ជាតិ
អាជ្ញាធរបានផ្ដល់អត្តសញ្ញាប័ណ្ណទុតិយតា ជាង៤០ម៉ឺនសន្លឹក ដល់ពលរដ្ឋ
20, Dec 2022 , 9:59 pm        
រូបភាព
អត្តសញ្ញាណប័ណ្ណខ្មែរ។ រូបពី ហ្វេសប៊ុកលោក សាយ ម៉េងឈាង។
អត្តសញ្ញាណប័ណ្ណខ្មែរ។ រូបពី ហ្វេសប៊ុកលោក សាយ ម៉េងឈាង។
ភ្នំពេញ៖ អាជ្ញាធរបានធ្វើអត្តសញ្ញាណប័ណ្ណជូនដល់ពលរដ្ឋ ដែលមានអត្តសញ្ញាប័ណ្ណផុតសពលភាពទូទាំងប្រទេស ជាង៤០ម៉ឺនសន្លឹក លើផែនការជាង ១.៧លាន។ ។ លោក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃម អះអាងថា ក្រុមមន្ត្រីជំនាញកំពុងបន្តចុះអត្តសញ្ញាណប័ណ្ណ ដល់ពលរដ្ឋបន្ថែមទៀត។

 
យុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ដល់ពលរដ្ឋចាប់ផ្តើមពីពាក់កណ្តាលខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ដល់១៥កក្កដា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២០ ធ្នូនេះ អត្តសញ្ញាណប័ណ្ណទុតិយតាជាង៤០ម៉ឺនសន្លឹក បានប្រគល់ឲ្យពលរដ្ឋ។
 

លោក សាយ ម៉េងឈាង អគ្គនាយករងនៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ រូបពី ហ្វេសប៊ុក លោក ម៉េងឈាង
 
ទាក់ទិននឹង ដំណើរការនៃយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ លោក ម៉េង ឈាង បានសម្គាល់ឃើញបញ្ហាប្រឈមមួយចំនួន ដូចជាការខ្វះកិច្ចសហការពីពលរដ្ឋ ដោយសារពលរដ្ឋខ្លះ ចាកចេញពីមូលដ្ឋានជាដើម។ 
 
យ៉ាងណាក្ដី ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានព្យាយាមផ្ដល់ភាពងាយស្រួលឲ្យពលរដ្ឋគ្រប់រូប បានធ្វើអត្តសញ្ញាប័ណ្ណ។ អគ្គនាយករងនៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម យ៉ាងលម្អិតថា យុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ប្រព្រឹត្តទៅតាមខ្នងផ្ទះ តាមភូមិ និងគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ 
 
ជាមួយគ្នានេះ ក្រុមការងារ ក៏បានបន្ថែមម៉ោងបំពេញការងារទាំងថ្ងៃចុងសប្ដាហ៍ តាមទីតាំងមួយចំនួន ដើម្បីឲ្យពលរដ្ឋបានធ្វើអត្តសញ្ញាប័ណ្ណ។ ក្រៅពីនេះ ក្រុមការងារជំនាញបានកែសម្រួលបែបបទ នីតិវិធីមួយចំនួន ដោយពុំតម្រូវយកឯកសារយោងបន្ថែម ក្នុងករណីផុតសុពលភាពជាដើម។ នេះបើតាមលោក ម៉េង ឈាង។
 
លោក ម៉េងឈាង បានអំពាវនាវដល់ពលរដ្ឋយ៉ាងដូច្នេះ៖ «សូមអញ្ជើញមកចូលរួមបំពេញបែបបទ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរឲ្យបានគ្រប់ៗគ្នា ដើម្បីទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងពិសេសសម្រាប់ការបោះឆ្នោតនាពេលខាងមុខ»។ 
 
ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារទទួលខុសត្រូវ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណទុតិយតា។ លោក ម៉េងឈាង ក៏អំពាវនាវដល់មន្រីជំនាញឲ្យបន្តប្រឹងប្រែងធ្វើអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ ។ ជាបិសេសត្រូវជំរុញការផ្សព្វផ្សាយពីការធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យបានទូលំទូលាយថែមទៀត។ បើតាមលោក ម៉េងឈាង ជាផែនការកំណត់ គ្រោងធ្វើអត្តសញ្ញាណបណ្ណជាង ១.៧លានសន្លឹក៕ 
 

Tag:
 អត្តសញ្ញាប័ណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com