អន្តរជាតិ
តៃវ៉ាន់ស៊ើបអង្កេត​ TikTok ដោយសង្ស័យមានក្រុមហ៊ុនបុត្រសម្ពន្ធដំណើរការខុសច្បាប់
19, Dec 2022 , 9:29 pm        
រូបភាព
រដ្ឋាភិបាលតៃវ៉ាន់នៅថ្ងៃទី១៨ ខែធ្នូ បានបើកការស៊ើបអង្កេតលើប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ដោយសង្ស័យថា បានដំណើរការក្រុមហ៊ុនបុត្រសម្ពន្ធក្នុងទឹកដីខ្លួនដោយខុសច្បាប់។ អាជ្ញាធរតៃវ៉ាន់ក៏បានព្រមានថា TikTok ត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំងដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។



នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី១៨ ខែធ្នូ ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់ បានបង្ហាញថា កាលពីថ្ងៃទី៩ ខែធ្នូ ក្រុមការងារក្រោមគណៈរដ្ឋមន្ត្រីតៃវ៉ាន់បានរកឃើញបណ្ដាញសង្គមវីដេអូខ្លីៗ TikTok ត្រូវបានជាប់សង្ស័យធ្វើប្រតិបត្តិការពាណិជ្ជកម្មខុសច្បាប់នៅតៃវ៉ាន់ ហើយអាជ្ញាធរកំពុងស៊ើបអង្កេត។ 
 
បើតាមកាសែត Liberty Times របស់តៃវ៉ាន់ ក្រុមហ៊ុន ByteDance ដែលគ្រប់គ្រង TikTok បានបង្កើតក្រុមហ៊ុនបុត្រសម្ពន្ធមួយនៅលើកោះនេះដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ហើយនេះជាការបំពានច្បាប់តៃវ៉ាន់ ដែលចែងថាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនមិនត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មនៅលើកោះនោះឡើយ។
 
កន្លងមក តៃវ៉ាន់បានហាមឃាត់ប្រតិបត្តិការអាជីវកម្មចិនជាច្រើននៅលើកោះខ្លួន សូម្បីតែការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម រហូតដល់ការបើកឧស្សាហកម្មផលិតបន្ទះឈីបដែលមានតម្លៃខ្ពស់។ នេះជាការអនុវត្តតាមច្បាប់ចែងក្នុងឆ្នាំ២០១៩ ដើម្បីប្រឆាំងការជ្រៀតចូល ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជះឥទ្ធិពលរបស់ចិនលើនយោបាយ និងដំណើរការប្រជាធិបតេយ្យ តាមរយៈការផ្តល់មូលនិធិខុសច្បាប់របស់អ្នកនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងវិធីសាស្រ្តផ្សេងទៀត។
 
ក្រោមហេតុផលខាងលើ TikTok ដែលប្រើដើម្បីផ្សព្វផ្សាយវីដេអូខ្លីៗ ចែកចាយចំណេះដឹង និងបញ្ជ្រាបការប្រឆាំងផ្សេងៗនឹងប្រទេសដទៃ បានក្លាយជាវេទិកាមានហានិភ័យខ្ពស់សម្រាប់តៃវ៉ាន់ដែលត្រូវព្រួយបារម្ភ ព្រោះរដ្ឋាភិបាលចិនអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ TikTok។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមបែបនេះ។
 
គួរបញ្ជាក់ថា TikTok មិនប្រើប្រាស់ទូលំទូលាយឡើយនៅតៃវ៉ាន់ ហើយបណ្ដាញសង្គមមួយនេះបានទទួលរងសម្ពាធផងដែរពីអាម៉េរិកជុំវិញដើមកំណើតរបស់កម្មវិធីនេះនៅចិន ហើយបារម្ភថាចិនប្រើប្រាស់វាដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ តៃវ៉ាន់ក៏បានហាមឃាត់នាយកដ្ឋានក្នុងជួររដ្ឋាភិបាលពីការប្រើប្រាស់កម្មវិធី TikTok របស់ចិនផងដែរ។ 
 
យ៉ាងណាមិញ បណ្ដាញសង្គម Facebook និង Instagram ដែលគ្រប់គ្រងដោយ Meta ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងតៃវ៉ាន់៕ 
 

Tag:
 តៃវ៉ាន់
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com