ជាតិ
អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី
19, Dec 2022 , 2:19 pm        
រូបភាព
នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីកម្រិត បរិញ្ញាបត្ររងជំនាន់ទី១-៦ បរិញ្ញាបត្រជំនាន់ទី១-៥ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១។ កម្មពិធីប្រារព្ធឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី។
 
នេះជាសមិទ្ធផលថ្មីមួយ សម្រាប់វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និងសិស្សនិស្សិតទាំងអស់ បើទោះបីជាមានការរាលត្បាតជំងឺកូវីដ-១៩ តាំងពី២០១៩ក្ដី ក៏សាលានៅតែបន្ដការអប់រំយ៉ាងយកចិត្ដទុកដាក់ជូនដល់សិស្សនិស្សិតតាមរយៈការសិក្សាបែបឌីជីថល។
  


ក្នុងពេលនេះ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ប្រារព្ធពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីសរុប ទាំងអស់ចំនួន ៣៨៦ នាក់ (នារីចំនួន ២៣២ នាក់) ដែលក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០០ នាក់ (នារី ៤៩នាក់) និងថ្នាក់បរិញ្ញាបត្រ ចំនួន ២០៦ នាក់ (នារី ១៣៣នាក់) និងបរិញ្ញាបត្ររងចំនួន ៨០ នាក់ (នារី ៧៨នាក់) ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០២១ កន្លងមកនេះ។ និស្សិតជ័យលាភីដែលនឹងត្រូវទទួល សញ្ញាបត្រនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះ មានចំនួន ៩៥% ដែលទទួលបានការងារ (យោងតាមការស្ទង់មតិរបស់ ការិយាល័យគ្រប់គ្រងនិស្សិតនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ)។
 
គិតត្រឹមបច្ចុប្បន្ននេះ គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យរបស់វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានបំពេញ ការងារ និងការទទួលខុសត្រូវតាមតួនាទីយ៉ាងហ្មត់ចត់។ វិទ្យាស្ថានមានសិស្សនិស្សិតដែលកំពុងសិក្សាគ្រប់កម្រិតនិងវគ្គ ជំនាញខ្លី សរុបចំនួន ១,២១៩ នាក់ ដែលក្នុងនោះមាននារីចំនួន ៧៩៤ នាក់។ គិតត្រឹមឆ្នាំ២០២១ សិស្សនិស្សិតដែល បានបញ្ចប់ការសិក្សានៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ មានចំនួនសរុប ១៤,៣៤៨ នាក់ ក្នុង នោះសិស្សកម្រិតវគ្គជំនាញខ្លី មានចំនួន ១៣,៩៦២ នាក់ និងកម្រិតបរិញ្ញាចំនួន ៣៨៦ នាក់។
 


ដើម្បីពង្រឹងនិងធ្វើបច្ចុប្បន្នភាពទៅលើគុណភាពសិក្សា និងចំណេះដឹងឆ្លើយតបទៅនឹងទីផ្សារការងារ វិទ្យាស្ថាន ហិរញ្ញវត្ថុ និងគណនេយ្យ មានចក្ខុវិស័យយ៉ាងមុតមាំលើការអភិវឌ្ឍកម្មវិធីសិក្សាស្របតាមស្តង់ដា ពង្រឹងគុណភាពនិង សមត្ថភាពបង្រៀនរបស់សាស្ត្រាចារ្យ វិន័យរបស់និស្សិត និងពង្រឹងការគ្រប់គ្រងផ្ទៃក្នុង។ ទន្ទឹមនឹងនេះ វិទ្យាស្ថានមានបន្ទប់ សិក្សាបំពាក់ដោយសម្ភារឧបទេសទំនើបៗ ដែលផ្ដល់ភាពងាយស្រួលដល់សិស្សនិស្សិតក្នុងការសិក្សា ទាំងសិក្សាផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ជាពិសេសបណ្ណាល័យរបស់វិទ្យាស្ថានដែលជាបណ្ដុំព័ត៌មានស្រាវជ្រាវថ្មីៗសម្រាប់សិស្សនិស្សិត។
 
វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ មានគោលការណ៍អប់រំបណ្ដុះបណ្តាលដោយផ្ដោតសំខាន់ទៅលើ ការពង្រឹង គុណភាពសិក្សា ព័ត៌មានវិទ្យា វិន័យ ឥរិយាបទ គុណធម៌ និងជំនាញទំនាក់ទំនង។ វិទ្យាស្ថានបានបណ្តុះបណ្តាលទាំង ចំណេះដឹង និងការអនុវត្តជាក់ស្ដែង តាមរយៈការផ្ដល់ឱកាសដល់សិស្សនិស្សិតដើម្បីចុះហាត់ការនៅតាមបណ្តាស្ថាប័ន សាធារណៈ និងឯកជនជាង២០ស្ថាប័ន ដែលជាដៃគូសហការរបស់វិទ្យាស្ថាន។ អាស្រ័យហេតុនេះ និស្សិតដែលកំពុង សិក្សាកម្រិតបរិញ្ញាបត្រ(ចាប់ពីឆ្នាំទី២) និងបរិញ្ញាបត្ររងចំនួន៩៨% ទទួលបានការងារត្រូវជំនាញដែលពួកគេកំពុង ទទួលការបណ្តុះបណ្តាល។ ដោយឡែក និស្សិតកម្រិតបរិញ្ញាបត្រ ជាន់ខ្ពស់ និងវគ្គជំនាញខ្លីចំនួន ៩៩% ជាសិស្សនិស្សិត ដែលការងារស្រាប់។
 


វិទ្យាស្ថានបានចុះអនុស្សរណៈជាមួយ ក្រុមហ៊ុនឯកជន មីក្រូហិរញ្ញវត្ថុ ចំនួន២១ ដែលជួយសហបណ្តុះបណ្តាល និស្សិតនៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យទៅតាមជំនាញរបស់ខ្លួនចាប់ពីឆ្នាំទី២ និងជាមួយស្ថាប័នរដ្ឋចំនួន ៣ មានដូចជា៖
 
ទី១ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ហៅកាត់ថា Kicpaa ដែលវិទ្យាស្ថាន បានបញ្ចូល មុខវិជ្ជារបស់ / KICPAA ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនលើកម្រិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ក្នុងគោលបំណងពង្រីកសមត្ថភាព និងគុណតម្លៃរបស់និស្សិត
 
ទី២ និយ័តករមូលបត្រកម្ពុជា ដែលវិទ្យាស្ថានបានដាក់បញ្ចូលមុខវិជ្ជាដែលសិក្សាពីមូលបត្រទៅក្នុងកម្មវិធី សិក្សារបស់ខ្លួន ដើម្បីបញ្ជ្រាបការយល់ដឹងពីទីផ្សារមូលបត្រ ក៏ដូចជាជួយលើកស្ទួយវិស័យមូលបត្រនៅកម្ពុជា
 
ទី៣ និយ័តករបរធនបាលកិច្ច ដែលវិទ្យាស្ថានបានដាក់បញ្ចូលមុខវិជ្ជាមួយចំនួន ដើម្បីឱ្យនិស្សិតយល់កាន់តែ ច្បាស់ពីវិស័យការងារច្រើនប្រភេទដែលមានក្នុងស្ថាប័ននេះ៕
 






(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com