អន្តរជាតិ
លោក ហ្សេលេនស្គី ថា ការការពារព្រំដែនរបស់អ៊ុយក្រែនពីរុស្ស៊ី និងបេឡារុសគ្មានថ្ងៃបញ្ចប់
19, Dec 2022 , 4:29 pm        
រូបភាព
ដោយ:
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៨ ខែធ្នូ លើកឡើងថា ការការពារព្រំដែនរបស់អ៊ុយក្រែនជាអាទិភាពជានិច្ច ហើយប្រទេសលោកត្រៀមជាស្រេចសម្រាប់សេណារីយ៉ូគ្រប់បែបយ៉ាងពីរុស្ស៊ី និងបេឡារុស។

 
ជិត១០ខែនៃការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពាវនាវជាថ្មីដល់ប្រទេសលោកខាងលិចឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមដើម្បីតទល់នឹងរុស្ស៊ីដែលបន្តបាញ់ផ្លោងឥតឈប់ឈរ។ បើតាមលោក ហ្សេលេនស្គី ការផ្តល់ប្រព័ន្ធការពារដែនអាកាសជាជំហានដ៏ខ្លាំងក្លាបំផុតដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី។ 
 
ក្នុងសុន្ទរកថានាពេលយប់នៅថ្ងៃទី១៨ ខែធ្នូ មេដឹកនាំអ៊ុយក្រែនរូបនេះបញ្ជាក់ថាបានត្រៀមខ្លួនសម្រាប់គ្រប់សេណារីយ៉ូជាស្រេចដើម្បីការពារប្រទេស ស្របពេលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចជាលើកដំបូងក្នុងរយៈពេលបីឆ្នាំចុងក្រោយទៅបេឡារុសដែលជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ។ 
 
«​ការពារព្រំដែនរបស់យើងទាំងនៅជាប់រុស្ស៊ី និងបេឡារុស គឺជាអាទិភាពជាដរាបរបស់យើង»។ លោក ហ្សេលេនស្គី លើកឡើងបែបនេះក្រោយកិច្ចប្រជុំជាមួយមេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែន។ 
 
ជាច្រើនខែមកហើយ មន្រ្តីក្រុងកៀវព្រមានថា បេឡារុសអាចចូលរួមជាមួយកងកម្លាំងរុស្ស៊ី ហើយក្លាយជាទីតាំងវាយប្រហារថ្មីដើម្បីបង្កើតជារណសិរ្សទីពីរក្នុងសង្រ្គាមនៅប៉ែកខាងកើតអឺរ៉ុប។ ប៉ុន្តែ លោក Alexander Lukashenko បញ្ជាក់ម្តងហើយម្តងទៀតថា ក្រុងមីនស្កិ៍មិនបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ។ 
 
មុនទស្សនកិច្ចដ៏កម្ររបស់លោក ពូទីន ប្រធានាធិបតីបេឡារុស លោក Lukashenko បានសង្កត់ធ្ងន់ពីឯករាជ្យភាពរបស់បេឡារុស ហើយអះអាងថាគ្មានអ្នកណាដឹកនាំប្រទេសលោកក្រៅពីបេឡារុសទេ។ 
បេឡារុសគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី ហើយលោក Lukashenko កន្លងមកថែមទាំងអនុញ្ញាតឱ្យរុស្ស៊ីប្រើទឹកដីបេឡារុសបើកការវាយប្រហារអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ទៀតផង។
 
ក្រៅពីនេះ លោក ហ្សេលេនស្គី ក៏បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកដើម្បីដោះស្រាយបញ្ហានៅអ៊ុយក្រែនផងដែរ។ សារវីដេអូនេះត្រូវបានលោកស្នើឱ្យចាក់ផ្សាយមុនការប្រកួតផ្តាច់ព្រ័ត្រ World Cup 2022 ប៉ុន្តែត្រូវបានច្រានចោល៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com