អន្តរជាតិ
កូរ៉េខាងជើង ថាខ្លួនបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ក្នុងដំណាក់កាលចុងក្រោយ
19, Dec 2022 , 11:49 am        
រូបភាព
រូបពីNK
រូបពីNK
ដោយ:
កូរ៉េខាងជើង បានធ្វើតេស្តបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាក្នុងដំណាក់កាលចុងក្រោយ ហើយផែនការអភិវឌ្ឍផ្កាយរណបប្រភេទនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងត្រឹមខែមេសា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១៩ ខែធ្នូ។

 
ទីភ្នាក់ងារព័ត៌មានKCNA បានឱ្យដឹងថា កូរ៉េខាងជើងនៅថ្ងៃទី១៨ ខែធ្នូ បានបាញ់គ្រាប់រ៉ុក្កែតបញ្ជូនផ្កាយរណបសាកល្បង ដែលបំពាក់ដោយកាមេរ៉ាជាច្រើនគ្រាប់ ឧបករណ៍បញ្ជូន និងទទួលរូបភាព ឧបករណ៍បញ្ជា និងឧបករណ៍ផ្ទុកថាមពលថ្ម ដល់រយៈកម្ពស់ ៥០០ គីឡូម៉ែត្រ។  
 
ការបាញ់តេស្តនេះ ធ្វើនៅទីតាំងបាញ់បង្ហោះផ្កាយរណប Sohae ដើម្បីផ្តោតសំខាន់លើការវាយតម្លៃសមត្ថភាពនៃរូបដែលផ្កាយរណបចាប់បាន ប្រព័ន្ធបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងនៅលើដី។
 
« យើងបញ្ជាក់ពីឧបករណ៍បច្ចេកវិទ្យាសំខាន់ៗដូចជា បច្ចេកវិទ្យាប្រតិបត្តិការកាមេរ៉ាក្នុងបរិយាកាសអវកាស ឧបករណ៍ទំនាក់ទំនងដែលមានសត្ថភាពដំណើរការ និងបញ្ជូនទិន្នន័យ ការតាមដាន និងត្រួតពិនិត្យពីភាពច្បាស់លាស់នៃប្រព័ន្ធគ្រប់គ្រងលើដី»។ អ្នកនាំពាក្យម្នាក់របស់រដ្ឋបាលអភិវឌ្ឍន៍ទីអវកាសជាតិកូរ៉េខាងជើងបញ្ជាក់បែបនេះ។
 
កូរ៉េខាងជើងគ្រោងនឹងបញ្ចប់ការត្រៀមបង្ហោះផ្កាយរណប ឈ្លបយកការណ៍យោធាដំបូងត្រឹមខែមេសា​ ឆ្នាំ២០២៣។ ទន្ទឹមនេះ ទីភ្នាក់ងារ KCNA ក៏បានបញ្ចេញរូបភាពក្រុងសេអ៊ូល និងក្រុង Incheon ដែលប៉ាន់ស្មានថាត្រូវបានថតដោយផ្កាយរណបសាកលល្បងនោះ។ 
 
ក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១៨ ខែធ្នូ ក៏បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមពីរគ្រាប់ទៀតចូលសមុទ្រខាងកើត ដែលហោះក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ។ រីឯ នៅថ្ងៃទី១៦ ខែធ្នូ ក្រុងព្យុយ៉ាងប្រកាសថា ខ្លួនបានតេស្តជោគជ័យក្នុងការសាកល្បងម៉ូទ័រជំរុញ ដែលប្រើឥន្ធនៈរឹង ខណៈពេលបច្ចុប្បន្នមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង ប្រើម៉ូទ័រដែលជំរុញដោយឥន្ធនៈរាវ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com