ជាតិ
ជំងឺ​ពុក​ឆ្អឹង​របស់អ្នក​​​​គ្រូ ឌួង ម៉ារ៉ី កាន់​តែ​ធ្ងន់​ធ្ងរ​
15, Dec 2022 , 7:59 am        
រូបភាព
និស្សិតផ្នែកចម្រៀងមហោរីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសួរសុខទុក្ខអ្នកគ្រូ ឌួង ម៉ារ៉ី នៅគេហដ្ឋាន កាលពីថ្ងៃទី១៨ វិច្ឆិកា ២០២២
និស្សិតផ្នែកចម្រៀងមហោរីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសួរសុខទុក្ខអ្នកគ្រូ ឌួង ម៉ារ៉ី នៅគេហដ្ឋាន កាលពីថ្ងៃទី១៨ វិច្ឆិកា ២០២២
ភ្នំពេ​ញ​៖ អាការជំងឺ​ពុក​ឆ្នឹង​ខ្នង​ និង​ត្រគាក​ របស់​អ្នក​គ្រូ​ ឌួង​ ម៉ារ៉ី ដែល​ជា​គ្រូ​ចម្រៀង​មហោរី និង​ចម្រៀង​បុរាណ​ កាន់​តែ​ធ្ងន់​ធ្ងរ​។ នេះ​បើ​តាម​លោក​ ណុប ចំណាប់ ត្រូវ​ជា​កូន​ប្រុស​ទោល​របស់​អ្នក​គ្រូ ឌួង ម៉ារ៉ី។



បើតាម​លោក ណុប​ ចំណាប់​ ដដែល​ម្ដាយ​របស់​លោក​ មាន​ជំងឺ​ពុក​ឆ្អឹង​នេះ​ អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​។ ហើយ​​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​គ្រូ​ត្រូវ​សម្រាន្ត​​លើ​កន្ទេល​រហូត​។ ដោយ​ឡែក​ នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ជំងឺ​នេះ​កាន់​តែ​វិវឌ្ឍន៍​អាក្រក់​ឡើង​។ 
 
លោក ណុប ចំណាប់​ ដែល​ត្រូវ​ជា​កូន​ទោល​របស់​អ្នក​គ្រូ ឌួង ម៉ារ៉ី អះអាង​៖«ពេល​នេះ​ឈឺ​ធ្ងន់​ សូម្បី​តែ​រើ​ខ្លួន​ ដូរ​ខោ​ទឹក​មូត្រ​ក៏​ពិបាក​។ គាត់​នៅ​លើ​គ្រែ​ក្រោក​មិន​រួច​ជាង​មួយ​ឆ្នាំ​ហើយ។ ពេទ្យ​ប្រាប់​ថា​ មិន​អាច​វះ​កាត់​បាន​ទេ ព្រោះ​ឆ្អឹង​គាត់​ពុក​ច្រើន​។ ម៉្យាង​គាត់​ចាស់​ផង​។ 
 
ស្ថិត​ក្នុង​ជន្មាយុ​​៧៦​ឆ្នាំ​​អ្នក​គ្រូ ឌួង ម៉ារ៉ី ធ្លាប់​បាន​ឆ្លង​កាត់​ការ​វះ​កាត់​​​គីស​ក្នុង​ថ្លើម​​ម្ដង កាល​ពី​ច្រើន​​ឆ្នាំ​មុន​​។ អ្នក​គ្រូ​ ឌួង​ ម៉ារ៉ី គឺ​ជា​​គ្រូ​ចម្រៀង​មហោរី​ និង​ចម្រៀង​បុរាណ​។ អ្នក​គ្រូ​ចូល​សិល្បៈ​ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ ហើយ​ក្រោយ​​សម័យ​សង្គ្រាម​ អ្នក​គ្រូ​បាន​ចូល​សិល្បៈ​ជា​ថ្មី​ចាប់​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​គ្រូ​ឈឺ​ក្រោក​មិន​រួច​​។ ផ្ទះ​របស់​អ្នក​គ្រូ​សព្វ​ថ្ងៃ ស្ថិត​នៅ​ក្រុង​តាខ្មៅ​។ ចំពោះ​ជីវភាព​វិញ​ លោក​ ណុប ចំណាប់​ អះអាង​ថា ក៏​ជួប​ការ​លំបាក​ដែរ ព្រោះ​លោក​ជាប់​នៅ​ថែ​ម្ដាយ មិន​អាច​ទៅ​ធ្វើ​ការ​ងារ​បាន​​៕​​
 

Tag:
 សិល្បៈ​
  វប្បធម៌​
  ចម្រៀង​បុរាណ​
  ចម្រៀង​មហោរី​
 ​ គ្រូ​សិល្បៈ​
 
© រក្សាសិទ្ធិដោយ thmeythmey.com