អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ស្នើអាវុធបន្ថែមពីមេដឹកនាំអឺរ៉ុប ដើម្បីទប់រុស្ស៊ី
20, Dec 2022 , 9:36 am        
រូបភាព
កិច្ចប្រជុំកងកម្លាំងបេសកកម្មរួម (JEF)។ រូបភាព៖ Reuters
កិច្ចប្រជុំកងកម្លាំងបេសកកម្មរួម (JEF)។ រូបភាព៖ Reuters
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៩ ខែធ្នូ បានស្នើអាវុធ រថក្រោះ និងប្រព័ន្ធការពារអាកាសបន្ថែមពីមេដឹកនាំអឺរ៉ុប ដើម្បីទប់ជាមួយរុស្ស៊ី ខណៈសង្រ្គាមជិតឈានចូលខែទី១០។

 
សល់តែប៉ុន្មានថ្ងៃទៀតសង្រ្គាមនៅអ៊ុយក្រែន បានឈានចូលខែទី១០ហើយ ដោយរុស្ស៊ីនៅតែបន្តវាយប្រហារ ដើម្បីសម្រេចតាមគោលដៅដែលខ្លួនបានកំណត់ទុក។ ស្របពេលនេះ ក្រុមប្រទេសអឺរ៉ុប ដែលដឹកនាំដោយអង់គ្លេស បានជួបគ្នានៅឡេតូនី ដើម្បីជជែកពីការឈ្លានពានរបស់រុស្ស៊ី។ 
 
ក្នុងកិច្ចប្រជុំកងកម្លាំងបេសកកម្មរួម (JEF) ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើអាវុធ រថក្រោះ និងប្រព័ន្ធការពារអាកាសបន្ថែមពីក្រុមប្រទេសអឺរ៉ុបទាំងនោះ។ កងកម្លាំងបេសកកម្មរួម មានសមាជិកដូចជា អង់គ្លេស ឡេតូនី ហ្វាំងឡង់ ដាណឺម៉ាក អេស្តូនី អ៊ីស្លង់ លីទុយអានី ហូឡង់ ន័រវែស និងស៊ុយអែត។ 
 
«មានរឿងជាច្រើន ពឹងផ្អែកលើអ្នក ថាតើសង្រ្គាមនេះនឹងបញ្ចប់ដោយរបៀបណា។ បើកម្លាំងការពាររបស់យើងកាន់តែរឺងមាំ ការឈ្លានពានរបស់រុស្ស៊ីនឹងបរាជ័យកាន់តែឆាប់រហ័ស»។ លោក ហ្សេលេនស្គី បានបញ្ជាក់បែបនេះនៅក្នុងប្រព័ន្ធវីដេអូ ទៅកាន់មេដឹកនាំអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
នៅចំពោះមុខមេដឹកនាំអឺរ៉ុប លោកប្រធានាធិបតី បានលើកឡើងថា អ៊ុយក្រែនសុំស្នើឱ្យបង្កើនប្រព័ន្ធការពារបន្ថែម រួមទាំងពន្លឿនការសម្រេចចិត្តរបស់ប្រទេសជាដៃគូផ្សេងទៀត។ មេដឹកនាំរូបនេះ បានបន្ថែមថា ដើម្បីឱ្យប្រតិបត្តិការការពារទទួលបានជោគជ័យខ្លាំង អ៊ុយក្រែនត្រូវការរថយន្តពាសដែក ជាពិសេសរថក្រោះ។ 
 
ក្រោយកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីអង់គ្លេស បានប្រាប់អ្នកសារព័ត៌មានថា ជំនួបកងកម្លាំងបេសកកម្មរួម ធ្វើឡើងក្នុងគោលបំណងផ្តោតពីរបៀបយ៉ាងណា ដែលប្រទេសអឺរ៉ុបជួយអ៊ុយក្រែនឱ្យបានល្អបំផុត។ ចំណែកប្រធានាធិបតី លីទុយអានី លោក Gitanas Nauseda បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសអឺរ៉ុបគ្មានពេលគ្រប់គ្រានសម្រាប់ការពិភាក្សាការស្នើសុំជាលម្អិតពីសំណាក់អ៊ុយក្រែនឡើយ៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com