អន្តរជាតិ
មេដឹកនាំអេក្វាទ័រទៅអាម៉េរិកដើម្បីស្វែងរកជំនួយប្រឆាំងក្រុមជួញដូរគ្រឿងញៀន
18, Dec 2022 , 9:20 pm        
រូបភាព
ប្រធានាធិបតីអេក្វាទ័រ Guillermo Lasso ។ រូបថត AFP
ប្រធានាធិបតីអេក្វាទ័រ Guillermo Lasso ។ រូបថត AFP
ប្រធានាធិបតីអេក្វាទ័រ Guillermo Lasso គ្រោងនឹងជួបជាមួយប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នៅសេតវិមាននៅថ្ងៃទី១៨ ខែធ្នូ ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខ និងបញ្ហាផ្សេងៗទៀត ខណៈព្យាយាមធ្វើឱ្យមានតុល្យភាពរវាងអេក្វាទ័រជាមួយទាំងអាម៉េរិក និងចិន។


 
ប្រធានាធិបតីអេក្វាទ័រលោក Guillermo Lasso ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនជាមួយនឹងគោលបំណងសំខាន់ៗមួយចំនួន ហើយក្នុងចំណោមគោលបំណងសំខាន់ៗទាំងនេះ លោក Lasso នឹងលើកឡើងពីបញ្ហាប្រយុទ្ធជាមួយក្រុមជួញដូរគ្រឿងញៀនដែលបានវាយប្រហារបើកចំហនៅតាមដងផ្លូវ និងក្នុងពន្ធនាគារ ដើម្បីស្វែងរកជំនួយពីអាម៉េរិក។ 
 
អំពើហិង្សាទាក់ទងនឹងគ្រឿងញៀនបានជំរុញឱ្យលោក Lasso ប្រកាសភាពអាសន្នក្នុងខែវិច្ឆិកាកន្លងទៅ ខណៈអេក្វាទ័រជាប្រទេសដែលស្ថិតនៅចន្លោះកូឡុំប៊ី និងប៉េរូ ដែលជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក។
 
បើតាមកលោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកនៅថ្ងៃទី១៦ ខែធ្នូប្រធានាធិបតីទាំងពីរដែលបានជួបគ្នាចុងក្រោយកាលពីខែមិថុនានៅឯកិច្ចប្រជុំកំពូលនៃទ្វីបអាមេរិកនៅទីក្រុង Los Angeles នឹងពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។
 
ក្រៅតែពីបញ្ហាគ្រឿងញៀន ពាណិជ្ជកម្មក៏នឹងក្លាយជាប្រធានបទសំខាន់មួយទៀតក្នុងកិច្ចជំនួបនេះផងដែរ​។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre និយាយនៅថ្ងៃទី១៦ ខែធ្នូថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីគំនិតផ្តួចផ្តើមសេដ្ឋកិច្ចក្នុងតំបន់ រួមទាំងភាពជាដៃគូសម្រាប់វិបុលភាពសេដ្ឋកិច្ចរបស់អាមេរិក (APEP) ដែលមានបំណងប្រមូលផ្តុំការវិនិយោគ ការលើកកម្ពស់ថាមពលស្អាត និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។
 
ដូចបណ្តាប្រទេសនៅអាមេរិកឡាទីនដទៃទៀតដែរ អេក្វាទ័រព្យាយាមជៀសវាងការប្រជែងគ្នាជាសកលរវាងអាម៉េរិក និងចិន ដោយរក្សាទំនាក់ទំនងល្អជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលទទួលផលប្រយោជន៍ទីក្រុងប៉េកាំង។
 
នៅប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក Lasso ទៅទីក្រុងវ៉ាស៊ីនតោន មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានអនុម័តផ្តល់ជាបន្ទាន់នូវកញ្ចប់ទឹកប្រាក់ ៧០០​ លានដុល្លារក្នុងគោលបំណងគាំទ្រការងើបឡើងវិញរបស់ប្រទេសនេះពីជំងឺរាតត្បាត ដោយធានាស្ថិរភាពសារពើពន្ធ និងពង្រីកការការពារសម្រាប់ជនងាយរងគ្រោះ៕

Tag:
 (អេក្វាទ័រ
  អាម៉េរិក)
© រក្សាសិទ្ធិដោយ thmeythmey.com