កាលពីសប្តាហ៍កន្លងទៅនេះ គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប សហការជាមួយមូលនិធិម៉េងលី ជេ.គួច និងបណ្ណាល័យ ម៉េងលី ជេ. គួច បានឧបត្ថម្ភបណ្ណាល័យដ៏ស្រស់ស្អាត និងសម្ភារៈសិក្សាដល់សាលាសហមន៍ត្នោតជ្រុំ ស្ថិតនៅភូមិតត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
បើតាមលោក សែម សំអាន ប្រធានគ្រប់គ្រងកម្មវិធី នៃមូលនិធិ ម៉េងលី ជេ. គួច បានលើកឡើងថា សកម្មភាពសប្បុរសធម៌នេះ អាចប្រព្រឹត្តទៅបាន ក្រោមការសហការយ៉ាងពេញទំហឹងជាមួយមូលនិធិ ម៉េងលី ជេ. គួច, បណ្ណាល័យ ម៉េងលី ជេ. គួច, ក្រុមយុវសិស្សស្ម័គ្រចិត្តជួយគាំទ្រការងារបណ្ណាល័យ ម៉េងលី ជេ. គួច ព្រមទាំងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដែលបានចំណាយកញ្ចប់ថវិកាជាង៤ពាន់ដុល្លារ។
លោក សែម សំអាន បញ្ជាក់ប្រាប់យ៉ាងដូច្នេះ៖ «ក្នុងកម្មវិធីសប្បុរសធម៌នេះ យើងទទួលបានថវិកាមួយចំនួនពីមហាជន ព្រមទាំងការចូលរួមពីសិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយយើងបានឧបត្ថម្ភថវិកាសម្រាប់កែលម្អបន្ទប់ បណ្ណាល័យចំនួន១ ធ្នើរដាក់សៀវភៅចំនួន៣ធ្នើរ សៀវភៅអានចំនួន៨២០ក្បាល និងសម្ភារសិក្សាចំនួន២៥០កញ្ចប់ ជូនដល់សាលាសហមន៍ត្នោតជ្រុំ ស្ថិតនៅភូមិតត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប គិតជាថវិកាសរុបចំនួន ៤,១៧៨ ដុល្លារអាមេរិក។»
ទន្ទឹមនឹងនោះ លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានលើកឡើងថា ការចូលរួមកម្មវិធីសប្បុរសធម៌ ការចូលរួមក្នុងសង្គមរបស់សិស្សានុសិស្ស គឺជាការរួមចំណែកដ៏សារៈសំខាន់សម្រាប់ប្រទេសរបស់ពួកគេ អ្វីដែលពិសេសគឺការចេះចែករំលែក។
លោក ឡាយ សុភា បានលើកឡើងថា «អ្វីដែលយើងធ្វើរាល់ថ្ងៃនេះ គឺយើងព្យាយាមផ្តល់ជាបទពិសោធផ្ទាល់ៗដល់ប្អូន បទពិសោធក្នុងជីវិត ក្នុងការរស់នៅសហគមន៍មួយយើងចូលរួមរបៀបណា ដើម្បីធ្វើឱ្យសហគមន៍យើងរីកចម្រើន និងដើម្បីឱ្យសិស្សស្វែងយល់ពីការសហការណ៍ជាមួយមិត្តរួមថ្នាក់របៀបម៉េចក្នុងការរៀបចំកម្មវិធីចឹងៗ ហើយនេះជាបំណិនជីវិតមិនអាចកាត់ថ្លៃបានសម្រាប់ការរស់នៅរបស់ប្អូនៗទៅថ្ងៃមុខ ក៏ដូចជារួមគ្នាដើម្បីសប្បុរសធម៌នឹងនាំមកនូវអនាគតល្អសម្រាប់យុវជនជំនាន់ក្រោយ។»
ជាមួយនឹងគ្នានេះ លោក ហេង ចន្នីរ័ត្ន គ្រូបង្រៀនភាសាអង់គ្លេសសាខាសៀមរាប និងជាអ្នកខ្នះខ្នែងក្នុងកម្មវិធីនេះ បានឱ្យដឹងផងដែរថា ស្នាមញញឹម និងក្តីសង្ឃឹមរបស់កុមារទាំងអស់នៅក្នុងសហគមន៍ត្នោតជ្រុំ ពិតជាស្រស់ស្អាត និងពោរពេញដោយសុភមង្គលបន្ទាប់ពីពួកគេទទួលបានសម្ភារៈសិក្សា និងបណ្ណាល័យដ៏ស្រស់ស្អាត អមដោយសៀវភៅដ៏ច្រើនសម្បូរបែប។
លោក បន្តថា នេះជាការខិតខំមួយចំណែកធំពីសំណាក់សិស្សានុសិស្ស ដោយពួកគេពិតជាបានស្វះស្វែងក្នុងការរកចំណូលតាមរយៈកម្មវិធីផ្សេងៗរបស់សាលា ហើយធ្វើឱ្យសហគមន៍នេះមានស្នាមញញឹមឡើង។
គ្រូផ្នែកភាសាអង់គ្លេសរូបនេះ បានប្រាប់ថា «ខ្ញុំពិតជាមានមោទន ភាពមែនទែនចំពោះការចូលរួមរបស់សិស្សានុសិស្សរបស់យើងដែលគាត់មានទឹកចិត្តចង់ជួយទឹកចិត្តសប្បុរសធម៌ ព្រោះគាត់បានធ្វើគ្រប់កម្មវិធីដូចជាកាត់លក់នំនែក ចំណីអាហារ និងភេសជ្ជៈ នៅពេលកម្មវិធីHalloween ហ្នឹងគឺគាត់គូរមុខ ការបញ្ជាំងភាពយន្តផ្សេងៗ ដើម្បីប្រមូលថវិកាយកទៅជួយសហគមន៍មួយនេះ។»
យុវសិស្ស អ៊ឹង សង្ឃរា ប្រធានក្រុមយុវសិស្សស្ម័គ្រចិត្តជួយគាំទ្រការងារបណ្ណាល័យ ម៉េងលី ជេ. គួច ប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ច ម៉េងលី ជេ. គួច លើកកម្ពស់ការងារបណ្ណាល័យ លើកទី៤ ទៅកាន់ខេត្តសៀមរាប ទទួលបានជោគជ័យដូចអ្វីដែលបានគ្រោងទុក គឺបានចុះទៅកាន់ ៤ខេត្តរួមមានកំពត កែប ក្រចេះ និងសៀមរាបជាគោលដៅចុងក្រោយ។ សង្ឃរា បន្តថា សាលាសហគមន៍នេះកាលដើមឡើយ ពុំមានបណ្ណាល័យសម្រាប់សិស្សានុសិស្សរៀនសូត្រនោះទេ ពោលគឺមានតែគ្រោងឆ្អឹងប៉ុណ្ណោះ ខណៈសម្ភារៈសិក្សារបស់សិស្សានុសិស្សក៏ជួបការលំបាកច្រើនផងដែរ។
ប្រធានក្រុមយុវសិស្សស្ម័គ្រចិត្ត និងជាយុវជនដែលខ្នះខ្នែងក្នុងកម្មវិធីនេះ បាននិយាយថា «ក្នុងដំណើរទស្សនកិច្ចទាំង៤លើកនេះ យើងខ្ញុំបានជួយដល់សាលារៀន៤ ក្នុងនោះមានសាលារដ្ឋ ២ សាលាអង្គការ/សហគមន៍ ២ បានបរិច្ចាគសៀវភៅ ២០៤០ ក្បាល ជួយដល់សិស្សជាង ១០០០ នាក់ ក្នុងនោះមានកុមារក្រីក្រភាគច្រើន មានជនពិការ មានជនជាតិភាគតិចស្ទៀង ២៩១ នាក់ បានបរិច្ចាគ បណ្ណាល័យមួយ បានកែលម្អបណ្ណាល័យមួយ ហើយបាននាំយកនូវកម្មវិធី បណ្ណាល័យចល័ត និងសិក្ខាសាលាផងដែរ ដែលការចំណាយទាំងអស់មានចំនួន ១១ ០០០ ដុល្លារអាមេរិក៕»