ជាតិ
តម្លៃជ្រូករស់កម្ពុជា កំពុងដាំក្បាលចុះ ដោយសារការនាំចូលសាច់បង្កកពីបរទេស
30, Nov 2022 , 12:09 pm        
រូបភាព
រូបពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
រូបពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
ភ្នំពេញ៖ រយៈពេល៣ខែហើយ ដែលជ្រូករស់កម្ពុជា បានបន្តកកស្ទះ និងធ្លាក់ថ្លៃជិតពាក់កណ្ដាល ដោយសារតែការនាំចូលសាច់បង្កកពីបរទេស។ ការធ្លាក់ចុះនៅពេលនេះ បានធ្វើឱ្យកសិកររងការខាតបង់យ៉ាងខ្លាំង ហើយអ្នកខ្លះក៏សម្រេចបោះបង់ការចិញ្ចឹម។



ជុំវិញបញ្ហានេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានបង្ហាញការប្រតិកម្មយ៉ាងខ្លាំង។ លោក ធ្លាប់បានស្នើទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យជួយអន្តរាគមន៍បិទការនាំចូលសាច់បង្កកពីបរទេស ប៉ុន្តែ ក្រសួងមិនទាន់មានចំណាត់ការនៅឡើយ។ 
 
លោក ពៅ ប្រាប់សារព័ត៌មាន ថ្មីៗ២៥ នៅថ្ងៃទី២៩ វិច្ឆិកាថា ស្ថានភាពជ្រូកសព្វថ្ងៃ កំពុងតែយ៉ាប់យឺន ដោយសារការកកស្ទះខ្លាំងនៃបរិមាណជ្រូកក្នុងស្រុក ដែលបណ្ដាលមកពីការនាំចូលសាច់បង្កកពីអឺរ៉ុប ចូលតាមប្រទេសជិតខាង។ ម្យ៉ាងវិញទៀត នៅឆ្នាំ២០២២នេះ ក៏ជាឆ្នាំដែលកសិករ សម្រុកចិញ្ចឹមច្រើន ដែលនាំឱ្យលើសតម្រូវការផងដែរ។ 
  

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ រូបពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
 
បច្ចុប្បន្ន កសិករខ្មែរ ពុំអាចប្រកួតប្រជែងនឹងសាច់ជ្រូកបង្កកនាំចូលបាននោះទេ ដោយសារសាច់ប្រភេទនេះ មានតម្លៃទាប ជាងទីផ្សារកម្ពុជា។ ប្រធានសមាគមរូបនេះ អះអាងថា រយៈពេល៣ខែចុងក្រោយនេះ តម្លៃជ្រូកបានធ្លាក់ចុះជិតពាក់កណ្ដាល ពោលគឺមានតម្លៃប្រមាណ ៦ ទៅ៧ពាន់រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ធៀបនឹងឆ្នាំ២០២១ មានតម្លៃរហូតដល់ ១២០០០ ទៅ១៣០០០រៀល ក្នុងមួយគីឡូក្រាម។ 
 
ក្រៅពីតម្លៃចុះថោកនេះ ចំណី និងវត្ថុធាតុដើមផលិត បានកើនឡើងប្រមាណ៣០ ទៅ៤០ភាគរយ ដោយសារវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ បញ្ហានេះ បាន ធ្វើឱ្យកសិករបាក់ទឹកចិត្ត និងបោះបង់ការចិញ្ចឹមជាបន្តបន្ទាប់។ 
 
លោក ស្រ៊ុន ពៅប្រាប់ដូច្នេះថា៖« ឥឡូវនេះ ជ្រូកស្ទះហើយ ដល់ដំណាក់កាលចុងក្រោយហើយ។ បញ្ហាធ្ងន់នោះ គឺការនាំចូលសាច់បង្កក ដែលធ្វើឱ្យប៉ះពាល់ដល់តម្រូវការទីផ្សារ ព្រោះ សាច់បង្កកនេះថោក អ៊ីចឹង យើងប្រជែងជាមួយសាច់បង្កកនេះ បរាជ័យហើយ»។ 
 
ជាថ្មីម្ដងទៀត លោក បានអំពាវនាវដល់ក្រសួងកសិកម្ម ជួយបិទការនាំចូលសាច់ជ្រូកបង្កកពីបរទេស និងដោះស្រាយបញ្ហាកកស្ទះនៅពេលនេះ ដើម្បីអាចឱ្យកសិករមានដង្ហើមដកឡើងវិញ។


  សាច់ជ្រូកបង្កកដែលនាំចូលមកទីផ្សារកម្ពុជា។ រូបពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
 
យោងតាមទិន្នន័យរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា តម្លៃជ្រូករស់ លក់មុខកសិដ្ឋាន សម្រាប់ ភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន មានតម្លៃ ៧៥០០រៀល ក្នុងមួយគីឡូក្រាម។ ខេត្តកំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ និងកោះកុង មានតម្លៃ ៧២០០រៀល ក្នុងមួយគីឡូក្រាម។
 
ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង មានតម្លៃ ៧២០០រៀល ក្នុងមួយគីឡូក្រាម។ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី មានតម្លៃ ៧០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកឯ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ មានតម្លៃ ៦៨០០រៀល ក្នុងមួយគីឡូក្រាម។ 
 
លោក អាន ឬទ្ធី ម្ចាស់កសិករដ្ឋានចិញ្ចឹមជ្រូកជាង២ពាន់ក្បាល​ នៅខេត្តសៀមរាប បានឱ្យដឹងដែរថា សព្វថ្ងៃនេះ មិនថា អ្នកចិញ្ចឹមជ្រូកខ្នាតតូច ឬកសិដ្ឋានធំៗនោះទេ សុទ្ធសឹងរងផលប៉ះពាល់ទាំងអស់ ដោយសារការធ្លាក់ថ្លៃ ខណៈវត្ថុធាតុដើម ដូចជាចំណី និងកូន ហក់ឡើងខ្ពស់។ ស្រដៀង លោក ស្រ៊ុន ពៅ ដែរ លោក ឬទ្ធី អះអាងថាថា ការធ្លាក់ថ្លៃជ្រូករស់នៅពេលនេះ បណ្ដាលមកពីការនាំចូលសាច់បង្កកពីបរទេស។ សាច់ជ្រូកបង្កក ដែលនាំចូលទីផ្សារកម្ពុជា មានតម្លៃចន្លោះពី ៧ ទៅ៦ពាន់រៀល ក្នុងមួយគីឡូក្រាម។ 
 
បើតាម លោក ឬទ្ធី បច្ចុប្បន្ន គ្មានកសិករណាម្នាក់ចំណេញពីការចិញ្ចឹមជ្រូកនោះទេ ផ្ទុយទៅវិញ ពួកគេត្រូវរងគ្រោះ ដោយការជំពាក់បំណុលធនាគារទៅវិញ។ ដោយសារការខាតបង់ជាច្រើនលើក កសិករមួយខ្លះ បានសម្រេចបោះបង់មុខរបរចិញ្ចឹមជ្រូករបស់ពួកគេ ហើយងាកទៅធ្វើការចំណាកស្រុក។ ទោះបី កសិករជួបស្ថានអាក្រក់យ៉ាងនេះក្ដី ប៉ុន្តែ លោក សង្កេតឃើញថា រដ្ឋាភិបាល និងក្រសួងកសិកម្ម ហាក់មិនអើពើ ឬចេញយន្តការជួយពួកគេទាល់តែសោះ។ 
 
លោក ប្រាប់ដូច្នេះថា៖« ខ្ញុំដឹងថា ឥឡូវនេះ កសិករខ្នាតតូច និងមធ្យម គឺបិទទ្វារ ហើយក៏មានអ្នកខ្លះ ទៅស៊ីឈ្នួលគេ ជាពលករចំណាកស្រុកខុសច្បាប់ដែរ។ យើងដឹងហើយថា អត់មានកសិករណាមួយ ដែលមិនខ្ចីបុលធនាគារនោះទេ ប៉ុន្តែ នៅពេលដែលយកបុលគេមកចិញ្ចឹមហើយ លក់ទៅវិញខាតទាំងថ្លៃដើមទៀត ដូចនេះ កសិករនឹងស្លាប់មិនខានទេ»។ 
ជាមួយគ្នានេះ លោក ឬទ្ធី ស្នើដល់ក្រសួងកសិកម្ម បង្កើនការយកចិត្តទុកលើកសិករ ជាពិសេស ជួយអន្តរាគមន៍បិទការនាំចូលសាច់ជ្រូកបង្កក និងការនាំចូលខុសច្បាប់ផ្សេង ដែលនាំប៉ះពាល់ដល់ផលិតក្នុងស្រុក។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះថា ក្រសួងកសិកម្ម បានដឹងពីបញ្ហាកកស្ទះជ្រូករស់នេះ និងកំពុងជំរុញការនាំចេញទៅក្រៅប្រទេស។ មកដល់ពេល ជ្រូក ២ពាន់ក្បាលហើយ ត្រូវបាននាំចេញទៅប្រទេសវៀតណាម ខណៈក្រសួង កំពុង ស្វះស្វែងរកក្រុមហ៊ុនដៃគូផ្សេងទៀត ដើម្បីនាំចេញបន្តបន្ទាប់។
 
លើសពីនេះ ក្រសួងកសិកម្ម ក៏បានសហការជាមួយ ក្រសួងពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កកនេះផងដែរ។ លោក តាន់ ផាន់ណារ៉ា បញ្ជាក់ថា សាច់បង្កកដែលនាំចូលមកកម្ពុជានៅពេលនេះ គឺខុសច្បាប់។
 
លោក ប្រាប់ដូច្នេះថា៖« យើងកំពុងធ្វើការលើរឿងហ្នឹងហើយ។ អ្វីដែលសំខាន់ គឺយើងកំពុងជំរុញការនាំចេញ ដោយមានក្រុមមួយហើយ ដែលបាននាំចេញ ដើម្បីបន្ថយការកកស្ទះ។ យើង កំពុងសហការជាមួយក្រសួងដ៏ទៃទៀត ទប់ស្កាត់ការនាំចូលសាច់បង្កក ព្រោះការនាំចូលនេះ ខុសច្បាប់ទេ យើងអត់បានអនុញ្ញាតទេ»៕
 
 

Tag:
 កសិកម្ម
  ជ្រូក
  សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com