អន្តរជាតិ
ប្រមុខការទូតអូស្ត្រាលី ធ្វើទស្ស​នកិច្ចនៅចិនស្របពេលទំនាក់ទំនងកំពុងល្អប្រសើរវិញ
20, Dec 2022 , 8:29 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Penny Wong។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Penny Wong។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នឹងធ្វើដំណើរទៅដល់ចិននាថ្ងៃទី២០ ខែធ្នូ ដើម្បីចូលរួមកម្មវិធីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះជាសញ្ញានៃការវិលទៅរកភាពល្អប្រសើរឡើងវិញក្នុងទំនាក់ទំនងចិន និងអូស្ត្រាលីក្រោយមានភាពតានតឹងដាក់គ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។



លោកស្រី Penny Wong នឹងទៅដល់ចិនថ្ងៃទី២០ ហើយជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២១ ខែធ្នូ។ ប្រមុខការទូតប្រទេសទាំងពីរនឹងបើកកិច្ចសន្ទនាជាយុទ្ធសាស្ត្រការបរទេសរវាងអូស្ត្រាលី-ចិន លើកទី៦ ស្របពេលខួបលើកទី៥០ នៃទំនាក់ទំនងការទូតផងដែរ។
 
«អូស្ត្រាលីស្វែងរកទំនាក់ទំនងដែលមានស្ថិរភាពជាមួយចិន។ យើងនឹងសហការគ្នាតាមលទ្ធភាពដែលអាចធ្វើបាន អាចមិនយល់ស្របត្រង់កន្លែងដែលយើងត្រូវតែធ្វើ និងផ្សារភ្ជាប់គ្នាដើម្បីផលប្រយោជន៍ជាតិ»។ នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស លើកឡើងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយជុំវិញគម្រោងទស្សនកិច្ចរបស់លោកស្រី​ Wong ។
 
លើសពីនេះ ក្នុងសេចក្ដីថ្លែងការណ៍ចេញដោយការិយាល័យនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះនឹងជួយស្ថាបនាទំនាក់ទំនងការទូតចិន និងអូស្ត្រាលីមួយកម្រិតទៀតបន្ថែមពីលើជំនួបរវាងមេដឹកនាំប្រទេសទាំងពីរក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) នៅឥណ្ឌូណេស៊ី។
 
ក្រោយការប្រកាសពីគម្រោងដំណើរទស្សនកិច្ចនេះ ប្រធានក្រុមប្រឹក្សាធុរកិច្ចនៃគណៈកម្មាធិការការទំនាក់ទំនងអន្តរជាតិរបស់អូស្ត្រាលី លោក Warwick Smith បាននិយាយថា សហគមន៍ធុរកិច្ចសាទរយ៉ាងខ្លាំងចំពោះដំណើររបស់លោកស្រី Wong។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាដំណើរទស្សនកិច្ចធ្វើឡើងដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ព្រមទាំងលើកឡើងពីក្ដីសង្ឃឹមរបស់ក្រុមធុរកិច្ចដែលពិតជាចង់ឃើញផ្លែផ្កាពីកិច្ចប្រជុំនេះ។
 
ទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើការនាំចេញរបស់អូស្ត្រាលី បន្ទាប់ពីទីក្រុងកង់បេរ៉ាអំពាវនាវឱ្យបើកការស៊ើបអង្កេតជាអន្តរជាតិអំពីប្រភពដើមនៃជំងឺកូវីដ-១៩។ ទីក្រុងប៉េកាំង ក៏បានខឹងសម្បារអតីតរដ្ឋាភិបាលសេរីទីក្រុងកង់បេរ៉ា ដែលហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei មិនឱ្យដំណើរការបណ្តាញ 5G នៅអូស្ត្រាលី។
 
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោកស្រី Penny Wong ជាដំណើររបស់រដ្ឋមន្ត្រីការបរទេសលើកដំបូងនៅចិន គិតចាប់តាំងពីទំនាក់ទំនងទីក្រុងប៉េកាំងនិងទីក្រុងកង់បេរ៉ាធ្លាក់ក្នុងភាពតានតឹងជិត៥ឆ្នាំមកហើយ។ កាលពីខែកញ្ញា លោកស្រី Wong បានជួបរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ម្ដងដែរនៅមហាសន្និបាតអង្គការសហប្រជាជាតិ៕ 
 

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com