ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែក អក្ខរកម្មឌីជីថលដល់សិស្សានុសិស្សវិទ្យាល័យសរុបចំនួន ១០៨០ នាក់ នៅក្នុងខេត្តចំនួនបី គឺខេត្តកំពង់ធំ កំពង់ចាម និងកំពង់ឆ្នាំង។
កម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថលមួយនេះ បានចាប់ដំណើរការពីខែមិថុនាដល់ខែតុលា ឆ្នាំ ២០២២ ដោយមានគោលបំណង បណ្តុះបណ្តាលសិស្សវិទ្យាល័យអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើអ៊ីនធឺណិត រួមមានការប្រឆាំងនឹង ការគំរាមកំហែងប្រចាំថ្ងៃ ដូចជាការលួចពត៌មាន ការឆ្លងមេរោគក្នុងកម្មវិធីប្រើប្រាស់ និងការឆបោកតាមប្រព័ន្ធអនឡាញជាដើម។ ក្នុងនោះផងដែរគម្រោងក៏បានបង្រៀនអំពីការប្រើប្រាស់អ៊ិនធឺណិតក្នុងការស្វែងរកឯកសារ និងប្រភពពត៌មាន ដែលអាចជឿទុកចិត្តបានផងដែរ។
គម្រោងទាំងមូល បានរៀបចំនូវសិក្ខាសាលាសរុបចំនួន៣ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមមានសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលដំបូងបង្អស់នៅក្នុងខេត្តកំពង់ធំកាលពីខែមិថុនា សិក្ខាសាលាបន្ទាប់នៅខេត្តកំពង់ចាមក្នុងខែសីហា និងសិក្ខាសាលានៅខេត្តកំពង់ឆ្នាំងក្នុងខែតុលា ក្នុងឆ្នាំ២០២២នេះ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «អក្ខរកម្មឌីជីថល និងសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គមបច្ចុប្បន្ន ព្រោះយើងទាំងអស់គ្នាចំណាយពេលច្រើនលើអ៊ីនធឺណិត ហើយក៏ពឹងផ្អែកខ្លាំងលើសេវាបណ្តាញអ៊ីនធឺណែតផងដែរ។ Smart Axiata ពិតជាមានមោទនភាព ដែលអាចចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា និងចូលរួមការពារយុវជន ក៏ដូចជាប្រជាជនកម្ពុជាបន្ថែមទៀតតាម រយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ដើម្បីចូលរួមធានាថាយុវជនកម្ពុជាអាចប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។»
ឯកឧត្តម សិរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «តាមរយៈការចូលរួមរបស់វិទ្យាល័យនានាក្នុងខេត្តទាំងបី ដែលរួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង យើងសង្ឃឹមថានឹងចូលរួមចំណែកជំរុញការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងចីរភាព ដើម្បីឈានទៅដល់ការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលជួយឲ្យយុវជនកម្ពុជាឈានមុខគេក្នុងការអភិវឌ្ឍន៍ឌីជីថល ដោយផ្អែកលើគោលនយោបាយឌីជីថលឆ្នាំ ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេស។»
បន្ទាប់ពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាលយ៉ាងសកម្ម សិស្សានុសិស្សក៏បានចូលរួមក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំស្តីពីអក្ខរកម្មឌីជីថល ក្រោមប្រធានបទ «ចំណេះដឹងឌីជីថល និងសុវត្ថិភាពអនឡាញ» ។ ជ័យលាភីលេខមួយបានទៅលើសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ដែលផ្តោតសំខាន់ទៅលើ «ការចែករំលែកព័ត៌មានមិនច្បាស់លាស់» និងចំណាត់ថ្នាក់លេខពីរ ដែលផ្តោតសំខាន់ទៅលើ «ការបង្កើតពាក្យសម្ងាត់ដែលរឹងមាំសម្រាប់គណនីនៃបណ្តាញសង្គម» បានទៅលើសិស្សានុសិស្សពីវិទ្យាល័យកំពង់ធំ ខណៈដែលចំណាត់ថ្នាក់លេខបី បានទៅសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែន រលាប្អៀរ ដែលផ្តោតសំខាន់ទៅលើ «ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត»។
ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១ និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
អត្ថបទពាណិជ្ជកម្ម