ជាតិ
មហោស្រពជាតិ​ភាពយន្ត​ខ្នាតខ្លី​កម្ពុជាឆ្នាំ​នេះ មាន​ពាន​រហូត​ដល់​៨
17, Dec 2022 , 2:40 pm        
រូបភាព
រូបពីហ្វេសប៊ុក លោក ប៉ុក បូរក្ស ប្រធាន នាយកដ្ឋាន សិល្បៈ ភាពយន្ត និង ផ្សព្វ ផ្សាយ វប្បធម៌
រូបពីហ្វេសប៊ុក លោក ប៉ុក បូរក្ស ប្រធាន នាយកដ្ឋាន សិល្បៈ ភាពយន្ត និង ផ្សព្វ ផ្សាយ វប្បធម៌
ភ្នំពេញ​៖ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​៣ឆ្នាំ​២០២២ ក្រោម​ប្រធាន​បទ ​ “​ភាពយន្ត​ខ្នាត​ខ្លី​ ជា​ជំហាន​ឆ្ពោះ​ទៅ​ភាព​យន្ត​ខ្នាត​វែង​” មាន​ពាន​រង្វាន់​ធំ​ចំនួន​៣ និងពាន​​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​៥ផ្សេង​ទៀត​​។


 
មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​៣ឆ្នាំ​២០២២​ រៀប​ចំ​ដោយ​នាយក​ដ្ឋាន​​សិល្បៈ​​ភាព​យន្ត​ និង​ផ្សព្វ​ផ្សាយ​វប្បធម៌​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​ ក្រោម​ពាក្យ​ស្លោក​ “​ភាពយន្ត​ខ្នាត​ខ្លី​ ជា​ជំហាន​ឆ្ពោះ​ទៅ​ភាព​យន្ត​ខ្នាត​វែង​”។ សូមរំលឹក​​ថា មហោស្រពជាតិ​​ភាព​យន្ត​​ខ្នាត​ខ្លី​កម្ពុជា បាន​ខក​ខាន​ប្រារព្ធ​រយៈ​ពេល​២​ឆ្នាំ ដោយ​សារ​វិបត្តិ​កូវីដ-១៩​។
 
លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​ និង​ផ្សព្វ​ផ្សាយ​វប្បធម៌​ បាន​លើក​ឡើង​ថា មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី គឺ​ជា​យន្ត​ការ​ចាំ​បាច់​បំផុត​ ក្នុង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​​យុវជន​ ដើម្បី​បញ្ចេញ​​គំនិត​ ចែក​រំលែក​​ព័ត៌​មាន​ដែល​ពួក​គេ​មាន​ តាម​​រយៈ​អេក្រង់​ ឬ​ផ្ទាំង​សំពត់​ស ហើយ​នេះ​គឺ​ជា​ជំហាន​ដំបូង​ដែល​នាំ​ឱ្យ​ពួក​គេ​ ក្លាយ​ជា​ផលិតករ​ភាពយន្ត​​។ លោក​បន្ថែម​ថា ​មហោស្រព​នេះ​ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​ ក្នុង​ការ​ផ្ដល់​ឱកាស​ឱ្យ​យុវជន​ យុវនារី​​បញ្ចេញ​ទេពកោសល្យ​ សមត្ថភាព​ លើ​ការ​ផលិត​ស្នាដៃ​ភាព​យន្ត​ខ្នាត​ខ្លី​របស់​ខ្លួន​ ដើម្បី​យកទៅ​​ប្រកួត​ប្រជែង​ ក្នុង​កម្រិត​ថ្នាក់​ជាតិ​។ 
 
«​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ បាន​ក្លាយ​ជា​ចំណុ​ច​ប្រសព្វ​​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្សារ​ភ្ជាប់​យុវជន​​កម្ពុជា មក​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​មួយ​នឹង​បទ​ពិសោធ​ថ្មី ក្នុង​វិស័យ​ភាព​យន្ត​។ ហើយ​វា​ក៏​ជា​វេទិកា​អប់រំ​ និង​បំផុស​ទេពកោសល្យ​ច្នៃ​ប្រឌិត​ ព្រម​ទាំង​ភាព​រស់​​រវើក​ ដ៏​សម្បូរ​បែប​នៃ​ការ​ផលិត​ភាព​យន្ត​ខ្នាត​ខ្លី​ នៅ​កម្ពុជា​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក ប៉ុក បូរក្ស​។
 
មហោស្រព​ដែល​មាន​ពាក្យ​ស្លោក “​ភាពយន្ត​ខ្នាត​ខ្លី គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​ភាពយន្ត​ខ្នាត​វែង​” បាន​កំណត់​ខ្លឹម​សារ​គោល​ ក្នុង​ការ​ជ្រើស​រើស​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​ សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​​ចំនួន​២​ គឺ​ “វប្បធម៌​និង​ការអភិវឌ្ឍសង្គម​” និង​ “ភាព​ច្នៃ​ប្រឌិត​និង​ការ​បង្កើត​ថ្មី​”។
 
ក្នុង​ឆ្នាំ២០២២​នេះ ​មហោស្រព​ទទួល​បាន​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​ សុំ​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន​៣៥​ស្នាដៃ​។ ចំនួន​នេះ​ប្រហាក់​ប្រហែល​គ្នា បើ​ធៀប​នឹង​ចំនួន​ស្នាដៃ ​ដែល​បាន​ចូ​ល​រួម​ប្រកួត​ប្រជែង​ ក្នុង​មហោស្រព​​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​​លើក​ទី​២​ ឆ្នាំ​២០១៨​។ 
 
លោក បូរក្ស បន្ថែម​៖«​តួលេខ​នេះ​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​រង​ឥទ្ធិពល​​អវិជ្ជមាន​ ពី​វិបត្តិ​កូវីដ-១៩ក្ដី ក៏​យុវជន​​នៅ​តែ​ចាប់​អារម្មណ៍​ ស្រឡាញ់​ និង​បន្ត​ខិត​ខំ​ផលិត​ស្នាដៃ​ភាពយន្ត​​រៀង​ៗ​ខ្លួន»។
 
សូមបញ្ជាក់​ថា ស្នាដៃ​ភាពយន្ត​ទាំង​អស់​ នឹង​ឆ្លង​កាត់​ការ​ពិនិត្យ​ និង​វាយ​តម្លៃ​ជា​២​ដំណាក់​កាល​ ដោយ​អនុគណៈ​កម្មការ​មេប្រយោគ​របស់​មហោស្រព​។ ដំណាក់​កាល​ទី​១ គណៈ​មេប្រយោគ​ចំនួន​៧​រូប​ នឹង​ពិនិត្យ​វាយ​តម្លៃ​​ស្នាដៃ​ទាំង​អស់​ ដើម្បី​ជ្រើស​រើស​យក​ស្នាដៃ​ភាព​យន្ត​លេច​ធ្លោ​ចំនួន​៥​ស្នាដៃ ដាក់​ជូន​គណៈ​មេប្រយោគ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ពិនិត្យ​សម្រេច​ នៅ​ថ្ងៃបិទ​មហោស្រព​ នាថ្ងៃ​ទី​២០ខែ​ធ្នូ​ឆ្នាំ​២០២២​។ 
 
ជា​មួយ​គ្នា​នោះ​ គណៈ​មេប្រយោគ​វគ្គ​ដំបូង​ ក៏​មាន​ភារកិច្ច​ជ្រើស​រើស​ស្នាដៃល្អ​ៗ​ មួយ​ចំនួន​ផ្សេង​ទៀត​ ដើម្បី​ដាក់​ជូន​មេប្រយោគ​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ពិនិត្យ​សម្រេច​ ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ដំណាក់​កាល​ទី​២ គណៈ​មេប្រយោគ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ចំនួន​ ៧​រូប​ទៀត នឹង​ពិនិត្យ​វាយ​តម្លៃ​ស្នាដៃ​ភាព​យន្ត​លេច​ធ្លោ​ ទាំង​៥​ស្នាដៃ​ចុង​ក្រោយ​ ដើម្បី​ជ្រើស​រើស​ផ្ដល់​ពាន​រង្វាន់​ ប្រចាំ​មហោស្រព​ និង​ពាន​វង្វាន់​លើក​ទឹក​ចិត្ត​។
 
ស្នាដៃ​ភាព​យន្ត​ខ្នាត​ខ្លី​ទាំង​៣៥​ចំណង​ជើង​ ដែល​បាន​ដាក់​ចូល​រួម​ប្រកួត​ប្រជែង​ នឹង​ត្រូវ​ចាក់​បញ្ចាំង​​ចាប់​ពី​ថ្ងៃ​​ទី​១៦ ដល់​ថ្ងៃ​ទី​​១៩ខែ​ធ្នូឆ្នាំ​២០២២​ នៅ​រោង​ភាពយន្ត​ចំនួន​៨​ នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​នោះ​មាន​ រោង​ភាព​យន្ត​ Major Cineplex សាខា Aeon២, រោង​ភាព​យន្ត​ Legend សាខា Eden Garden, Legend សាខា Olympia, រោង​ភាព​យន្ត​ Prime សាខា Samai Square, Prime សាខាចោម​ចៅ, មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា និង​វិទ្យាស្ថាន​ភាសា​បារាំង​។ 
 
ភាព​យន្ត​ខ្នាត​ខ្លី​ទាំង​៣៥​ស្នាដៃ​នេះ នឹង​អនុញ្ញាត​ឱ្យ​ទស្សនិក​ជន​ ដែល​ចូល​ទស្សនា​ វាយ​តម្លៃ​ជ្រើស​រើស​​ស្នាដៃ​ដែល​ខ្លួន​ពេញ​ចិត្ត​ផង​ដែរ​។ កម្ម​វិធី​បញ្ចាំង​មាន​ផ្សព្វ​​ផ្សាយ​តាម​ហ្វេស​ប៊ុក​ផេក​ របស់​មហោស្រព​ និង​វេបសាយ​មហោស្រព​ www.cnsff.cambodiafilm.info ព្រម​ទាំង​សៀវ​ភៅ​មហោស្រព​ ដែល​បាន​ចែក​ជូន​។
 
លើស​ពី​នេះ​ ក្រៅ​ពី​ការ​ចាក់​បញ្ចាំង​ភាពយន្ត​​​​​​ប្រកួត​ប្រជែង​​ទាំង​៣៥​ស្នាដៃ មហោស្រព​ក៏​មាន​ការ​ចាក់​បញ្ចាំង​ស្នាដៃ​ភាព​យន្ត​ឯកសារ​ខ្លី​ ចំនួន​៣៣​ស្នាដៃ​ ដែល​បង្ហាញ​ពី​ជីវិត​ ប្រពៃណី វប្បធម៌​ ក៏​ដូច​ជា​បរិស្ថាន​រស់​នៅ​ តាម​ដង​ទន្លេ​មេគង្គ​​កម្ពុជា​ផង​ដែរ​។ ភាព​យន្ត​ឯកសារ​ទាំង​នោះ​ ផលិត​ដោយ​សិក្ខា​កាម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ ជំនាញ​ផលិត​ភាព​យន្ត​ឯកសារ​ ដែល​រៀប​ចំ​ដោយ ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។
 
មហោស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លីកម្ពុជា​​ មាន​ពាន​រង្វាន់​ធំ​ចំនួន​៣ និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​៥ផ្សេង​ទៀត​ ដែល​ក្នុង​នោះ​រួម​មាន​ ពាន​រង្វាន់​មាស (Gold Award) នឹង​ទទួល​បានពាន​១ អម​ដោយ​ទឹក​ប្រាប់​១២​លាន​រៀល​។ ពាន​រង្វាន់​ប្រាក់​ (Silver Award) នឹង​ទទួល​បាន​ពាន​១ អម​ដោយ​ទឹក​ប្រាក់​៨​លាន​រៀល​។ ពាន​រង្វាន់​សំរឹទ្ធ​ (Bronze Award) នឹង​ទទួល​បាន​ពាន​១ អម​ដោយ​ទឹក​ប្រាក់​៤​លាន​រៀល​។
 
បន្ថែម​ពី​នោះ​ក៏​មាន​ពាន​រង្វាន់​លើក​ទឹក​ចិត្តដែរ ជា​ពាន​រង្វាន់​ទស្សនិក​ជន​ (Audience Choice Award) នឹង​ទទួល​បាន​ពាន​១ អម​ដោយ​កាម៉េរ៉ាឌីជីថល​មួយ​គ្រឿង​។ ពាន​រង្វាន់​ពិសេស​​របស់​មេប្រយោគ​ (Special Jury Award) នឹង​ទទួល​បាន​ពាន​១ អម​ដោយ​ទឹកប្រាក់​៣​លាន​រៀល​។ ពាន​រង្វាន់​អត្ថបទ​និពន្ធ​ល្អ​ (Best Script Award) នឹង​ទទួល​បាន​ពាន​១ អម​ដោយ​ទឹក​ប្រាក់​២​លាន​រៀល​។ ពាន​រង្វាន់​អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​ (Rising Director Award) នឹង​ទទួល​បាន​ពាន​១ អម​ដោយ​ទឹក​ប្រាក់​២​លាន​រៀល​។ ពាន​រង្វាន់​បច្ចេក​ទេស​ល្អ (Technical Excellence) នឹង​ទទួល​បាន​ពាន​១ អម​ដោយ​ទឹក​ប្រាក់​២​លាន​រៀល​៕

Tag:
 ភាពយន្ត​
  សិល្បៈ​
  កុន​
  មហោស្រព​
  ភាពយន្ត​ខ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com