អន្តរជាតិ
អាស៊ាន
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ស្នើអាស៊ានរក្សាជំហរ ក្រោយជំនួបជាមួយប្រមុខការទូតរបបយោធា
24, Dec 2022 , 9:29 pm        
រូបភាព
រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែធ្នូ បានជំរុញអាស៊ានកុំឱ្យបោះបង់គោលនយោបាយរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមេដឹកនាំរបបយោធាចូលរួមការប្រជុំអន្តរជាតិផ្សេងៗ ក្រោយប្រមុខការទូតរបបយោធាមីយ៉ាន់ម៉ាបានចូលរួមកិច្ចប្រជុំមួយស្ដីពីវិបត្តិមីយ៉ាន់ម៉ា ធ្វើឡើងនៅថៃ ជាមួយសមាជិកអាស៊ានមួយចំនួនទៀត។

 
ប្រមុខការទូតថៃ កម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃទី២២ ខែធ្នូ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរបបយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin នៅទីក្រុងបាងកក ដើម្បីស្វែងរកច្រកចេញពីវិបត្តិនៅមីយ៉ាន់ម៉ាដែលបានបង្កហិង្សាលើប្រជាជន និងភាពវឹកវរផ្នែកនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសឥតឈប់ឈរ ចាប់តាំងពីមានរដ្ឋប្រហារយោធា។ 
 
ក្រោយកិច្ចពិភាក្សាថ្នាក់តំបន់ក្រៅផ្លូវការរបស់ថៃបានបញ្ចប់ រដ្ឋាភិបាលរួមរួមជាតិ (NUG) ដែលបង្កើតដោយសមាជិកសភាបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានប្រកាសក្រើនរំលឹកដល់អាស៊ានឱ្យរក្សាគោលជំហរនយោបាយរបស់ខ្លួនដែលមិនរាប់បញ្ជូលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំអន្តរជាតិនានា ពិសេសកិច្ចប្រជុំកំពូល និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ 
 
រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា បានអះអាងថា ខ្លួនសង្ឃឹមថាអាស៊ានអាចបន្តធ្វើតាមជំហរគោលនយោបាយដែលមានកន្លងមក ដើម្បីរក្សាការមិនឱ្យតំណាងមិនមែននយោបាយចូលរួមក្នុងកិច្ចប្រជុំកំពូលនានា រួមទាំងជំនួបរដ្ឋមន្ត្រីការបរទេសជាដើម។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយផ្ដល់ដោយអ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិ Kyaw Zaw។
 
បើតាមក្រសួងការបរទេសកម្ពុជា គោលបំណងនៃកិច្ចប្រជុំក្រៅផ្លូវការនៅថៃ ដើម្បីពិភាក្សាអំពីការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលបានព្រមព្រៀងគ្នារវាងអាស៊ាន និងរបបយោធា។ ចំណុចជាឯកច្ឆន្ទទាំង៥ រួមមានការបញ្ចប់អរិភាព ការអនុញ្ញាតឱ្យប្រើប្រាស់ជំនួយមនុស្សធម៌ និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ជាដើម។ 
 
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Kanchana Patarachok ក៏បានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំនៅថ្ងៃទី២២ ខែធ្នូ ថាកិច្ចប្រជុំរួមបញ្ចូលទាំងឱកាសដើម្បីស្តាប់ពីភាគីមីយ៉ាន់ម៉ា និងដើម្បីផ្លាស់ប្តូរទស្សនៈលើការស្វែងរកយុទ្ធសាស្ត្រចេញ និងរកផ្លូវវិលត្រឡប់ទៅរកភាពប្រក្រតីនៅមីយ៉ាន់ម៉ាវិញ។ 
 
លើសពីនេះ លោកស្រី Kanchana បន្ថែមថាកិច្ចប្រជុំក៏បានផ្តោតលើការសម្របសម្រួលជំនួយមនុស្សធម៌ ព្រមទាំងស្វែងយល់ពីវិធីសាស្រ្តផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច។ ដូច្នេះ ដើម្បីឱ្យវិបត្តិមីយ៉ាន់ម៉ាអាចរកច្រកចេញបាន វាទាមទារឱ្យមានការចូលរួមពីតំណាងមពីរបបយោធា។ យ៉ាងណាមិញ កិច្ចប្រជុំលើកនេះ មិនទទួលបានលទ្ធផលជាក់លាក់ឡើយ។
 
គួរបញ្ជាក់ថា សមាជិកផ្សេងទៀតរបស់អាស៊ានដែលតែងរិះគន់របបយោធាមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរីជាដើម មិនបានចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់ថៃឡើយ ទោះបីជាបានអញ្ជើញក៏ដោយ ហើយក៏មិនបានផ្តល់ហេតុផលដែរ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com