ដងរួច​មក​​ហើយ​ គឺ​​​ពី​ឆ្នាំ​២០១៩​ មាន​ទស្សនិក​ជន​ចូល​រួម​ចំនួន​ជិត​២​ម៉ឺន​នាក់​ ដែល​លើស​ការ​រំពឹង​ទុក​ ជិត​១ម៉ឺន​៧​ពាន់​នាក់​។ ចំណែក​នៅ​ឆ្នាំ​២០២០ មិន​បាន​ប្រារព្ធ​ឡើយ​ ព្រោះ​ផ្ទុះ​ជំងឺ​កូវីដ-១៩​យ៉ាង​ខ្លាំង​ក្លា​។ 
  

  តួអង្គព្រះនាងជយរាជទេវី និងព្រះនាងឥន្ទ្រទេវី ឈរមើលរូបតួអង្គ ព្រះបាទជយវរ្ម័នទី៧
នៅ​​​ឆ្នាំ​​២០២១​ ដោយ​សារ​តែ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ បាន​ថយ​ចុះ​ខ្លះ​ ក្រសួង​បាន​រៀប​ចំ​ការ​សម្ដែង​ទស្សនីភាព​តាម​អនឡាញ​ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ផេក​ក្រសួង​វប្បធម៌ ទៅ​ស្ទើរ​គ្រប់​មន្ទីរ​វប្បធម៌​ខេត្ត​ ទូទាំង​កម្ពុជា​​។ ការ​ផ្សាយ​បន្តផ្ទាល់​នេះ​ ត្រូវ​បាន​បង្ហាញ​នៅ​តាម​សួន​សាធារណៈ ឬទីសាធារណៈ​ ដើម្បី​ឱ្យ​សាធារណជន​ បាន​ទស្សនា​​​ដោយ​សេរី​។
 
គួរ​បញ្ជាក់​ផង​ដែរថា​ ជា​រៀង​រាល់​ឆ្នាំ មហាព្រឹត្តិការណ៍ ​”រាត្រី​ចង​ចាំ​” តែង​រៀប​ចំ​ឡើង​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ។​ ប៉ុន្តែ​ដោយ​សារ​ឆ្នាំ​នេះ​ ក្រសួង​មាន​ការ​មមាញឹក​ច្រើន​ ក្នង​កិច្ច​ការ​នានា​ ក៏​ដូច​ជា​ការ​ប្រជុំ​អាស៊ាន​ផង​ ទើប​បាន​ជា​ក្នុង​ឆ្នាំ២០២២​នេះ​​ មហាព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ​ត្រូវ​លើក​យក​មក​ធ្វើ​ក្នុង​ខែ​ធ្នូ​វិញ​។ ទោះជា​យ៉ាង​ណា​ ការ​លើក​ពេល​នេះ ក៏​ត្រូវ​បាន​គិត​គូរ​យ៉ាង​ហ្មត់​ចត់​​ផង​ដែរ ដោយ​ក្រសួង​​មាន​ចំណង​ធ្វើ​ឡើង​ ដើម្បី​ឱ្យ​ចំ​ខួប​៣០​ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ ចំពេល​នៃ​ការ​ប្រជុំ​ ICC អង្គរ​ និងចំពេលនៃ​​ការ​ប្រារព​​ទិវា​​​រំលឹង​គុណ​អង្គរ​​ផង​ដែរ​។
 
“កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”៕
 

Tag:
 សិល្បៈ​
  របាំ​
  វប្បធម៌​
  អរិយធម៌​
  រាត្រី​ចង​ចាំ​
  ព្រឹត្តិការណ៍​
 
© រក្សាសិទ្ធិដោយ thmeythmey.com