អន្តរជាតិ
ម៉ាឡេស៊ី បើកសម័យប្រជុំសភាដំបូង ដែលជាការធ្វើតេស្តរដ្ឋាភិបាលលោក អាន់វ៉ា
19, Dec 2022 , 5:59 pm        
រូបភាព
ដោយ:
បេក្ខភាពដែលស្នើដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី១៩ ខែធ្នូ ត្រូវបានតែងតាំងជាប្រធានសភាម៉ាឡេស៊ីថ្មី។ នេះសបញ្ជាក់ពីសំឡេងគាំទ្ររបស់លោក អាន់វ៉ា ក្នុងសភាម៉ាឡេស៊ី ក៏ដូចជាលទ្ធភាពដែលលោកអាចឆ្លងផុតការបោះឆ្នោតស្ដីពីទំនុកចិត្តដែរ។

 
ក្នុងកិច្ចប្រជុំលើកដំបូងតាំងពីសភាម៉ាឡេស៊ីមានរដ្ឋាភិបាលថ្មី លោក Datuk Johari Abdul អតីតសមាជិកសភាមកពីបក្សរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបច្ចុប្បន្នត្រូវបានជ្រើសតាំងជាប្រធានសភាជាន់ទាបម៉ាឡេស៊ី។ បេក្ខភាពរបស់លោក Johari ត្រូវបានស្នើឡើងដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងគាំទ្រដោយឧបនាយករដ្ឋមន្រ្តី Ahmad Zahid Hamidi ដែលជាដៃគូក្នុងរដ្ឋាភិបាលចម្រុះ។ 
 
ជាមួយសំឡេងគាំទ្រចំនួន ១៤៧ ក្នុងចំណោមសមាជិកសភា ២២២ នាក់ លោក Johari ទទួលបានសំឡេងជិត២ភាគ៣។ ការបោះឆ្នោតនេះបង្ហាញពីកម្រិតគាំទ្រដែលលោក អាន់វ៉ា ទទួលបានក្នុងចំណោមសមាជិកសភាម៉ាឡេស៊ី មុនការបោះឆ្នោតទំនុកចិត្តដែលធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៩ ខែធ្នូ។ 
 
ជុំវិញរឿងនេះ លោក អាន់វ៉ា​ ដែលត្រូវបានស្តេចម៉ាឡេស៊ីតែងតាំងជានាយករដ្ឋមន្រ្តីកាលពីចុងខែវិច្ឆិកា នៅខ្វះមួយសំឡេងទៀតដើម្បីបង្រ្គប់សំឡេងភាគច្រើន២ភាគ៣ នៅសភា ទើបអាចផ្លាស់ប្តូរច្បាប់មួយចំនួនបានដូចជាច្បាប់បោះឆ្នោត និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាដើម។ តាំងពីឆ្នាំ២០០៨ មក មិនមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបណាឆ្លងផុតការបោះឆ្នោតទំនុកចិត្តនេះទេ។ 
 
ទោះជាយ៉ាងណា លោក អាន់វ៉ា កន្លងមកអះអាងថា លោកមានសំឡេងគាំទ្រភាគច្រើនដ៏លើសលប់ បន្ទាប់ពីបក្សនយោបាយនានាដែលគាំទ្ររដ្ឋាភិបាលរួបរួមជាតិរបស់លោកនៅថ្ងៃទី១៦ ខែវិច្ឆិកាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយប្តេជ្ញាចិត្តទៅលើរដ្ឋាភិបាលមួយដែលមានស្ថិរភាពរហូតដល់ផុតអាណត្តិប្រាំឆ្នាំ។ 
 
ក្រៅពីនេះ លោក Ramli Mohd Nor ដែលជាសមាជិកសភាមកពីបក្សសម្ព័ន្ធ Barisan Nasional ទទួលបានសំឡេងគាំទ្រ១៤៨ និង Alice Lau ដែលជាសមាជិកសភាមកពីបក្សសម្ព័ន្ធ Pakatan Harapan ទទួលបានសំឡេងគាំទ្រ១៤៦ ត្រូវបានតែងតាំងជាអនុប្រធានសភា៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com