ជាតិ
ប្រធានអង្គការWWF អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ សកម្មភាពនេសាទនៅតំបន់ផ្សោតរស់នៅ
23, Dec 2022 , 9:59 pm        
រូបភាព
ផ្សោតញី ស្លាប់ដោយសារជាប់មង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។ រូបភាពដោយអង្គការWWF
ផ្សោតញី ស្លាប់ដោយសារជាប់មង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។ រូបភាពដោយអង្គការWWF
ដោយ:
ភ្នំពេញ៖ សត្វផ្សោតញីមួយក្បាលទៀតត្រូវបានគេប្រទះឃើញស្លាប់ដោយជាប់មង នៅក្នុងឃុំកោះទ្រុង ខេត្តក្រចេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ នេះជាផ្សោតទី១០ដែលបានស្លាប់ បន្ទាប់ពីការស្លាប់របស់ផ្សោតទី៩ ត្រឹមរយៈពេលប្រាំថ្ងៃប៉ុណ្ណោះ។ លោក សេង ទៀក ប្រធានអង្គការWWFប្រចាំកម្ពុជា អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពនេសាទខុសច្បាប់នៅតំបន់ផ្សោតរស់នៅ។​



លោក សេង ទៀក ប្រធានអង្គការWWFប្រចាំកម្ពុជា មានប្រសាសន៍ថា ដំណឹងនៃការបាត់បង់ផ្សោតជាបន្តបន្ទាប់ថ្មីៗនេះ បានក្លាយជាក្តីបារម្ភកាន់តែខ្លាំង ក្នុងកិច្ចការពារនិងអភិរក្សប្រភេទផ្សោតនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមការងារ WWF រួមគ្នាជាមួយមន្ត្រីពាក់ព័ន្ធ កំពុងរៀបចំបន្ថែមសកម្មភាពល្បាតនៅពេលយប់ នៅក្នុងតំបន់ការពារសត្វផ្សោត និងត្រីមេពូជ។
  

លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំនៅកម្ពុជា
 
ប្រធានអង្គការWWFប្រចាំកម្ពុជា សង្កត់ធ្ងន់ថា៖ «ចំណុចសំខាន់ត្រូវដោះស្រាយបន្ទាន់នោះ គឺពង្រឹងការអនុវត្តច្បាប់ឱ្យបានខ្លាំងក្លា ជាពិសេសពេលយប់ និងបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ជាបន្ទាប់ ទើបអាចការពារ និងរក្សាជីវិតសត្វផ្សោត និងត្រីមេពូជ នៅក្នុងទន្លេមេគង្គ»។
 
រយៈពេល៥ថ្ងៃប៉ុណ្ណោះ សត្វផ្សោតពេញវ័យចំនួនពីរក្បាលបានបាត់បង់ជីវិតដោយសារការជាប់មងនៅក្នុងទន្លេមេគង្គខេត្តក្រចេះ។ ផ្សោតទី៩ ភេទឈ្មោលបានស្លាប់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ផ្សោតទី១០ ភេទញីបាន​ស្លាប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ។
 
បើតាម​ប្រធានអង្គការខាងលើ នៅក្នុងអំឡុងខែធ្នូ ដល់ខែមេសា ជារដូវទឹកស្រកខ្លាំង ជាហេតុធ្វើឱ្យសត្វផ្សោតត្រូវទៅប្រមូលផ្ដុំគ្នានៅតាមអន្លង់នានា ទាំងនេះជាកត្តាហានិភ័យខ្ពស់បំផុត ប្រសិនបើសម្ពាធកាន់តែខ្ពស់ពីការនេសាទខុសច្បាប់នៅតំបន់ផ្សោត និងត្រីមេពូជរស់នៅ។ លោក សេង ទៀក បានអំពាវនាវពលរដ្ឋ និងអ្នកពាក់ព័ន្ធគ្រប់ភាគីដែលរស់នៅតាមទន្លេមេគង្គ ពិសេសនៅតំបន់ផ្សោតរស់នៅត្រូវចូលរួមថែរក្សា និងអភិរក្សសត្វផ្សោត និងត្រីពូជ ឱ្យបានគង់វង់ ដើម្បីអាចរក្សានូវកេរដំណែលពីដូចតា។


ផ្សោតញី ស្លាប់ដោយសារជាប់មង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។ រូបភាពដោយអង្គការWWF

«សម្បត្តិធម្មជាតិសត្វផ្សោតនេះ មានតម្លៃប្រហាក់ប្រហែលប្រាង្គប្រាសាទដែរ ក្នុងនាមយើងគ្រប់គ្នាជាពលរដ្ឋខ្មែរ គួរចូលរក្សា ដើម្បីទុកបម្រើដល់វិស័យទេសចរណ៍នាពេលអនាគត។ ពិសេសគួរបញ្ឈប់ជាបន្ទាន់នៅការប្រើឧបករណ៍នេសាទខុសច្បាប់»។ នេះជាការលើកឡើងរបស់លោក សេង ទៀក។
 
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ នៅក្នុងឆ្នាំ ២០២០ ការសិក្សាស្ថានភាពចំនួនសត្វផ្សោតដោយរដ្ឋបាលជលផល និងអង្គការ WWF បានប៉ាន់ប្រមាណថា មានចំនួនត្រឹមចំនួន ៨៩ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គក្នុងប្រទេសកម្ពុជា៕
 

ផ្សោតញី ស្លាប់ដោយសារជាប់មង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។ រូបភាពដោយអង្គការWWF


 ផ្សោតញី ស្លាប់ដោយសារជាប់មង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។ រូបភាពដោយអង្គការWWF


Tag:
 ផ្សោត
  ងាប់
  ក្រចេះ
  ជាប់មង
© រក្សាសិទ្ធិដោយ thmeythmey.com