អន្តរជាតិ
លោក ពូទីន ប្រាប់ក្រុមហ៊ុនឧស្សហកម្មការពារជាតិរុស្ស៊ីឱ្យបង្កើនការផលិតអាវុធសម្រាប់សង្រ្គាមអ៊ុយក្រែន
24, Dec 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២២ ខែធ្នូ ប្រាប់បណ្ដាប្រធានឧស្សាហកម្មការពារជាតិរបស់ររុស្ស៊ីឱ្យបង្កើនសមត្ថភាពផលិតរបស់ពួកគេ ដើម្បីធានាថា កងទ័ពរុស្ស៊ីទទួលបានសព្វាវុធគ្រប់ប្រភេទ រួមទាំងគ្រឿងបរិក្ខារយោធាឱ្យបានឆាប់រហ័សបំផុតតាមតម្រូវការសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន។


ស្របពេលប្រកាសចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនតាមរយៈកិច្ចចរចាការទូត ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏នៅតែបញ្ជាឱ្យក្រុមហ៊ុនឧស្សាហកម្មការពារជាតិពង្រឹងសមត្ថភាព និងបង្កើនការផលិតអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទឱ្យបានឆាប់រហ័សនិងឱ្យបានគ្រប់គ្រាន់សម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។ 
 
«ភារកិច្ចដ៏សំខាន់បំផុតរបស់មជ្ឈមណ្ឌលឧស្សាហកម្មយោធា គឺផ្តល់ឱ្យអង្គភាព និងកងកម្លាំងជួរមុខរបស់យើងគ្រប់យ៉ាងឱ្យតែពួកគេត្រូវការរួមមានដូចជា សព្វាវុធ គ្រឿងបរិក្ខារ គ្រាប់រំសេវ និងឯកសណ្ឋានយោធាក្នុងបរិមាណចាំបាច់ ប្រកបដោយគុណភាពត្រឹមត្រូវឱ្យបានឆាប់រហ័សបំផុត»។ លោក ពូទីន ថ្លែងបែបនេះនាដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលផលិតអាវុធមួយក្នុងទីក្រុង Tula។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំរូបនេះបន្ថែមថា វាក៏មានសារសំខាន់យ៉ាងខ្លាំងផងដែរចំពោះការអភិវឌ្ឍលក្ខណៈបច្ចេកទេសនៃអាវុធឱ្យល្អឥតខ្ចោះ និងពង្រឹងសមត្ថភាពឧបករណ៍សម្រាប់កម្លាំងទ័ពដោយផ្អែកលើបទពិសោធប្រយុទ្ធដែលធ្លាប់មានកន្លងមក។ មិនត្រឹមប៉ុណ្ណោះ លោក ពូទីន បានប្រាប់ប្រធានឧស្សហកម្មការពារជាតិឱ្យបញ្ជូនអ្នកជំនាញទៅធ្វើការដោយផ្ទាល់ជាមួយកងទ័ពជួរមុខដើម្បីកែលម្អអាវុធនិងសម្ភារយោធាផ្សេងៗជាប្រចាំ។ 
 
នៅក្នុងសុន្ទរកថាទៅកាន់ប្រមុខការពារជាតិទីក្រុងមូស្គូ កាលពីថ្ងៃទី២១ ខែធ្នូ លោក ពូទីន បាននិយាយថា រុស្ស៊ីមិនកំណត់ហិរញ្ញវត្ថុលើការផ្គត់ផ្គង់សព្វាវុធសង្គ្រាមឡើយ ហើយសន្យាផ្ដល់ឱ្យកងទ័ពគ្រប់យ៉ាងតាមសេចក្ដីត្រូវការ។ លើសពីនេះ លោកក៏បានប្រាប់ឱ្យកងទ័ពសិក្សា និងកែតម្រូវបញ្ហាដែលបានជួបប្រទះក្នុងសង្គ្រាមអ៊ុយក្រែនកន្លងមក។ 
 
ចាប់តាំងពីកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់បានវាយលុកចូលអ៊ុយក្រែនកាលពីខែកុម្ភៈមកដល់ពេលនេះ រុស្ស៊ីបានបាត់បង់ទឹកដីប្រហែលពាក់កណ្តាលនៃទឹកដីដែលខ្លួនធ្លាប់ដណ្ដើមបានពីដំបូង ព្រមទាំងបានបាត់បង់សព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់។ ម្យ៉ាងវិញទៀត ការកេណ្ឌកងទ័ពបន្ថែមប្រហែល៣០ម៉ឺននាក់មិនបានដំណើរការរលូនតាមផែនការឡើយ។ ទោះយ៉ាងនេះក្ដី លោក ពូទីន នៅតែអះអាងថាទីក្រុងមូស្គូនឹងឈ្នះសង្គ្រាម ដោយខិតខំជំរុញការផលិតសព្វាវុធបន្ថែម៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com