ជាតិ
កម្ពុជា នឹងចុះត្រជាក់ខ្លាំង រយៈពេល៣ថ្ងៃ
18, Dec 2022 , 7:59 am        
រូបភាព
រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ កម្ពុជារងអាកាសធាតុត្រជាក់ខ្លាំងជាថ្មីម្ដងទៀត ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២   ដោយសារឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។

ឥទ្ធិពលសម្ពោធខ្ពស់ពីចិន ដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន នឹងធ្វើឱ្យកម្ពុជាចុះត្រជាក់ខ្លាំង ជាពិសេសនៅតាមតំបន់ភ្នំ តំបន់ជាប់ជូរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។
ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន នឹងចុះត្រជាក់​មានសីតុណ្ហភាពអប្បរមា អាចធ្លាក់ចុះក្នុងរង្វង់ពី១៥-១៦ អង្សាសេ។   រីឯ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ   សៀមរាប និងខេត្តបាត់ដំបង នឹងចុះត្រជាក់ ដោយមានសីតុណ្ហភាពអប្បរមា ចាប់ពី ១៧-១៨ អង្សាសេ។ និងរាជធានី-បណ្ដាខេត្តដទៃទៀត មានសីតុណ្ហភាពអប្បរមាក្នុងរង្វង់ ២០ អង្សាសេ។
ជាមួយគ្នានេះ ក្នុងអំឡុងពេលនៅវេលាថ្ងៃ នឹងមានសីតុណ្ហភាពអតិបរមា ២៦-២៩ អង្សាសេនិងនៅថ្ងៃទី២១ ខែធ្នូ អាចមានសីតុណ្ហភាពអាចកើនឡើងពី ២-៣ អង្សាសេវិញ។
សូមបញ្ជាក់ដែរ ក្រសួងធនធានទឹក បានអំពាវនាវពលរដ្ឋដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ។ អ្នកនេសាទ និងអ្នកធ្វើដំណើរសមុទ្រ ត្រូវប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ៕
 
 
 
 

Tag:
 ThmeyThmey25
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com