អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស នឹងផ្តល់ជំនួយយោធាបន្ថែម ៣០៤លានដុល្លារដល់អ៊ុយក្រែន
19, Dec 2022 , 10:29 pm        
រូបភាព
លោក Rishi Sunak  នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព៖ AFP
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព៖ AFP
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak គ្រោងប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីដែលមានទំហំទឹកប្រាក់ជាង ៣០៤ លានដុល្លារដល់អ៊ុយក្រែន ​ដើម្បីជួយក្រុងកៀវប្រឆាំងនឹងក្រុងមូស្គូ។


 
តាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែធ្នូ អង់គ្លេសនឹងផ្ដល់ជំនួយផ្នែកយោធាបន្ថែមដល់អ៊ុយក្រែន ដែលកញ្ចប់ជំនួយថ្មីនេះនឹងរួមមាន​ការបញ្ជូនកាំភ្លើងធំរាប់រយដើម និងមានគោលបំណងធានាលំហូរនៃអាវុធសំខាន់ៗទៅកាន់អ៊ុយក្រែនពេញមួយឆ្នាំ២០២៣ខាងមុខ។ 
 
ការប្រកាសពីបញ្ចប់ជំនួយថ្មីនេះ នឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃកងកម្លាំងបេសកកម្មរួម (JEF) នៅក្នុងប្រទេសឡេតូនីនៅថ្ងៃទី១៩ ខែធ្នូ។ នេះបើតាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស។ 
 
កិច្ចប្រជុំកំពូល JEF ជាកិច្ចប្រជុំដែលប្រមូលផ្តុំដោយមេដឹកនាំសំខាន់ៗដូចជា ដាណឺម៉ាក ហ្វាំងឡង់ ឡេតូនី ហូឡង់ ន័រវេស ស៊ុយអែត និងអង់គ្លេសជាដើម។ កិច្ចប្រជុំនេះ នឹងពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់ Nordic និងបាល់ទិក។ 
 
នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ត្រូវបានរំពឹងថា នឹងអំពាវនាវដល់សមភាគីដែលចូលរួមកិច្ចប្រជុំឱ្យរក្សា ឬបន្ថែមគាំទ្រសម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៣ឱ្យលើសឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍ដដែលក៏បានបន្ថែមថា អង់គ្លេសជាប្រទេសផ្តល់ជំនួយផ្នែកការពារឈានមុខគេរបស់អឺរ៉ុបដល់អ៊ុយក្រែន ដោយរាប់ទាំងការបញ្ជូនប្រព័ន្ធរួម រ៉ុក្កែតជាច្រើនគ្រាប់ និងថ្មីៗនេះ កាំភ្លើងប្រឆាំងយន្តហោះចំនួន ១២៥ ដើម។
 
«យើងក៏បានផ្តល់គ្រាប់រំសេវជាង ១ សែន គ្រាប់ផងដែរ ចាប់តាំងពីខែកុម្ភៈ ជាមួយនឹងការចែកចាយដោយផ្ទាល់ទៅនឹងប្រតិបត្តិការជោគជ័យ ដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែនមកវិញ»។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់បែបនេះ។  
 
តាមវិទ្យាស្ថាន Kiel Institute for the World Economy ដែលជាក្រុមតាមដានការគាំទ្រអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពាននៅថ្ងៃទី ២៤ ខែកុម្ភៈមក អង់គ្លេសបា​នសន្យាផ្តល់ជំនួយចំនួ​ន ៧​,៤៣ ​ពាន់លានដុល្លារ ហើយអង់គ្លេសជាប្រទេសម្ចាស់ជំនួយធំបំផុតទីពីររបស់អ៊ុយក្រែន បន្ទាប់ពីអាម៉េរិក៕
 

Tag:
 អង់គ្លេស
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com