អន្តរជាតិ
អ៊ីតាលី ចង់បានសិទ្ធិស្មើគ្នាក្នុងគម្រោងអភិវឌ្ឍយន្តហោះចម្បាំងជាមួយអង់គ្លេសនិងជប៉ុន
20, Dec 2022 , 10:39 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអ៊ីតាលី Guido Crosetto ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអ៊ីតាលី Guido Crosetto ។ រូបថត AFP
រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី Guido Crosetto លើកឡើងនៅថ្ងៃទី១៩ ខែធ្នូថា អ៊ីតាលីត្រូវតែទទួល​បាន​តួនាទីស្មើគ្នាក្នុងភាពជាដៃគូជាមួយអង់គ្លេស​និងជប៉ុនក្នុងគម្រោងបង្កើតយន្តហោះចម្បាំងរវាងប្រទេស​ទាំងបី។

 
នៅដើមខែធ្នូ អ៊ីតាលី អង់គ្លេស​ និងជប៉ុន ប្រកាសកម្មវិធីប្រយុទ្ធតាមអាកាសជាសកល (GCAP) ដែលគ្រោងអភិវឌ្ឍយន្តហោះជំនាន់ក្រោយ ដោយរួមបញ្ចូលគម្រោងអភិវឌ្ឍយន្តហោះ Tempest របស់​អង់គ្លេស​ និងកម្មវិធី F-X របស់ជប៉ុន។ ភាពជាដៃគូនេះកើតឡើងខណៈដែលបារាំង​ អាល្លឺម៉ង់ និង​អេស្ប៉ាញក៏សហការគ្នាក្នុងផែនការមួយផ្សេងទៀតដែលនឹងបង្កើតយន្តហោះចម្បាំង​ក្នុងគោល​បំណង​ពង្រឹងសន្តិសុខអឺរ៉ុបខណៈរុស្ស៊ីបន្តឈ្លានពានអ៊ុយក្រែន។
 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters​ នៅថ្ងៃទី១៩ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី Crosetto និយាយថា ទីក្រុងរ៉ូមនឹងសម្រេចចិត្តចុងក្រោយអំពីចំនួនថវិ​កាដែលត្រូវ​វិនិយោគ​នៅ​ក្នុង​គម្រោងបីប្រទេសនេះដែលនឹងទឹកប្រាក់រាប់ពាន់លានដុល្លារ​បន្ទាប់ពីព័ត៌មានលម្អិតបន្ថែម​ត្រូវ​បាន​កំណត់រួចរាល់។
 
«អ៊ីតាលីអាចបន្តក្នុងដំណើរនេះប្រសិនជាខ្លួនមានទម្ងន់ដូចជប៉ុន​ និងអង់គ្លេសលើផ្នែកបច្ចេកវិទ្យា សិក្សាស្រាវជ្រាវ និងលទ្ធផល»។ លោក Crosetto លើកឡើងបែបនេះរួចបន្តថា លោកចង់បានការ​បែង​ចែក៣៣ភាគរយចំពោះប្រទេសនីមួយៗក្នុងគម្រោងមួយនេះ។
 
ក្រុមហ៊ុន BAE Systems PLC របស់ចក្រភពអង់គ្លេស ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi របស់ជប៉ុន និងក្រុមហ៊ុន Leonardo នឹងដឹកនាំការរចនាយន្តហោះនេះ ខណៈមាន​ក្រុមហ៊ុន​ផលិត​មីស៊ីលអឺរ៉ុប MBDA និងក្រុមហ៊ុនផ្សេងទៀតចូលរួមផងដែរ។ លោក Crosetto បាននិយាយដែរថា មិនគួរ​មានការរារាំងការរួមកម្លាំងជាមួយកម្មវិធីអឺរ៉ុបនោះទេ ហើយ GCAP ក៏គួរតែមានគោល​បំណង​ស្វែងរ​ក​ដៃគូថ្មីៗជាពិសេសនៅក្នុងទ្វីបអឺរ៉ុប៕
 
 

Tag:
 អ៊ីតាលី
  អង់គ្លេស
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com