ជាតិ
ភាពយន្ត​“ឆ្ងាយ​ដាច់​អាល័យ​” ជាប់​ពាន”តួ​សម្ដែង​ឆ្នើម” និង​ពាន”​រឿងខ្លីល្អបំផុត”សម្រាប់​ជម្រើស​ពាន​​អូស្ការ​
15, Dec 2022 , 8:59 am        
រូបភាព
ឈុត មួយ ក្នុង រឿង ខ្លី ឆ្ងាយ ដាច់ អាល័យ (រូប ផ្ដល់ ឱ្យ )
ឈុត មួយ ក្នុង រឿង ខ្លី ឆ្ងាយ ដាច់ អាល័យ (រូប ផ្ដល់ ឱ្យ )
ភ្នំពេញ​៖ “ឆ្ងាយ​ដាច់​អាល័យ​” ដែល​ត្រូវ​បាន​ថត​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២១កន្លង​ទៅ​នោះ​ បាន​ឆ្លង​ដែន​ទៅ​ចាក់​បញ្ចាំង​ និង​ដាក់​ប្រកួត​ប្រជែង​ក្នុង​​បណ្ដា​​មហោស្រព​អន្តរជាតិ​ និង​ជុំ​វិញ​ពិភព​លោក​ជាង​​៣០មហោស្រព​មក​ហើយ​។ ភាព​យន្ត​ខ្លី​ដែល​និយាយ​ពី​ជីវិត ​​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​​​នេះ បាន​ជាប់​ពាន​អន្តរជាតិ​ចំនួន​៤ ក្នុង​នោះ​មាន​ពាន​ “តួសម្ដែងឆ្នើម”​ ពី​ប្រទេស​សិង្ហបុរី និង​ពាន ”​រឿងខ្លីល្អបំផុតរយ:ពេលលើ១៥នាទី” ពី​សហរដ្ឋ​អាមេរិក​។ ពាន​​នេះ​បាន​បញ្ជាក់​ពី​​កម្រិត​គុណ​ភាព​ ដែល​​​អាច​យក​ទៅ​ប្រកួត​យក​ពាន​រង្វាន់​អូស្ដា​រ​បាន​។



​​ផ្ដើម​ចេញ​ពី​បង​ប្អូន​ប្រុស​ស្រីជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​២​រូប​​ ដែល​មាន​បំណង​​ចាក​ចេញ​ពី​ស្រុក​កំណើត​ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​​​ក្បាល​រមាស ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង​ ចង់​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​រាជ​ធានី​ភ្នំពេញ​ ក្នុង​ក្ដី​សង្ឃឹម​ថា​នឹង​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​សព្វ​ថ្ងៃ​។
 
ប្អូន​ស្រី​ហាក់​អាឡោះ​អាល័យ​ នឹង​ជីវិត​​រស់​ក្នុង​ធម្មជាតិ​ ក៏​ដូច​ជា​​អនុស្សាវរីយ៍​ពី​អតីតកាល​។ ព្រោះ​តែ​ចង់​ឃើញ​ផ្ទះ​ជា​លើក​ចុង​ក្រោយ​ នាង​បាន​បបួល​បង​ប្រុស​ទៅ​លេង​ភូមិ​ចាស់ ​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ ក្រោយ​ពី​ត្រូវ​បាន​ទឹក​លិច​ភូមិ​ទាំង​មូល​ ព្រោះ​តែការ​សាង​សង់​​ទំនប់​វារីអគ្គិសនី ​​​។
  


បង​ប្រុស​ពុំ​បាន​ទៅ​ជា​មួយ​ប្អូន​ស្រីឡើយ។ ទោះ​ជា​យ៉ាង​ណា​ នាង​នៅ​តែ​ធ្វើ​ដំណើរ​ដោយ​ទូក ឆ្លង​កាត់វាល​ កាត់​​ព្រៃ​​​តែ​ម្នាក់​ឯង​។ ភូមិ​កំណើត​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​ ភាព​​រីករាយ និង​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត​ ប្រែ​ជា​ស្ងាត់​ជ្រងំ​។ ​​​ផ្ទះ​ជិត​១០០​ខ្នង នៅ​ឈរ​ទ្រឹង​​គ្មាន​វិញ្ញាណ​។ ដើម​ឈើទាំង​ឡាយ​ ខ្នង​ផ្ទះ ខ្នើយ​ ភួយ មុង ដំបូល​ផ្ទះ រនាប​ផ្ទះ ​ដុំថ្ម និង​របស់​របរ​ជា​ច្រើន​ទៀត​ ​ដែល​នាង​ធ្លាប់អាស្រ័យ​​ និង​ធ្លាប់​​លេង​ពី​ក្មេង​ បាន​កំពុង​អង្រួន​បេះ​ដូង​នាង​ ឱ្យកាន់​តែ​​ពើត​ផ្សាហើយ​។
 
ដ្បិត​​​សាច់​រឿ​ង​ បង្ហាញ​តែ​ពី​ការ​រំលឹក​អនុស្សាវរីយ៍​របស់​តួ​ឯង​ស្រី​ក្ដី ប៉ុន្តែដោយ​ប្រយោល​ ​វា​​បាន​ឆ្លុះ​បញ្ចាំ​ង​ពី​​វាស​នា ក្ដី​សោក​សង្រេង ​និង​បញ្ហា​​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ នៅ​ក្នុង​ភូមិ​នោះ​ទាំង​មូល​។ រឿង​នេះ​​ក៏​អាច​ជា​សញ្ញាណមួយ​​ បង្ហាញ​ពី​ជីវិត​​ជន​ជាតិ​ដើម​ភាគ​តិច ​រស់​នៅ​​តំបន់​ផ្សេង​ៗ​ទៀត​នៃ​កម្ពុជា ដែល​មាន​បញ្ហា​ស្រដៀង​ៗ​គ្នា​នេះ​​ដែរ​។
   

   សកម្មភាពក្រោយឆាក (រូប ផ្ដល់ឱ្យ)

អះអាង​ថា​គ្មាន​បំណង​វាយ​ប្រហារ​ភាគីណាមួយ​ អ្នក​និពន្ធនិង​ដឹក​នាំ​រឿង “ឆ្ងាយ​ដាច់​អាល័យ​” លោក​​​ លី ប៉ូឡែន​ គ្រាន់​តែ​ចង់​ឱ្យ​អ្នក​ទស្សនា​ វិភាគ​ដោយ​ខ្លួន​ឯង​ ក្រោយ​ពី​បាន​មើល​រឿង​មួយ​នេះ​។ បុរស​កូន​ទោល​ក្នុងគ្រួសារ​រូប​នេះ បន្ត​ទៀត​ថា ដ្បិត​តែ​លោក​មិន​បាន​និយាយ​ដោយ​ចំ​ ចំពោះ​ការ​ធ្វើទំនប់​វារីអគ្គិសនី​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ និង​ការ​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ក្ដី​ ប៉ុន្តែ​តាម​រយៈ​ភាព​យន្ត​ខ្លី​នេះ​ លោក​ក៏​ចង់​បង្ហាញ​ថា ការ​អភិវឌ្ឍ​អ្វី​មួយ​ត្រូវ​ការ​ស្ដាប់​សំឡេង​គ្រប់​ជ្រុង​ជ្រោយ​​។
 
អ្នក​ដឹក​នាំ​រឿង​រូប​នេះ​ពន្យល់បន្ថែម​​៖«គម្រោង​អភិវឌ្ឍន៍​ ដែល​មិន​បាន​ស្ដាប់មតិ​គ្រប់​ភាគី វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ច្រើន។ ពិសេស​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ ហើយ​បញ្ហា​ផ្លូវ​ចិត្ត​នេះ​ គឺ​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់​។ ​គ្នា​បង្ខំ​ចិត្ត​ចេញ​ ព្រោះ​គិត​ថា​តវ៉ា​ក៏​គ្មាន​ផល​។ ខ្ញុំ​ទទួល​ស្គាល់ ថា​ការ​អភិវឌ្ឍ បាន​ជួយ​ប្រទេស​ជាតិ​មែន​ ប៉ុន្តែ​គួរ​ស្ដាប់​សំឡេង​​អ្នក​ប៉ះ​ពាល់​ផង»។
 
ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ អ្នក​និពន្ធដែល​មាន​ស្រុក​កំណើត​ពី​ខេត្ត​កណ្ដាល​ ក្នុង​ស្រុក​កោះ​ធំ ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​កម្សត់​កម្រ​​​រូប​នេះ ​ក៏​​ចង់​បង្កប់​ពី​តម្លៃនៃ​​របស់​របរ​ប្រើ​ប្រាស់ ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ជា​មួយ​ជីវិត​យើង​ដែរ​។
  

   សកម្មភាពក្រោយឆាក (រូប ផ្ដល់ឱ្យ)

«នៅ​ពេល​តួស្រី​ទៅ​ដល់​ផ្ទះ​ចាស់ គាត់​ឃើញ​របស់របរ​កាល​នៅ​ក្មេង​ ធ្វើ​ឱ្យ​គាត់​ស្រណោះ​ ក៏​ចាប់​ផ្ដើម​ក្ដុក​ក្ដួល។ យើង​ជា​អ្នក​ក្រ​ មិន​សម្បូរ​បស់​លេង​ទេ ដូច្នេះ​ពេល​បាន​របស់​អ្វី​មួយ​ យើង​ស្រឡាញ់​ និង​ថែរក្សា​វា​ណាស់​ ទោះ​វា​មិន​ថ្លៃ​ដោយ​ទឹក​ប្រាក់​។ ប៉ុន្តែ​ក្មេង​ៗ​​ឥឡូវ​ មិន​ឱ្យ​តម្លៃ​របស់​របរ​ទេ​ ទិញហើយ​​ក៏​បោះ​ចោលៗ»។​ នេះ​ជា​ការ​ពន្យល់​របស់​លោក​ ប៉ូឡែន​។
 
ពុំ​មែន​ជា​អ្នក​ជំនាញ​ តែ​​លទ្ធផល​លើស​​អ្នក​ជំនាញ​
 
ឃ្លាត​ចេញ​អំពី​គោល​បំណង​ក្នុង​សាច់​រឿង​ យើង​មក​ដឹង​អំពី​ដំណើរ​ការ​នៃ​ការ​ថត ភាព​យន្ត​ខ្លី​នេះ​វិញ​ម្ដង​។ ជា​សមិទ្ធផល​ដែល​​មិន​គួរ​នឹក​ស្មាន​ដល់​។ ជាង​៣០​មហោស្រព​ទាំង​ថ្នាក់​ជាតិ​ អន្តរជាតិ​ និងថ្នាក់​​ពិភព​លោក​ ដែល​ “​ឆ្ងាយ​ដាច់​អាល័យ​” បាន​បង្ហាញ​ខ្លួន នឹង​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​​។ “​ឆ្ងាយ​ដាច់​អាល័យ​” ពុំ​មែន​កើត​ចេញ​អំពី​ស្នាដៃ ​ក្រុម​អ្នក​ជំនាញសុទ្ធ​សាធ​​ឡើយ​ ប៉ុន្តែ​កើត​ចេញ​ពីក្រុម​​យុវជន ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​ ដែល​រស់​ក្នុង​តំ​បន់​នោះ​ផ្ទាល់​តែ​ម្ដង​។ ​ពួក​គេ​គ្មាន​ជំនាញ​ភាព​យន្ត​ទាល់​តែសោះ​។
 
ជា​រឿង​ដ៏​ចៃដន់​បំផុត​។ អ្នក​ដឹក​នាំរឿង​​ លី ប៉ូឡែន​ បាន​កំណត់​ថ្ងៃ​ចុះ​ទៅ​ថត​រឿង​ខ្លី​នេះ​ ក្នុង​អំឡុងខែ​​ឧសភា ឆ្នាំ​២០២១​។ លោក​ ប៉ូឡែន បាន​ចុះ​ទៅ​ទី​តាំង​ភូមិ​មុន​ ដែល​ស្ថិត​ក្នុង​ឃុំ​ក្បាល​រមាស ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង ដោយ​ទុក​​ឱ្យ​ក្រុម​បច្ចេក​ទេស​ថត​ ទៅ​​ក្រោយតាម​​​ថ្ងៃ​កំណត់​​។ ដល់​ថ្ងៃ​កំណត់​ទៅ​ហើយ​ ប៉ុន្តែ​រាជធានី​ត្រូវ​បាន​ប្រកាស​ឱ្យ​បិទ ព្រោះ​តែ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​ខ្លាំង​ពេក​។ ទី​បំផុត​ក្រុម​ការ​ងារ​បច្ចេក​ទេស​ថត​ទាំង​អស់​ ពុំ​បាន​ចុះ​ទៅ​ថត​ឡើយ​​។
  
 
ដោយ​ពុំ​ដឹង​ច្បាស់​ថា ​រាជធានី​នឹង​បើក​ពេល​ណា លោក ប៉ូឡែន​ សម្រេច​ចិត្ត​ថា​នឹង​ថត​ ដោយ​ពុំ​អាចរង់​​ចាំបន្ត​ឡើយ​។ តែ​អ្វីដែល​​ជា​បញ្ហា​នោះ​ គឺ​ក្រុ​ម​ជំនាញ​។ គ្មាន​ជម្រើស​ទៀត​ឡើយ​ លោក​​សម្រេច​ចិត្ត​ ជ្រើស​រើស​យុវជន​ក្នុង​ភូមិ​នោះ​តែ​ម្ដង​ ដើម្បី​ឱ្យ​ជួយ​ធ្វើ​ការ​ងារ​នេះ​។ ក្រៅ​ពីលោក ប៉ូឡែន ​ដែល​ជា​អ្នក​ជំនាញ​ គឺ​មាន​តែ​​​យុវជន​មួយ​រូប​ប៉ុណ្ណោះ​ ដែល​ធ្លាប់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ ពី​បច្ចេក​ទេស​យក​សំឡេង ហើយ​ផ្សេង​ពី​​នោះ​ គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​គ្មាន​ជំនាញ​កុន​។ 
 
មុន​ចុះ​ថត​អ្នក​និពន្ធ​ លី​ ប៉ូឡែន​ បាន​ត្រឹម​បង្រៀនពីរបៀបធ្វើការងារក្រុម​ ក្នុង​រយៈ​ពេល​ដ៏ខ្លី ទៅ​កាន់​យុវជន​ដែល​បាន​ជ្រើស​រើស​។ ក្រោយ​មក​ពួក​គេ​បាន​ធ្វើ​ការ​នោះ ​ជា​មួយ​គ្នា​យ៉ាង​សស្រាក់​សស្រាំ​ ដោយ​ពុំ​បាន​ខ្វល់​ពី​ការ​នឿយ​ហត់​។   ​
 
បុរស​មាឌ​ស្ដើង​រាង​ខ្ពស់​សង្ហារ​ ប៉ូឡែន សរសើរ​ក្រុម​ការ​ងារ​ថ្មី​ថ្មោងរបស់​លោក​​ដូច្នេះ​៖«ខ្ញុំ​​គ្រាន់​តែ​បង្រៀន​​​មូល​ដ្ឋាន​គ្រឹះ​ដល់​គាត់បណ្ណោះ​​។ គាត់​ក្មេង​ៗ​ តែគាត់​​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​។ ពួក​គាត់​លុះ​ណាស់ ហើយ​មាន​គំនិ​ត​ច្នៃ​ប្រឌិត​ខ្ពស់​​។ មិន​ដឹង​ថា​មក​ពី​រឿង​នេះ​ និយាយ​ពី​បញ្ហា​ពួក​គាត់​ ឬ​យ៉ាង​ណា​ទេ ប៉ុន្តែខ្ញុំពិត​ជា​សរសើរ​គាត់​​​​។ ខ្ញុំ​មាន​មោទកភាព​ ចំពោះ​រឿង​នេះ​ណាស់​។ តួសម្ដែង​ដូច​គ្នា សាច់​រឿង​​ដូច​ជា​រឿងរបស់​​គាត់​ ដូច្នេះ​គាត់​លេង​ចូល​តួ»។​
  

   សកម្មភាពក្រោយឆាក (រូប ផ្ដល់ឱ្យ)

សូម​បញ្ជាក់​ថា មកដល់ពេលនេះ ខ្សែភាពយន្តខ្លីរឿង “ឆ្ងាយដាច់អាល័យ” ដែល​មាន​រយៈ​ពេល​២៤​នាទីនោះ បានចាក់បញ្ចាំង និង​ដាក់ប្រកួតនៅបណ្តាមហោស្រពភាពយន្តអន្តរជាតិនានា ជុំវិញពិភពលោកចំនួនជាង ៣០​មហោស្រព​​មកហើយ ។ ភាពយន្តនេះ បានចាក់បញ្ចាំងជាលើកដំបូង នៅឯមហោស្រពភាពយន្តអន្តរជាតិប៊ែកឡាំង (Berlin International Film Festival 2022) ដែលជាមហោស្រពធំមួយ សម្រាប់វិស័យភាពយន្តឯករាជ្យក្នុងពិភពលោក​។ 
 
នៅក្នុងចំណោមមហោស្រពទាំង ៣០​នោះ ភាពយន្តនេះក៏បានជាប់ពានរង្វាន់មួយចំនួនផងដែរ ក្នុងមហោស្រពភាពយន្តធំៗ ដូច​ជា​​ពានរង្វាន់ “ភាពយន្ត​រយៈពេល១៥នាទី ​ល្អបំផុត” (Best Live-Action Short Over 15 Minutes Award) នៅឯមហោស្រពភាពយន្ត Palm Springs International Short​fest 2022 នាសហរដ្ធអាមេរិក។ ពានរង្វាន់នេះ ជាពានរង្វាន់ដែលបញ្ជាក់ពីគុណភាពភាពយន្ត ដើម្បីដាក់ប្រកួតយកពានរង្វាន់ អូស្ការ នាឆ្នាំ​២០២៣​ខាងមុខនេះ ។ ហើយ​មក​ដល់​ពេល​នេះ “ឆ្ងាយដាច់អាល័យ” កំពុង​ជាប់​ជម្រើស​ប្រកួត​ពាន​រង្វាន់​អូស្ការ​ ដើម្បី​ឆ្ពោះ​ទៅ​វគ្គ​ជម្រើស​​បឋម​​១៥​ (Top 15)។
 
ពានរង្វាន់ Air Canada Award ក្នុងមហោស្រពភាពយន្ត Toronto Reel Asian International Film Festival 2022 នាប្រទេសកាណាដា។ ពានរង្វាន់ “តួសម្តែងឆ្នើម” Best Performance ក្នុងមហោស្រពភាពយន្តអន្តរជាតិសិង្ហបុរី ឆ្នាំ​២០២២។ ពានរង្វាន់ “ភាពយន្តខ្លីល្អបំផុត” នៅឯមហោស្រពភាពយន្ត Laceno D’oro 2022 នាប្រទេសអ៊ីតាលី​៕​
 

 សកម្មភាពក្រោយឆាក (រូប ផ្ដល់ឱ្យ)


 

Tag:
 ភាព​យន្ត​
  រឿង​
  ពាន​រង្វាន់​
  តួសម្ដែង​ឆ្នើម
 ​ ភាពយន្ត​ខ្លី​
 ​
© រក្សាសិទ្ធិដោយ thmeythmey.com