ជាតិ
អាជ្ញាធរ ចាប់បានសាច់បង្កកជិត៣០តោន ដែលនាំចូលខុសច្បាប់
14, Dec 2022 , 2:59 pm        
រូបភាព
រូបពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
រូបពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់បានសាច់បង្កកនាំចូលខុសច្បាប់ជិត៣០តោន ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ។ សាច់បង្កកទាំងនោះ ភាគច្រើននាំចូលពីប្រទេសចិន។



មន្រ្តីជំនាញបទល្មើសសត្វ សហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងការិយាល័យផលិតកម្ម និងបសុព្យាបាលភ្នំពេញ ស្ទាក់ចាប់រថយន្តមួយគ្រឿង នៅថ្ងៃទី៩ ខែធ្នូ ដែលបាន​ដឹកសាច់ទាបង្កកចំនួន១៧តោន នាំចូលពីចិនតាមច្រកអន្តរជាតិកំពង់ផែក្រុងព្រះសីហនុ​ ឆ្ពោះទៅចែកចាយនៅភ្នំពេញ។ នេះបើ​តាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។


អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ចំណែក​នៅថ្ងៃទី១១ ខែធ្នូ ក្រុមការងារបង្រ្កាបបទល្មើសចលនាសត្វ ឃាត់បានរថយន្តមួយគ្រឿងទៀត ដែលដឹកសាច់ទាបង្កកចំនួន១២តោន ពីចិនមកកម្ពុជា តាមច្រកច្រកអន្ដរជាតិកំពង់ផែក្រុងព្រះសីហនុ ដដែល។ មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី១២ ខែធ្នូ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់បានម៉ូតូសណ្ដោងរ៉ឺម៉កចំនួន១គ្រឿង ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូក ដូចជា អណ្ដាតជ្រូក ស្លឹកត្រចៀក និងសាច់ជ្រូកបង្កក ចំនួន៤០០គីឡូក្រាម យកទៅចែកចាយនៅទីក្រុងភ្នំពេញ។
 
បើតាម​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សាច់ទា និងជ្រូកបង្កក ជិត៣០តោននេះ គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ បច្ចុប្បន្ន ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕
  

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

 
 

Tag:
 កសិកម្ម
  សាច់បង្កក
  បទល្មើសសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com