ជាតិ
ក្លិប​អ្នកកាសែត អំពាវនាវ​ឱ្យ​សមាគម និង​អ្នកកាសែត ចូលរួម​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​
17, Dec 2022 , 3:40 pm        
រូបភាព
ភ្នំពេញ៖ ចាងហ្វាង និពន្ធ​នាយក​មកពី​៦០​អង្គភាព​សារព័ត៌មាន បាន​ព្រមព្រៀងគ្នា​គាំទ្រ​ការបង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌​មាននៅ​ថ្ងៃ​ខាងមុខ​។ សេចក្តីសម្រេច​នេះ​ត្រូវ​បានប្រកាស​នៅ​ក្នុ​វេទិកា​និពន្ធ​នាយក​លើក​ទី​១៩ ដែល​ត្រូវ​បានរៀបចំ​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២២​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​



វេទិកា​និពន្ធ​នាយក​ដែលជា​វេទិកា​ប្រចាំឆ្នាំ​របស់​ក្លិប​អ្នកកាសែត​កម្ពុជា ផ្តល់​សារសំខាន់​ដល់​ការបង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​នេះ ក្នុង​កាលៈទេសៈ​នៃ​ការរីកដុះដាល​យ៉ាងខ្លាំង​នៃ​សារព័ត៌មាន​អន​ឡាញ​។ 

​យោងតាម​សេចក្តីថ្លែងការណ៍​រួមមួយ​ដែលមាន​ខ្លឹមសារ​៩​ចំណុច ក្រុម​និពន្ធ​នាយក​បាន​យល់ឃើញថា ក្លិប ឬ​សមាគម​អ្នកសារព័ត៌មាន​សព្វថ្ងៃ គ្មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុងការ​តម្រង់ទិស​អ្នកសារព័ត៌មាន​ទាំងអស់ ឱ្យ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ឡើយ​។ ជាពិសេស​ការស្តីបន្ទោស ណែនាំ ព្រមាន​ដល់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន នៅពេលដែល​ពួកគេ​ប្រព្រឹត្ត​ខុស​។​
 



ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ វេទិកា​និពន្ធ​នាយក ចង់ឱ្យមាន​ការបង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​មួយ ដែលមាន​មុខងារ​ច្បាស់លាស់​ក្នុងការ​តម្រង់ទិស ដាក់ពិន័យ ក៏ដូចជា​កែលម្អ​វិជ្ជាជីវៈ​សារព័ត៌មាន ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជា​។​
 
​សេចក្តីថ្លែងការណ៍​រួម​នៃ​វេទិកា​និពន្ធ​នាយក​បាន​រៀបរាប់​ដូច្នេះ​៖« បន្ទាប់ពី​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា លើក​ទី​១៩ បិទ​បញ្ចប់ ក្លិប​អ្នកកាសែត​កម្ពុជា នឹងមាន​តួនាទី​ជា​អ្នកសម្របសម្រួល និង​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិនិត្យ​លទ្ធភាព​រៀបចំ​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​មួយ​។​»​។​
 
​ក្លិប​អ្នកកាសែត ក៏​អំពាវនាវ​ឱ្យ​សមាគម និង​អ្នកសារព័ត៌មាន​ទាំងអស់ ចូលរួម​ក្នុង​សកម្មភាព​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ ដើម្បីឱ្យ​មានដំណើ​ការប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព ព្រោះ​វា​មាន​សារសំខាន់ សម្រាប់​ការលើកកម្ពស់​គុណភាព​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ឱ្យទទួល​បានការ​គោរព ផ្តល់​តម្លៃ​ពី​សាធារណជន និង​អាជ្ញាធរ​គ្រប់​មជ្ឈដ្ឋាន​។​
 



​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ នា​វេទិកា​និពន្ធ​នាយក​លើក​ទី​១០​នោះ ក្លិប​អ្នកកាសែត​កម្ពុជា ក៏​ធ្លាប់បាន​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន និង​បាន​សិក្សា​ពី​បញ្ហា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក អំពី​ក្រុមប្រឹក្សា​សារព័ត៌មាន ឬ​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​តំបន់​អាស៊ាន មាន​ប្រទេស​ចំនួន​៤​ដែលមាន​ក្រុមប្រឹក្សា​សារព័ត៌​មានដូចជា​ប្រទេស​ថៃ ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​។ ក្រុមប្រឹក្សា​សារព័ត៌មាន​ទាំង​៤​នេះ​ក៏បាន​រួមគ្នា​បង្កើត​ជាប​ណ្ដា​ញ​មួយ​រួចហើយ​ដែរ​៕

Tag:
 (អ្នកកាសែត)
© រក្សាសិទ្ធិដោយ thmeythmey.com