ជាតិ
បាក់ឌុប
បាក់ឌុប៖ ​ភ្នំពេញមាននិទ្ទេស A ច្រើនជាងគេ បន្ទាប់មកសៀមរាប, កណ្តាល, កំពង់ចាម និងតាកែវ
24, Dec 2022 , 4:29 pm        
រូបភាព
ដោយ: រួបរួម
លទ្ធផល​នៃការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ សម័យ​ប្រឡង​ ៥ធ្នូ ២០២២ បង្ហាញថា បេក្ខជន៩០ ៩៥០នាក់ ត្រូវជា ៧២,៣៣ភាគរយ បាន​ប្រឡង​ជាប់ ដោយក្នុងនោះនិទ្ទេស A មាន​១០៤៩នាក់ និទ្ទេស B មាន​៧២៣២នាក់ និទ្ទេស C មាន​១៩ ០៥៣នាក់ និទ្ទេស D មាន ៣១ ១៦៦នាក់ និងនិទ្ទេស E មាន ៣២ ៤៥០នាក់។

 
ទាក់ទងនឹង​សិស្ស​​និទ្ទេស A សារព័ត៌មាន​ថ្មីៗ បាន​ដក​ស្រង់ និង​បូកសរុប​ដោយ​ផ្អែក​តាម​របាយការណ៍​មន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាមន្ទីរព័ត៌មាន​រាជធានីខេត្ត។ លទ្ធផល​បាន​បង្ហាញថា រាជធានីភ្នំពេញ នាំមុខ​ដាច់គេ​លើ​តារាង​បញ្ជី​សិស្សនិទ្ទេស A ដូចជា​ជា​រៀង​រាល់ឆ្នាំ​។
 
នៅ​ឆ្នាំនេះ រាជធានីភ្នំពេញ មាន​និទ្ទេស A ចំនួន​២៦៨នាក់។ ខេត្ត​សៀមរាប មាននិទ្ទេស A ចំនួន​១១១នាក់ និងខេត្ត​​កណ្តាល មាននិទ្ទេស A ចំនួន​១០៤នាក់ ដោយខេត្ត​ទាំងពីរ​​បន្ត​រក្សា​ចំណាត់ថ្នាក់​លេខ​២ និង​លេខ៣ ដូចកាលពីឆ្នាំ២០២១។
 
កំពង់ចាម ស្ថិតនៅ​លំដាប់ទី៤ លើតារាងចំណាត់ថ្នាក់និទ្ទេស A ដោយមាន​៧៣នាក់ បន្ទាប់​មក គឺ​តាកែវមាន​ ៦៩នាក់, ព្រៃវែងមាន ៦១នាក់, បាត់ដំបងមាន ៥៤នាក់, បន្ទាយមានជ័យមាន ៤៩នាក់, កំពតមាន ៣៦នាក់, ត្បូងឃ្មុំមាន ២៩នាក់​ និង​ក្រចេះមាន​២៩នាក់។
 
បណ្តា​ខេត្ត​ផ្សេងទៀត​ដែល​មាន​និទ្ទេស A ពីរខ្ទង់​ រួមមាន កំពង់ឆ្នាំងមាន២៧នាក់, កំពង់ធំមាន​២៦នាក់, ពោធិ៍សាត់មាន​២៥នាក់, កំពង់ស្ពឺមាន​២២នាក់, ព្រះសីហនុ មាន​២១នាក់ និង​ស្វាយរៀងមាន​ចំនួន​១៧នាក់។
 
៨​ខេត្ត​ទៀត មានអ្នកជាប់និទ្ទេស A ក្រោម​១០នាក់ ដែល​ក្នុងនោះមាន ឧត្តរមានជ័យមាន​៦នាក់, កោះកុង​មាន​៥នាក់, ព្រះវិហារមាន​ ៤នាក់, រតនគិរីមាន​៤នាក់, ស្ទឹងត្រែងមាន ៣នាក់, មណ្ឌលគិរី មាន៣នាក់, ប៉ៃលិន មាន​២នាក់  និង​កែប ១នាក់។
 
តាម​ការបូក​សរុប​របស់សារព័ត៌មាន​ថ្មីៗ សិស្ស​ស្រី​មាន​ចំនួន៥៥២នាក់​ក្នុង​ចំណោម​បេក្ខជន​សរុប​១០៤៩នាក់ ដែល​ទទួលបាននិទ្ទេស A ឆ្នាំនេះ ពោល​គឺ​លើស​៥០​ភាគរយ។ 
 
រាជធានី-ខេត្តចំនួន​១៤នាក់ សិស្សស្រី​ដែល​ទទួលបាននិទ្ទេស A ច្រើនជាងសិស្សប្រុស ដែល​ក្នុងនោះ​រួមមាន ភ្នំពេញ, សៀមរាប, កំពង់ចាម, ព្រៃវែង, បន្ទាយមានជ័យ, ត្បូងឃ្មុំ, ក្រចេះ, កំពង់ធំ, ពោធិ៍សាត់, កំពង់ស្ពឺ, ព្រះសីហនុ, ឧត្តរមានជ័យ, ព្រះវិហារ និង​ស្ទឹងត្រែង។
 
ខេត្តកណ្តាល, តាកែវ, បាត់ដំបង, កំពង់ឆ្នាំង, ស្វាយ​រៀង និង​កោះកុង ស្ថិតក្នុងចំណោម​ខេត្ត​ដែលមាន​សិស្សប្រុស​បាននិទ្ទេស A ច្រើនជាង​សិស្សស្រី រីឯ​ខេត្ត​កំពតមាន​១៨នាក់ស្មើគ្នា និង​ខេត្ត​រតនគិរី មាន​២នាក់ស្មើគ្នា។ និទ្ទេស A ទាំង៣នាក់នៅមណ្ឌលគិរី និងតែម្នាក់នៅ​កែប គឺជាសិស្សប្រុស រីឯនិទ្ទេស A តែ២នាក់នៅប៉ៃលិន គឺ​ជាសិស្ស​ស្រី៕
 
ភ្នំពេញ ២៦៨នាក់ (ស្រី​១៣៧), សៀមរាប ១១១នាក់ (ស្រី៦១), កណ្តាល ១០៤នាក់ (ស្រី​៤៦), កំពង់ចាម ៧៣នាក់ (ស្រី​៤៤នាក់), តាកែវ ៦៩នាក់ (ស្រី៣៣), ព្រៃវែង ៦១នាក់ (ស្រី​៣៧នាក់), បាត់ដំបង ៥៤នាក់ (ស្រី១៨), បន្ទាយមានជ័យ ៤៩នាក់ (ស្រី​២៥នាក់), កំពត ៣៦នាក់ (ស្រី​១៨នាក់), ត្បូងឃ្មុំ ២៩នាក់ (ស្រី​២១នាក់), ក្រចេះ ២៩នាក់ (ស្រី២០នាក់), កំពង់ឆ្នាំង ២៧នាក់ (ស្រី​១៣នាក់), កំពង់ធំ ២៦នាក់ (១៦នាក់), ពោធិ៍សាត់ ២៥នាក់ (ស្រី​១៣នាក់), កំពង់ស្ពឺ ២២នាក់ (ស្រី១៦), ព្រះសីហនុ ២១នាក់ (ស្រី​១៣នាក់), ស្វាយរៀង ១៧នាក់ (ស្រី​៦), ឧត្តរមានជ័យ ៦នាក់ (ស្រី៥), កោះកុង​ ៥នាក់ (ស្រី​១នាក់), ព្រះវិហារ​ ៤នាក់ (ស្រី​៣នាក់), រតនគិរី ៤នាក់ (ស្រី២), ស្ទឹងត្រែង ៣នាក់ (ស្រី​២នាក់), មណ្ឌលគិរី ៣នាក់, ប៉ៃលិន ២នាក់ (ស្រី​២នាក់), កែប ១នាក់។
 

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com